ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ តម្លៃប្រេងបានកើនឡើងនៅក្នុងការជួញដូរពីព្រឹកព្រលឹម បន្ទាប់ពីបណ្តាប្រទេស OPEC + បានបញ្ជាក់ឡើងវិញនូវគោលដៅទិន្នផលប្រេងរបស់ពួកគេ មុនពេលការហាមឃាត់និងការកំណត់តម្លៃប្រេងឆៅរុស្ស៊ីពីសំណាក់សហភាពអឺរ៉ុបចាប់ផ្តើមចូលជាធរមាននៅថ្ងៃចន្ទទី៥ធ្នូនេះ។
ទន្ទឹមនឹងនេះ ក្នុងសញ្ញាវិជ្ជមានសម្រាប់តម្រូវការប្រេងឥន្ធនៈ ទីក្រុងជាច្រើនរបស់ចិនបានបន្ធូរបន្ថយការទប់ស្កាត់កូវីដ១៩កាលពីចុងសប្តាហ៍។
ប្រេងឆៅសំរាប់ប្រគល់នាពេលអនាគតរបស់ទីផ្សារ Brent បានកើនឡើង ៣៩ សេន ឬ ០,៥ ភាគរយ ស្មើនឹង ៨៥,៩៦ ដុល្លារក្នុងមួយបារ៉ែលនៅម៉ោង ២៣៖០៩ ម៉ោងសកលខណៈប្រេងឆៅអនាគតនៅទីផ្សារ West Texas Intermediate (WTI) របស់សហរដ្ឋអាម៉េរិកបានកើនឡើង ៣៧ សេន ឬ ០,៥ ភាគរយស្មើនឹង ៨០,៣៥ ដុល្លារក្នុងមួយបារ៉ែល។
អង្គការនៃប្រទេសនាំចេញប្រេងនិងសម្ពន្ធមិត្តរួមទាំងរុស្ស៊ី ហៅកាត់ថា OPEC+បានយល់ព្រមកាលពីថ្ងៃអាទិត្យដើម្បីប្រកាន់ខ្ជាប់នូវផែនការខែតុលារបស់ពួកគេក្នុងការកាត់បន្ថយទិន្នផលប្រេងចំនួន២លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ចាប់ពីខែវិច្ឆិកាដល់ឆ្នាំ ២០២៣។
ក្រុមអ្នកវិភាគបាននិយាយថា ការសម្រេចចិត្តរបស់ OPEC+ ត្រូវបានរំពឹងកើតឡើងខណៈអ្នកផលិតប្រេងធំៗរង់ចាំមើលផលប៉ះពាល់នៃការហាមឃាត់ការនាំចូលប្រេងនិងការកំណត់តម្លៃប្រេងដឹកតាមសមុទ្ររបស់រុស្ស៊ី ៦០ ដុល្លារក្នុងមួយបារ៉ែលពីសំណាក់សហភាពអឺរ៉ុបនិងក្រុម G7 ខណៈរុស្ស៊ីគំរាមកាត់ផ្តាច់ការផ្គត់ផ្គង់ដល់ប្រទេសណាដែលប្រកាន់ខ្ជាប់នឹងការកំណត់តម្លៃនេះ។
អ្នកវិភាគរបស់ក្រុមហ៊ុន RBC Capital Markets បាននិយាយនៅក្នុងកំណត់ចំណាំមួយថា “ដោយសារតែភាពមិនប្រាកដប្រជាមិនធ្លាប់មានពីមុនមក យុទ្ធសាស្ត្រឃ្លាំមើលនិងរង់ចាំរបស់ OPEC+ ហាក់ជាជម្រើសល្អបំផុត”៕
ប្រេងឆៅប្រគល់នាពេលអនាគតរបស់ទីផ្សារ Brent បានកើនឡើង ៣៩ សេន ឬ ០,៥ ភាគរយ ស្មើនឹង ៨៥,៩៦ ដុល្លារក្នុងមួយបារ៉ែល