ដោយ៖ដេប៉ូ/ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡាបានថ្លែងថា ក្នុងការរៀបចំទុកដាក់ វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុបក្រសួង មិនឱ្យបែកធ្លាយឡើយ ព្រោះថា អ្នករៀបចំមានការទទួលខុសត្រូវខ្ពស់ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការប្រឡង ប្រព្រឹត្តទៅដោយរលូន នឹងទទួលបានជោគជ័យ ដោយជាមួយគ្នានេះ សម្រាប់ប្រធាន វិញ្ញាសាប្រឡងនាឆ្នាំនេះគឺក្រសួងបានរក្សាស្ដង់ដាឱ្យនៅ ដដែលពោលគឺឱ្យ ដូចបណ្ដាឆ្នាំមុនៗ។

បញ្ជាក់ក្នុងពេលចូលរួមក្នុងពីធីបើកហឹបវិញ្ញាសារប្រឡងបាក់ឌុប នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នៅវិទ្យាល័យព្រះសីសុវត្ថិ រាជធានីភ្នំពេញ លោក ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា ការចាប់ផ្តើមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុបនាថ្ងៃដំបូងនេះ គេសង្កេតឃើញថា បេក្ខជនប្រឡងទាំងអស់ បានគោរពវិន័យយ៉ាងល្អ ព្រមទាំងគោរពទៅតាមបទប្បញ្ញត្តិ នៃការប្រឡង។

ជាមួយការថ្លែងបញ្ជាក់បែបនេះ លោក រដ្ឋមន្រ្តីក្រសួងអប់រំក៏រំពឹងថាការប្រឡងនាឆ្នាំនេះនឹងប្រព្រឹត្តិទៅរលូនល្អ និងទទួលបានជោគជ័យផងដែរ។
ជុំវិញបញ្ហាសិស្សដែលនឹងជាប់និទ្ទេសAនាឆ្នាំនេះដែរត្រូវបាន លោករដ្ឋមន្រ្តីមានប្រសាសន៍ថាមិនទាន់កំណត់បាននៅឡើយទេដោយរង់ចាំមើលលទ្ធផលជាមុនសិន។
ទោះបីយ៉ាងណាក្តីលោក ហង់ ជួនណារ៉ុន បានថ្លែង បញ្ជាក់ដែរថា «ចំពោះអ្វីដែលយើងសប្បាយចិត្ត សិស្សានុសិស្សរបស់យើង គឺពួកគាត់ខិតខំប្រឹងប្រែងរៀនសូត្រ។ គាត់ផ្លាស់ប្ដូរឥរិយាបថ មកប្រឡងបើកចម្លង ទៅជាមកប្រឡងឈរទៅលើមូលដ្ឋានចំណេះដឹងរបស់គាត់ ហើយគ្រូក៏ជួយគាំទ្រ ដែលយើងឃើញថាចំណុចគន្លឹះ​ គឺសម្ដេច នាយករដ្ឋមន្ដ្រី ជួបជាមួយសិស្សនិទ្ទេស A បានធ្វើឱ្យសិស្សានុសិស្សជាច្រើន ខំប្រឹងរៀន ដើម្បីបាននិទ្ទេសA បានជួបសម្ដេច»។
លោករដ្ឋមន្រ្តីបានលើកឡើង បន្ថែមថា “សម្រាប់នាយកសាលាណា មានសិស្សជាប់និទ្ទេសA ច្រើនជាងគេ គឺនឹងក្លាយជាសាលារៀនល្អ ព្រមទាំង ទទួលបានពាន កត្តាទាំងនេះហើយ ទើបធ្វើ ឱ្យសាលា មានការខិតខំប្រឹងប្រែង”។
គួរបញ្ជាក់ថា៖សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨.១៣៤នាក់ ស្រី ៦៨.៧៧១នាក់ មណ្ឌលប្រឡងសរុប ២២១មណ្ឌល ត្រូវជា ៥.១៧៤បន្ទប់។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕/PC