ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី ០៥ ធ្នូ ២០២២នេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨.១៣៤នាក់ ស្រី ៦៨.៧៧១នាក់ មណ្ឌលប្រឡងសរុប ២២១មណ្ឌល ត្រូវជា ៥.១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរការប្រឡងនោះសរុបចំនួន ២៧.៧៥៣ នាក់។

នេះបើតាមការបញ្ជាក់ដឹងពីលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ នៅមណ្ឌលប្រឡងស៊ីសុវត្ថិ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី០៥ ធ្នូ ២០២២ នៅមណ្ឌលប្រឡងវិទ្យាល័យ ព្រះស៊ីសុវត្ថិរាជធានីភ្នំពេញលោកហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយវត្តមានលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោកឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោក នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានអញ្ជើញបើកហឹបវិញ្ញាសាដោយផ្ទាល់។

លោក ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា៖ ចំពោះការប្រលងនេះ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា។

សូមជម្រាបថា ដើម្បីធានាឱ្យការប្រឡងប្រព្រឹត្តទៅដោយរលូន ដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ក្រសួងអប់រំ យុវជន និងកីឡា បានពង្រឹងកិច្ចសហការជាមួយក្រសួងស្ថាប័នដូចជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអគ្គីសនីកម្ពុជា។
សូមបញ្ជាក់ដែរថា ឆ្នាំ២០២២នេះ គឺជាឆ្នាំទី៨ហើយ ដែលលោក ហង់ ជួនណារ៉ុន បានចូលមកធ្វើកំណែទម្រង់នៅក្រសួងអប់រំ យុវជន និងកីឡា។ ជាពិសេសការធ្វើកំណែទម្រង់លើការប្រលងបាក់ឌុបនេះតែម្តង ជាហេតុធ្វើឱ្យសិស្សមានការភ្ញាក់រលឹកក្នុងការរៀនសូត្រឡើងវិញ ដោយមិនផ្តេកផ្តួលលើការលួចមើលវិញ្ញាសារពេលប្រលងទៀតនោះឡើយ។ ការធ្វើកំណែទម្រង់ដ៏ម៉ឹងម៉ាត់លើការប្រលងបាក់ឌុបនេះ ទទួលបានការសាទរខ្លាំងណាស់ផងដែរពីសិស្ស ក៏ដូចជាអាណាព្យាបាល។
ខាងក្រោមជាប្រវត្តិសិស្សទទួលបាននិទ្ទេស A ក្នុងការប្រលងក្រោមការធ្វើកំណែទម្រង់ដ៏តឹងរឹងនាឆ្នាំកន្លងមក៖ នៅ ឆ្នាំ ២០១៤ បេក្ខជន ជាប់ និទ្ទេស A មាន ចំនួន ១១នាក់ ។ ឆ្នាំ ២០១៥ បេក្ខជន ជាប់ និទ្ទេស A មាន ចំនួន ១០៨នាក់ ។ ឆ្នាំ ២០១៦ បេក្ខជន ប្រឡង ជាប់ និទ្ទេស A មាន ចំនួន ៤០៥នាក់។ ឆ្នាំ ២០១៧ បេក្ខជន ប្រឡង ជាប់ និទ្ទេស A មាន ចំនួន ៤២៤ នាក់។ ឆ្នាំ២០១៨ បេក្ខជនប្រឡងជាប់សរុប ៧៥.០៥៩នាក់ ស្មើនឹង ៦៦,២១%។ បេក្ខជន និទ្ទេស A ២៩០នាក់, បេក្ខជន និទ្ទេស B ១ ,៥៣២នាក់, បេក្ខជន និទ្ទេស C ៤.៦៣១នាក់, បេក្ខជន និទ្ទេស D ១៣.៩៩៩នាក់ និងបេក្ខជននិទ្ទេស E ៥៤.៦០៧នាក់។ ឆ្នាំ២០១៩ មានបេក្ខជនប្រឡងជាប់ចំនួន ៧៩.០៥២នាក់ ស្មើនឹង ៦៨,៦២ភាគរយ។ ក្នុងនោះសិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់, ជាប់និទ្ទេស B ចំនួន២.៤៣០នាក់, ជាប់និទ្ទេស C ចំនួន៥៨៤៧នាក់, ជាប់និទ្ទេស D ចំនួន ១៤.១០០នាក់ និងនិទ្ទេស E ចំនួន៥៦.២៣២នាក់។
ឆ្នាំ២០២១ មានបេក្ខជនប្រលងជាប់សរុប ៧២.០១៦នាក់ ស្មើនឹងប្រមាណ ៦៥,៦៥% (បេក្ខជនប្រលងសរុប ១១៤.១៨៣នាក់)។ ក្នងនោះ បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ១.៧៥៣នាក់, និទ្ទេស B មានចំនួន ៥ ២១៥នាក់, និទ្ទេស C មានចំនួន ១១.៦៣៤នាក់, និទ្ទេស D មានចំនួន ២៣.៤៩៩នាក់, និងនិទ្ទេស E មានចំនួន ២៩.៩១៥នាក់៕/PC