​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ភ្នំភ្លើង​ម៉ោន សេម៉េ​រុ​(Mount Semeru)​របស់​ឥណ្ឌូនេស៊ី​បាន​ផ្ទុះ​បាញ់​ផេះ​ក្តៅ​និង​ផ្សែង​ដ៏​ខាប់​ចូលក្នុង​មេឃ​កាលពី​ថ្ងៃអាទិត្យ និង​បញ្ជូន​កំអែ​ភ្នំភ្លើង​ធ្លាក់​ចុះ​តាម​ចង្កេះ​​ភ្នំ ជាហេតុ​នាំ​អោយ​អាជ្ញាធរ​ចេញ​ការព្រមាន​ដល់​កំរិត​ខ្ពស់​បំផុត​។​

​ការផ្ទុះ​ភ្នំភ្លើង​ខ្ពស់​បំផុត​នេះ​នៅលើ​កោះ​ចា​វ៉ា​ចម្ងាយ​ប្រមាណ​៨០០​គីឡូម៉ែត្រ​ពី​រដ្ឋធា​នីហ្សាការ​តានេះ បង្ក​អោយមាន​ការជម្លៀស​មនុស្ស​ចេញ​ពី​ភូមិ​ជុំវិញ​នៅ​មួយ​ឆ្នាំ​ក្រោយ​ការផ្ទុះ​ដ៏​ខ្លាំង​របស់​វា​ដែល​បាន​​សម្លាប់​មនុស្ស​រាប់​សិប​នាក់​។​

​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​សម្រាល​គ្រោះមហន្តរាយ​ភូមិសាស្ត្រ​និង​ភ្នំភ្លើង​វិទ្យា​លោក ហេ​នដ្រា ហ្គូ​ណា​វ៉ាន ( Hendra Gunawan)​បាន​ប្រាប់​ទូរទស្សន៍​មួយ​ថា កំរិត​គំរាម​កើនឡើង​«​មានន័យថា​គ្រោះថ្នាក់​​គំរាម​ដល់​ភូមិ​ប្រជាជន​និង​សកម្មភាព​ភ្នំភ្លើង​កាន់តែ​កើនឡើង​។​ភក់​ក្តៅ​ហូរ​ចុះ​មក​បង្ក​ជា​គំនរ​ផេះ​និង​រងើកភ្លើង​នៅ​ចុង​ភ្នំភ្លើង​កំពស់​៣.៦៧៦​ម៉ែត្រ និង​ហូរ​ចុះ​មក​ប្រៀប​ដូចជា​ទន្លេ​ភ្លើង​។​

​មិន​មាន​ការស្លាប់​ឬ​រងរបួស​បង្ក​ឡើង​ពី​ការផ្ទុះ​នេះ​នៅឡើយ​ទេ តែ​លោក​ហ្គូ​ណា​វ៉ាន បាន​ព្រមាន​ថា​អ្នកស្រុក​នៅ​ក្បែរៗ​ភ្នំ​មិន​ធ្វើដំណើរ​នៅ​ចម្ងាយ​ក្រោម​ប្រាំបី​គីឡូម៉ែត្រ​ពី​មាត់​ភ្នំភ្លើង​ទេ​។​លោក​បាន​បន្តថា​​ជម្រក​បណ្តោះអាសន្ន​ត្រូវបាន​រៀបចំ​សំរាប់​ទទួល​អ្នកស្រុក​នៅ​ក្បែរ​ភ្នំ​ដែល​ភៀសខ្លួន ឬ​ត្រូវ​បាន​ជម្លៀសចេញ​។​

​រូបភាព​បង្ហាញ​ភ្នំភ្លើង ម៉ោន សេម៉េ​រុ ផ្ទុះ​បាញ់​ផេះ​ខ្មៅ​ចូល​ក្នុង​អាកាស​

​ភ្នំភ្លើង​ម៉ោន សេម៉េ​រុ បាន​ផ្ទុះ​កាល​ពី​មួយ​ឆ្នាំ​មុន ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៥១​នាក់​និង​បំផ្លាញ​ផ្ទះ​ជាង​៥.០០០​។​គ្រោះធម្មជាតិ​ពេលនោះ​នាំ​អោយ​បណ្តា​ដង​វិថី​ពោរពេញ​ដោយ​ភក់​ម៉ដ្ត​និង​ផ្ទះ​ព្រម​​ទាំង​យានយន្ត​គ្រប​ដោយ​ផេះ ហើយ​មនុស្ស​ជិត​១០.០០០​នាក់​ស្វះស្វែង​រក​ជម្រក​បណ្តោះអាសន្ន​៕