ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ទីបំផុតក្រុមបាល់ទាត់ភ្នំពេញក្រោនការពារតំណែងជើងឯកបានដោយជោគជ័យក្រោយយកឈ្នះក្រុមបឹងកេតដាច់ក្នុងលទ្ធផល៥ទល់០ក្នុងការប្រកួតសន្សំពិន្ទុសប្ដាហ៍ចុងក្រោយនៅល្ងាចថ្ងៃទី០៣ខែធ្នូនេះដើម្បីគ្រងជើងឯកក្របខណ្ឌលីគកំពូលកម្ពុជា(Cambodian Premier League) ឆ្នាំ២០២២ ។


ភ្នំពេញក្រោន ពិតជាធ្វើបានល្អ ដោយបានស៊ុតបំប៉ោងសំណាញ់ទីក្រុមបឹងកេត ៣គ្រាប់មុន នៅវគ្គទី១ ដោយកីឡាករ Yudai Ogawa នៅនាទី១៦, Fareed Sadat នៅនាទី១៨ និងកីឡាករ លឹម ពិសុទ្ធ នៅនាទី៣២ មុនក្រុមម្ចាស់ផ្ទះភ្នំពេញក្រោនបានបន្ថែម ២គ្រាប់ទៀត ដោយកីឡាករ Fareed Sadat នៅនាទី៦៦ និង Valerii Hryshyn នៅនាទី៨៦ លទ្ធផលនេះបានជួយឲ្យក្រុមភ្នំពេញក្រោន គ្រងជើងឯកក្របខណ្ឌ CPL 2022 តែម្ដង ។

ចំពោះក្រុមវិសាខា បានត្រឹមជើងឯករង បន្ទាប់ពីប្រកួតយកឈ្នះព្រះខ័នរាជស្វាយរៀង ១ទល់០ នៅកីឡដ្ឋានខេត្តស្វាយរៀងនាល្ងាចមិញនេះដែរ ។
ក្រុមទាំងពីរបានព្យាយាមវាយសម្រុកគ្នាយ៉ាងខ្លាំងរហូតចុងវគ្គទី១មានការប៉ះទង្គិចគ្នាមួយប្រាវត្រូវបានអាជ្ញាកណ្ដាលពិន័យកាតក្រហមកីឡាករម្ខាងម្នាក់ទៀតផង។យ៉ាងណាក្ដីការព្យាយាមលេង ១០នាក់ ទល់ ១០នាក់លើទីលាន រហូតដល់នាទី៩០+២ ទើបកីឡាករ Paulo Victor ស៊ុតបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះ ១គ្រាប់ ជួយឲ្យវិសាខាទទួលបានជ័យជម្នះតែម្ដង ។
នេះជាលើកទី៨ ហើយ ដែលភ្នំពេញក្រោន បានគ្រងជើងឯកលីគកំពូលកម្ពុជា ។ មុនការប្រកួតវគ្គ Top-4មាន ៤០ពិន្ទុ និងព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាងមាន ៤៦ពិន្ទុ ។
ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុសប្ដាហ៍ទី២៧នៃលីគកំពូលកម្ពុជាគេឃើញក្រុមជើងឯកភ្នំពេញក្រោន គឺរកបាន ៥២ពិន្ទុ គ្រាដែលក្រុមជើងឯករងវិសាខា ក៏រកបាន ៥២ពិន្ទុស្មើគ្នា តែចាញ់ប្រៀបប្រវត្តិជួបគ្នាជាមួយភ្នំពេញក្រោន ។
ក្រុមចំណាត់ថ្នាក់លេខ៣ ក្រុមព្រះខ័នរាជស្វាយរៀង មាន ៤៩ពិន្ទុ និងក្រុមបឹងកេត ទទួលបានត្រឹមចំណាត់ថ្នាក់លេខ៤ ដោយរកបាន ៣៩ពិន្ទុប៉ុណ្ណោះ ៕