សេអ៊ូល៖អាជ្ញាធរកូរ៉េខាងត្បូង បានចាប់ខ្លួនអតីតប្រធាន​សន្តិសុខជាតិ ដោយសង្ស័យថាបានបិទបាំងព្រឹត្តិការណ៍​ជុំវិញ​ឃាតកម្ម ដែលកូរ៉េខាងជើងបានសម្លាប់មន្ត្រីជលផលជល​ផលម្នាក់កាលឆ្នាំ ២០២០។កាលពីថ្ងៃទី០៣ខែធ្នូ អាជ្ញាធរ​កូរ៉េខាងត្បូងបានចាប់ខ្លួនលោក Suh Hoon អតីតប្រធាន​ការិយាល័យសន្តិសុខជាតិរបស់វិមានប្រធានាធិបតីកូរ៉េ Blue House ខណៈដែលអតីតរដ្ឋមន្ត្រីការពារជាតិ Suh Wook និងអតីតប្រធានឆ្មាំឆ្នេរសមុទ្រ Kim Hong-hee ត្រូវចាប់ខ្លួន​ក្នុងករណីនេះដែលកាលពីខែតុលា។

អតីតប្រធានសន្តិសុខជាតិកូរ៉េខាងត្បូង

ប្រធានាធិបតីកូរ៉េខាងត្បូងដែលទើបឡើងកាន់តំណែងលោក យ៉ូន ស៊ូក យូល(Yoon Suk-yeol) កំពុងពង្រីកការ​ស៊ើបអង្កេតលើករណីនេះ។

អ្នកនយោបាយជាន់ខ្ពស់មួយចំនួនជាប់សង្ស័យថា បានធ្វេសប្រហែស ចាត់ចែងការស៊ើបអង្កេតខុស ដើម្បីផ្ដល់ប្រយោជន៍ដល់ ប្រទេសកូរ៉េខាងជើង។ លោកប្រធានាធិបតី Yoon បានរិះគន់យ៉ាងខ្លាំងចំពោះ​វិធីសាស្រ្តដ៏អាក្រក់របស់អតីតប្រធានាធិបតីលោកមូនជេអ៊ីន។លោក យូល ចោទថាប្រធានាធិបតីមុនលោក មូន បាន​ធ្វើទង្វើល្មើសច្បាប់ជាច្រើនដើម្បីផ្គាប់ចិត្តទីក្រុងព្យុងយ៉ាង។ រដ្ឋអំណាចរបស់លោក យូល បានចោទប្រកាន់អតីតប្រធាន​ការិយាល័យសន្តិសុខជាតិរបស់វិមានប្រធានាធិបតីកូរ៉េអាណតិ្តមុនថា ៖«បរាជ័យក្នុងការការពារនិងធ្វេសប្រហែស» ក្នុងដំណើរ​ការ​ស៊ើបអង្កេតករណីមន្ត្រីជលផល ម្នាក់ដែលត្រូវបានកូរ៉េខាងជើងសម្លាប់។

ទោះជាយ៉ាងណាក្ដី ក្រុមជំទាស់ បានហៅចំណាត់ការ​ករណីនេះថា “ការសងសឹកផ្នែកនយោបាយ” ប្រឆាំង​នឹងរដ្ឋបាលអាណត្តិមុនដែលដឹកនាំដោយមូនជេអ៊ីន។ ពួកគេបាននិយាយថា ការចាប់ខ្លួនលោក Suh គឺ «ពិបាកយល់» ហើយពួកគេនឹង «ការពារសច្ចៈភាព និងយុត្តិធម៌»ប្រឆាំងនឹងការសងសឹកផ្នែកនយោបាយ។

ទាហានកូរ៉េខាងជើងបានបាញ់សម្លាប់មន្ត្រីជលផលម្នាក់និងដុតសាកសពចោល នៅជិតព្រំដែនសមុទ្រនៃប្រទេសទាំងពីរ​កាលពីឆ្នាំ២០២០។កាលណោះរដ្ឋាភិបាលរបស់​លោកមូនជេអ៊ីន បាននិយាយថា មន្ត្រីជលផលរូបនោះ បានព្យាយាមរត់ចោលស្រុកចូលក្នុងប្រទេសកូរ៉េខាងជើង ព្រោះតែបញ្ហាគ្រួសារ និងគេចពីបំណុលពីល្បែង។ប៉ុន្តែបងប្រុសរបស់មន្ត្រីជលផលរូបនោះ បានរិះគន់​របាយការណ៍អង្កេតនោះម្តងហើយម្តងទៀត ដោយនិយាយ​ថាប្អូនគាត់គ្មានថ្ងៃជ្រើសរើសជីវិតនៅកូរ៉េខាងជើងទេ។

ប្រធាននាធិបតីកូរ៉េខាងត្បូង លោកYoon ក៏បានបើកការស៊ើប​អង្កេតឡើងវិញលើករណី មួយផ្សេងទៀត។ ករណីនោះគឺអាជ្ញាធរកូរ៉េខាងត្បូងបានចាប់ខ្លួនបុរសជាតិកូរ៉េខាងជើង២នាក់ក្នុងបទចោទថាបានបំផ្ទុះគ្រាប់បែកសម្លាប់ក្រុមនាវិកកូរ៉េខាងត្បូង១៦នាក់។ បុរសកូរ៉េខាងជើង២នាក់នោះ ត្រូវអាជ្ញាធរក្រោមរដ្ឋអំណាចប្រធានាធិបតីអាណត្តិមុនលោកមូនជេអ៊ីន និរទេសត្រឡប់ទៅទីក្រុងព្យុងយ៉ាងក្នុងឆ្នាំ២០១៩។ ក្រុមសិទ្ធិមនុស្សបាននិយាយថា ការបញ្ជូនជនសង្ស័យត្រឡប់ទៅភាគខាងជើងវិញ គឺជាការបំពានច្បាប់អន្តរជាតិ ដោយសារបុរសទាំងនោះអាចនឹងត្រូវប្រឈមនឹងទារុណកម្មឬសម្លាប់ចោលពេលទៅដល់កូរ៉េខាងជើងវិញ។ ក្នុងនាមជាប្រធានាធិបតីអាណតិ្តមុន លោកមូនជេអ៊ីន បានចាប់ផ្តើម ភ្ជាប់ទំនាក់ទំនងជាមួយក្រុងព្យុងយ៉ាង ដោយបានជួបមេដឹកនាំកូរ៉េខាងជើង Kim Jong Un និងប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដើម្បីពិភាក្សាទៀតផង។ ប៉ុន្តែទីបំផុតការទូតរបស់លោកត្រូវបានបរាជ័យ ដោយកូរ៉េខាងជើងកាន់តែផ្គើនជាងពេលណាៗទាំងអស់៕ ដោយ៖វណ្ណ ស័ក្ដិ