ម៉ាឡេស៊ី​ផ្អាក​គំរោង​សង់​ផ្លូវដែក​គាំទ្រ​ដោយ​ចិន មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ

3121
ចែករម្លែក

​ប្រទេស​ម៉ាឡេស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​កក្កដា​ថា​ខ្លួន​បាន​ផ្អាក​គម្រោង​ចំនួន​៣​ដែល​គាំទ្រ​ដោយ​ចិន​ដែលមាន​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ ដែល​​ជា​លុយ​ចំណាយ​ដ៏​ច្រើន​ដែល​ត្រូវបាន​រកឃើញ​និង​ដកហូត​ចុងក្រោយ​បំផុត ដោយ​រដ្ឋាភិបាល​ថ្មី ខណៈដែល ខ្លួន​ពិនិត្យមើល​កិច្ចព្រមព្រៀង​ផ្សេងៗ​ទៀត​ដែល​​ត្រូវបាន​ចុះហត្ថលេខា​ដោយ នាយករដ្ឋមន្ត្រី​ធ្លាក់​ពី​អំណាច​លោក ណា​ជីប រ៉ា​ហ្សា​ក់​។​

​កិច្ចព្រមព្រៀង​ទាំងនេះ​ស្ថិតក្នុង​ចំណោម​គម្រោង​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ លោក ណា​ជីប រ៉ា​ហ្សា​ក់ ដែល​កំពុង​ប្រឈម​​ការចោទប្រកាន់​រឿងអាស្រូវ​ពុករលួយ និង​ត្រូវបាន​ទម្លាក់​ចេញពី​អំណាច​ដោយ​សម្ពន្ធភាព​ប្រឆាំង​ដឹកនាំ​ដោយ លោក មហា​ធៀ មហាម៉ាត់​នៅក្នុង​ការបោះឆ្នោត​កាល​​ពី​ខែឧសភា​។​

​លោក លីម ហ្គូ​ន អេង (Lim Guan Eng) រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​បាន​និយាយថា​លោក​បាន​បញ្ជា​ឱ្យ​ផ្អាក​កិច្ចព្រមព្រៀង​បំពង់​បង្ហូរ​ប្រេង​ចំនួន​២​និង​ផ្លូវ​រថភ្លើង​​ប្រវែង​៦៨៨​គីឡូម៉ែត្រ​ដែលមាន​តម្លៃ​២២,៣៥ ពាន់​លាន​ដុល្លារ ។​

​គម្រោង​បំពង់​បង្ហូរ​ប្រេង​នេះ​ត្រូវ​បានប្រគល់​ទៅឱ្យ​ក្រុមហ៊ុន​ចិន China Petroleum Pipeline Bureau ខណៈពេលដែល​ក្រុមហ៊ុន​សាងសង់​ចិន “China Communications Construction “​បាន​បម្រើការ​ជា​អ្នកម៉ៅការ​ដ៏​ធំ​នេះ សម្រាប់​ផ្លូវដែក East Coast Rail Link ។​

​លោក លីម ហ្គូ​ន អេង បាន​និយាយថា លោក មហា​ធៀ​មហាម៉ាត់​បាន​បញ្ជា​ឱ្យមាន​ការផ្អាក​នេះ​ដើម្បី​ពិនិត្យមើល​បំណុល​ជាតិ​ចំនួន​២៥០​ពាន់​លាន​ដុល្លារ​និង​​ពិនិត្យមើល​បំណុល​ពាក់ព័ន្ធ​ផ្សេងទៀត​របស់​ម៉ាឡេស៊ី​។​

​រដ្ឋាភិបាល​មុន​របស់​ម៉ាឡេស៊ី ក្រោម​ការដឹកនាំ​របស់​ណា​ជីប រ៉ា​ហ្សា​ក់ មាន​ទំនាក់ទំនង​ត្រូវរ៉ូវ​គ្នា​ណាស់​ជាមួយ​ប្រទេស​ចិន​និង​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​​ព្រៀង​ជាច្រើន​អំពី​គម្រោង​បន្តបន្ទាប់​ជាច្រើន ដែល​ត្រូវ​បានផ្តល់​មូលនិធិ ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​

​ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​និយាយថា​កិច្ចព្រមព្រៀង​ជាច្រើន គឺ​ខ្វះ​តម្លាភាព​ដែល​បង្កឱ្យមាន​ការសង្ស័យ​ថា​កិច្ចព្រមព្រៀង​ទាំងនេះ ត្រូវបាន​ធ្វើឡើង​ដើម្បី​ជា​ថ្នូរ​នឹង​ការជួយ​ដោះ​​បំណុល​ពី​រឿងអាស្រូវ​ហិរញ្ញវត្ថុ​នៃ​គម្រោង​អភិវឌ្ឍន៍​រដ្ឋ​1MDB​នេះ ដែល​នៅ​ទីបំផុត​នោះ បាន​ជួយ​ទាញ​ទម្លាក់​របប​ដឹកនាំ​ដោយ លោក ណា​ជីប រ៉ា​ហ្សា​ក់ ។​

​លោក មហា​ធៀ មហាម៉ាត់ បាន​សន្យា​ពិនិត្យមើល​ឡើងវិញ​នូវ​កិច្ចព្រមព្រៀង​ជាមួយ​ចិន បើសិន​ត្រូវបាន​មើលឃើញថា​មានការ​សង្ស័យ​នោះ​៕ដោយ៖សុខា/SN

​លោក មហា​ធៀ មហាម៉ាត់ បាន​សន្យា​ពិនិត្យមើល​ឡើងវិញ​នូវ​កិច្ចព្រមព្រៀង​ជាមួយ​ចិន បើសិន​ត្រូវបាន​មើលឃើញថា​មានការ​សង្ស័យ​

ទីតាំងផ្សាយពាណិជ្ជកម្ម