រ៉ឺម៉ក​ម៉ូតូ​កង់​៣​ឈប់​ចាក់​សាំង ត្រូវ​រថយន្ត​ហ៊ី​ណូ​រេ​ចង្កូត​ក្រឡាប់​សង្កត់ពីលើ​របួស​ធ្ងន់​ស្រាល​បីនាក់​

989
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: យ៉ាងហោចណាស់ ក៏មាន​មនុស្ស​ចំនួន​២​នាក់​ជា​ប្តី​និង​ប្រពន្ធ​បាន​រងរបួស​យ៉ាង​ធ្ងន់ ចំណែក​ម្នាក់ទៀត​បានរ​ង​របួសស្រាល ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង ខណៈពេលដែល​រ៉ឺម៉ក​ម៉ូតូ​កង់​៣​បាន​ឈប់​ចាក់​សាំង​នៅតាម​ចិញ្ចើមផ្លូវ ស្រាប់តែ​រថយន្ត​ម៉ាក​ហ៊ី​ណូ ពណ៌​ស មួយគ្រឿង​បាន​បើក​រេ​ចង្កូត​ហើយ​ក្រឡាប់​សង្កត់ពីលើ​រ៉ឺម៉ក​ម៉ូតូ​នោះ​តែម្តង​។ ក្រោយពី​កើតហេតុ​អ្នកបើកបរ​រថយន្ត បាន​ចុះ​រត់​គេចខ្លួនបាត់ បន្សល់ទុក​រថយន្ត​នៅ​ចោល​កន្លែងកើតហេតុ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី រសៀល​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ត្រាង ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ប្រាសាទបាគង បាន​និយាយថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​រថយន្ត​ម៉ាក​ហ៊ី​ណូ ពណ៌​ស ពាក់​ស្លាក​លេខ​កំពង់ធំ​៣A ០៧៣៩ បើកបរ​ពី​ទិស​លិចទៅ​ទិស​កើត​បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​។ ក្រោយពី​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់​គេចខ្លួនបាត់ បន្សល់ទុក​រថយន្ត​នៅ​ចោល​កន្លែងកើតហេតុ​។​

​សមត្ថកិច្ច​បាន​បន្តថា ចំណែក​រ៉ឺម៉ក​ម៉ូតូ​បាន​ឈប់​ចាក់​សាំង​នៅ​ចំណុចកើតហេតុ លុះ​រថយន្ត​បើកបរ​មកដល់​កន្លែង​កើតហេតុ ស្រាប់តែ​រេ​ចង្កូត​ក្រឡាប់​រថយន្ត​ទៅ​សង្កត់ពីលើ​ម៉ូតូ​កង់​៣​នោះ​តែម្តង បណ្តាលអោយ​រងរបួស​មនុស្ស​ចំនួន​៣​នាក់​។​

​ជនរងគ្រោះ​មានឈ្មោះ បុរាណ រ័ត្ន​មន្នី ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ត្រាង ឃុំ​ក​ណ្តែ​ក ស្រុក​បាគង ត្រូវជា​ប្តី​បាន​រងរបួស​ធ្ងន់​, ឈ្មោះ​សម ស្រី​រ៉ុ​ម ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ត្រូវជា​ប្រព​ន្ឋ​របួសធ្ងន់​, និង​ឈ្មោះ​ឈ​ត់ ឈន់ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ អ្នកលក់​សាំង​របួសស្រាល​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើការ​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ដើម្បី​សង្គ្រោះ​និង​ព្យាបាល​។ ចំណែក​រថយន្ត​នឹង​ម៉ូតូ​កង់​៣ ត្រូវបាន​យកទៅ​រក្សាទុក​នៅ​អ​ឌិ​ការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង ដើម្បី​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​។ ចំណែក​តៃកុង​បើកបរ​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម