​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក អាន​ថូ​នី ប្លីង​កិន បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៤​ធ្នូ​ថា​សហរដ្ឋ​អាម៉េរិក​នឹងមិន​ទម្លាក់​ចុះ​ការគាំទ្រ​ឥត​ងាករេ​របស់​​ខ្លួន​សម្រាប់​អ៊ីស្រាអែល​នោះឡើយ ត្បិត​មាន​ការខ្វែងគំនិត​គ្នា​យ៉ាងខ្លាំង​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជាប់ឆ្នោត បិនចា​មីន នេ​តាន់​យ៉ា​ហ៊ូ ក៏ដោយ​។​

​ថ្លែង​ទៅ​កាន់​ក្រុម​ឆ្វេងនិយម ដែល​អ្នក​ស្ដាំ​ខ្លះ​ចោទប្រកាន់ថា​អាណិត​ប៉ាឡេ​ស្ទី​ន​និង​អ៊ីរ៉ង់​ពេកនោះ លោក​ប្លីង​កិន​បាន​និយាយថា សហរដ្ឋ​អាម៉េរិក​នឹង​នៅតែ​ជា​មិត្ត​ដ៏​រឹងមាំ​របស់​អ៊ីស្រាអែល​ទោះបីជា​ខ្លួន​​បន្ត​គោលដៅ​ដែល​លោ​កនេ​តាន់​យ៉ា​ហ៊ូបាន​ជំទាស់​ក៏ដោយ រួម​ទាំង​សេចក្តីសម្រេចចិត្ត​រដ្ឋ​ពីរ​ស្តីពី​ជម្លោះ​អ៊ីស្រាអែល​-​ប៉ាឡេ​ស្ទីន និង ការស្ដារ​ឡើង​វិញ​នូវ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥​ដែល​បាន​​ដួលរលំ​ជាដើម​។​

​លោក​ប្លីង​កិន​និយាយថា “​ភាព​ជា​ដៃគូ​រវាង​សហរដ្ឋ​អាម៉េរិក​និង​អ៊ីស្រាអែល និង​រាល់​អ្វីៗ​ទាំងអស់​ដែល​វា​ត្រូវបាន​ផលិតឡើង​សម្រាប់​ប្រជាជន​នៃ​ប្រជាជាតិ​របស់​យើង​និង​ពិភពលោក​តែងតែ​ត្រូវបាន​ធានា​​ដោយ​ការប្តេជ្ញា​ចិត្ត​របស់​សហ​រដ្ឋ​អាម៉េរិក​ចំពោះ​សន្តិសុខ​របស់​អ៊ីស្រាអែល ជា​ការប្តេជ្ញា​ចិត្ត​មួយ​មិន​ដែល​មាន​ភាពរឹងមាំ​ជាង​សព្វថ្ងៃ​នេះ​ទៀត​នោះ​ឡើយ​”​។​

​លោក​ប្លីង​កិន​បាន​និយាយថា រដ្ឋបាល​លោកបៃ​ដិ​ននឹង​ចូលរួម​ជាមួយ​រដ្ឋាភិបាល​របស់​លោ​កនេ​តាន់​យ៉ា​ហ៊ូ ដោយ​ផ្អែក​លើ​គោលនយោបាយ​របស់​ខ្លួន និង​មិន​ផ្អែក​លើ​បុគ្គលិកលក្ខណៈ​បុគ្គល​នោះ​ទេ​រួមទាំង​​រដ្ឋ​មន្ត្រី​ជាន់ខ្ពស់​នៃ​គណៈរដ្ឋមន្ត្រី​សក្តានុពល​របស់​លោ​កនេ​តាន់​យ៉ា​ហ៊ូ ដែល​បាន​បង្ហាញ​ពី​ទស្សនៈ​ប្រឆាំង​នឹង​ប៉ាឡេ​ស្ទី​ន​និង​ប្រឆាំង​នឹង​អារ៉ាប់​នា​ពេលកន្លងមក​។​

​ប៉ុន្តែ​លោក​ប្លីង​កិនក៏​បានព្រមាន​ដែរថា សហរដ្ឋ​អាម៉េរិក​នឹង​ជំទាស់​នឹង​គោលនយោបាយ​ដែល​ធ្វើឱ្យ​ប្រជាជន​ប៉ាឡេ​ស្ទីន​បាត់បង់​ឱកាស កាត់បន្ថយ “​លទ្ធភាព​សម្រាប់​ក្តីសង្ឃឹម​” ឬ​ធ្វើឱ្យ​សេចក្តីសម្រេច​​ចិត្ត​អំពី​រដ្ឋ​ពីរ​កាន់តែ​ពិបាក​។​

​លោក​បាន​និយាយថា វា​នឹង​មាន​ផល​ប៉ះពាល់​ដល់​សន្តិសុខ​រយៈពេល​វែង​របស់​អ៊ីស្រាអែល ឬ​អនាគត​ក្នុងនាម​ជា​រដ្ឋ​ប្រជាធិបតេយ្យ​ជ្វី​ហ្វ​។​

​លោក​បាន​និយាយថា “​យើង​រំពឹង​ថា​រដ្ឋាភិបាល​ថ្មី​របស់​អ៊ីស្រាអែល​នឹង​បន្ត​ធ្វើការ​ជាមួយ​យើង​ដើម្បី​ជំរុញ​តម្លៃ​រួម​របស់​យើង​ដូច​ដែល​យើង​មាន​ពី​រដ្ឋាភិបាល​មុនៗ​។​យើង​នឹង​វាស់​ស្ទង់​រដ្ឋាភិបាល​ដោយ​​គោលនយោបាយ​ដែល​ខ្លួន​អនុវត្ត​ជាជាង​បុគ្គលិកលក្ខណៈ​បុគ្គល​។ យើង​នឹង​រក្សា​វា​តាម​ស្តង់ដារ​ទៅវិញទៅមក​ដែល​យើង​បាន​បង្កើតឡើង​ក្នុង​ទំនាក់ទំនង​របស់​យើង​ក្នុង​រយៈពេល​ប្រាំពីរ​ទសវត្សរ៍​កន្លង​មកនេះ​”៕

លោក​ប្លីង​កិន​ថ្លែង​នៅក្នុង​សន្និសីទ​ជាតិ J Street នៅ​សណ្ឋាគារ Omni Shoreham ក្នុង​ទីក្រុង​វ៉ាស៊ីនតោន