ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ រដ្ឋាភិបាលអែលសាល់វ៉ាឌ័របានបញ្ជូនទាហាននិងប៉ូលិស១០.០០០នាក់ទៅបិទខ្ទប់ទីប្រជុំជនមួយនៅជាយរដ្ឋធានីរបស់ខ្លួនដើម្បីតាមប្រម៉ាញ់សមាជិកក្រុមសង្គមងងឹត។
វាជាប្រតិបត្តិការដែលមានការកេណ្ឌកម្លាំងច្រើនបំផុតក្នុងការបង្ក្រាបចំណាស់ប្រាំបួនខែមកនេះរបស់ប្រធានាធិបតី ណាយីប ប៊ូកេឡេ(Nayib Bukele)លើក្រុមជនអន្ធពាលតាមដងវិថីដែលល្បីខាងចាប់ជំរិតប្រាក់ពីអ្នករកស៊ី និងបានធ្វើផ្គរភ្លៀងនៅតាមសង្កាត់ជាយក្រុង សាន់ សាល់វ៉ាឌ័រ (San Salvador)អស់ពេលយូរឆ្នាំមកហើយ។
ទាហានបានបិទផ្លូវចូលនិងចេញពីទីប្រជុំជន សូយ៉ាប៉ានហ្គោ(Soyapango)ដើម្បីពិនិត្យមើលឯកសាររបស់ប្រជាជននៅពេលក្រុមពិសេសបានចូលក្នុងទីប្រជុំជនដើម្បីតាមរកជនសង្ស័យជាសមាជិកក្រុមឧក្រិដ្ឋកម្ម។លោកប៊ូកេឡេ បានសរសេរបង្ហោះក្នុងគណនីទ្វីតធឺរបស់លោកថា «ចាប់ពីពេលឥឡូវ ទីប្រជុំជនសូយ៉ាប៉ានហ្គោត្រូវបានឡោមព័ទ្ធទាំងស្រុង»។
សូមបញ្ជាក់ថា មនុស្សជាង៥៨.០០០នាក់ត្រូវបានចាប់ដាក់គុកចាប់តាំងពីរដ្ឋប្រកាសដាក់ប្រទេសក្នុងស្ថានភាពគ្រាអាសន្នក្រោយមានឃាតកម្មជាបន្តបន្ទាប់កាលពីខែមីនា។ក្រុមសិទ្ធិមនុស្សបានរិះគន់ការប្រមូលចាប់មនុស្សទ្រង់ទ្រាយធំៗ ដោយភាគច្រើនផ្តោតលើពួកយុវជនអាស្រ័យលើការចេញមុខមាត់និងទីកន្លែងដែលពួកគេរស់នៅ។
វាជាផ្នែកមួយនៃអ្វីដែលលោកប៊ូកេឡេ បានហៅកាលពីខែវិច្ឆិកាថា«ការបង្ក្រាបដំណាក់កាលទីប្រាំ»។លោកថា យុទ្ធវិធីដូច្នេះបានអោយលទ្ធផលល្អនៅទីប្រជុំជន កូម៉ាសាហ្កា (Comasagua)អស់ពេលពីរខែមកហើយ។
កាលពីខែតុលា ទាហាននិងប៉ូលីសជាង២.០០០នាក់បានបិទខ្ទប់ទីប្រជុំជនកូម៉ាសាហ្កា ដើម្បីតាមស្វែងរកសមាជិកក្រុមជនអន្ធពាលចំពោះឃាតកម្ម។ដ្រូនត្រូវបានបង្ហោះលើទីប្រជុំជននិងអ្នកដែលចូលឬចាកចេញពីទីប្រជុំជនត្រូវបានពិនិត្យនិងសាកសួរ។ជាលទ្ធផល ជនសង្ស័យប្រមាណ៥០នាក់ត្រូវបានចាប់ខ្លួនក្នុងរយៈពេលពីរថ្ងៃ។
ទាហានក្នុងប្រតិបត្តិការបង្ក្រាបជនពាលនៅទីប្រជុំជន សូយ៉ាប៉ានហ្គោ ប្រទេសអែល សាល់វ៉ាឌ័រ កាលពីថ្ងៃសៅរ៍
A partir de estos momentos, el municipio de Soyapango está totalmente cercado.
8,500 soldados y 1,500 agentes han rodeado la ciudad, mientras los equipos de extracción de la policía y el ejército se encargan de sacar uno a uno a todos los pandilleros que aún se encuentran ahí. pic.twitter.com/9QIpj0ziwX
— Nayib Bukele (@nayibbukele) December 3, 2022
រំលឹកថា លោកប៊ូកេឡេ បានសុំសភាផ្តល់អំណាចពិសេសដល់លោក បន្ទាប់ពីពួកឧក្រិដ្ឋជនសម្លាប់មនុស្ស៦២នាក់កាលពីខែមីនា និងសុំអោយសភាបន្តស្ថានភាពគ្រាអាសន្នមួយខែម្តងចាប់តាំងពីពេលនោះមក។វាផ្អាកសិទ្ធិមានចែងក្នុងរដ្ឋធម្មនុញ្ញនិងផ្តល់អោយប៉ូលិសនូវអំណាចចាប់ខ្លួនជនសង្ស័យដោយមិនចាំបាច់ឆ្លងកាត់នីតិវិធីតុលាការ។
គេប៉ាន់ប្រមាណថា ក្រុមឧក្រិដ្ឋជនជាច្រើននៅអែល សាល់វ៉ាឌ័រមានសមាជិកប្រមាណ៧០.០០០នាក់និងបានគ្រប់គ្រងតំបន់ជាច្រើនក្នុងប្រទេសនេះដោយបានចាប់ជំរិតនិងសម្លាប់មនុស្សអស់ពេលរាប់ឆ្នាំ៕