ដោយ៖ដេប៉ូ/ភ្នំពេញ៖ ឈានមកដល់នាព្រឹកថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២២នេះគឺការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប ដែលបេក្ខជនទន្ទឹងរង់ចាំដើម្បីបញ្ចប់ថ្នាក់ចំណេះដឹងទូទៅ ហើយឈានទៅកាន់ថ្នាក់ឧត្តមសិក្សានោះបានចាប់ផ្តើមហើយ។ បេក្ខជនទាំងអស់បានចូលក្នុងបន្ទប់ប្រឡងរៀងៗខ្លួន នៅតាមមណ្ឌលប្រឡងនៅគ្រប់រាជធានី ខេត្ត។
គួរបញ្ជាក់ថា នាព្រឹកនេះគ្រប់មណ្ឌលប្រឡងទូទាំងប្រទេសបេក្ខជនទាំងអស់ត្រូវបានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈកម្មការអនុរក្ស និងក្រោមការពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ។
បើតាមក្រសួងអប់រំបានឱ្យដឹងថាក្រសួងបានកំណត់ឱ្យបេក្ខជនត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ត្រូវរក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវជាប្រចាំនៅក្នុងមណ្ឌលប្រឡង។ ក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។
ដោយឡែកចំពោះគណៈមេប្រយោគ ទូទាំងប្រទេស ប្រចាំការវិញក៏គេឃើញកំពុងមានភាពមមាញឹកក្នុងការបំពេញការងារ ដើម្បីទំនាក់ទំនងជាមួយគណៈមេប្រយោគទូទាំងប្រទេស ប្រចាំមណ្ឌល រាជធានី ខេត្ត ប្រមូលព័ត៌មាន ឆ្លើយតប សំណួរ និង ដោះស្រាយបញ្ហា បច្ចេកទេស ព្រមទាំង ផ្សព្វផ្សាយព័ត៌មាន នានា អំពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឲ្យទាន់ពេលវេលាតាមរយៈ គេហទំព័រ និង ទំព័របណ្ដាញ សង្គម ហ្វេកប៊ុក ផ្លូវការ ក្រសួង អប់រំ យុវជន និង កីឡា។
ចំពោះដំណើរការសំណេរនាព្រឹកនេះ មាន២មុខវិជ្ជា គឺប្រវត្តិវិទ្យា និងជីវវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រ និង ផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម៕/PC