ប្រែសម្រួល : កញ្ញាដាលីស (បាល់ទាត់) ៖ ជប៉ុនទើបតែបំបាក់ក្រុមយក្សអេស្ប៉ាញនិងអាល្លឺម៉ង់ដើម្បីឡើងមកវគ្គ១៦ក្រុមចុងក្រោយ ដូច្នេះពួកគេនឹងមិនខ្លាចក្រូអាស៊ីសូម្បីប៉ុនសរសៃសក់នៅក្នុងជំនួបថ្ងៃចន្ទនេះ ចំណែកកូរ៉េខាងត្បូងមានការងារធ្ងន់ត្រូវរំលងសាកសពស្តេចបាល់ទាត់ប្រេស៊ីលសិន មុននឹងសុបិនចង់ឡើងទៅវគ្គ ១/៤។
– ជប៉ុន vs ក្រូអាស៊ី
* ជប៉ុនស៊ុតចូល៤គ្រាប់ទល់នឹងអេស្ប៉ាញនិងអាល្លឺម៉ង់ក្នុងវគ្គចែកពូល។
* ក្រូអាស៊ីបានស៊ុតបញ្ចូលទីក្នុង ១២ ប្រកួតនៃ ១៦ ប្រកួតចុងក្រោយរបស់ពួកគេ និង ស៊ុតចូល ៦ ប្រកួតជាប់ៗគ្នាមុនពេលមកដល់កាតា។
* Ivan Perisic បានស៊ុតបញ្ចូលទីយ៉ាងហោចណាស់២គ្រាប់ក្នុងការប្រកួតសំខាន់ៗចំនួន៤លើកចុងក្រោយ។
* ក្រូអាស៊ីលេងស្មើ៥លើកក្នុងចំណោមការវគ្គជម្រុះ៦លើកចុងក្រោយរបស់ពួកគេ រួមទាំងការស្មើ១-១ដល់ទៅ៣លើកនៅរុស្ស៊ីឆ្នាំ២០១៨។
ជប៉ុនបានកក់កៅអីក្នុងវគ្គ១៦ក្រុមចុងក្រោយជាលើកទី៤ ខណៈនេះជាឆ្លងផុតវគ្គចែកពូលលើកទី៣ជាប់គ្នារបស់ពួកគេ។ ទោះយ៉ាងណា ពួកគេមិនដែលឡើងដល់វគ្គ ៨ ក្រុមចុងក្រោយឡើយ។ ក្រោយឈ្នះសុទ្ធតែគីឡូយក្សដើម្បីឡើងឈរលេខ១ក្នុងពូល តើនេះនឹងក្លាយជាការប្រកួតវើលខាប់ដ៏អស្ចារ្យបំផុតរបស់ជប៉ុនមិនធ្លាប់មានមែនទេ?
ទោះយ៉ាងណា ឆ្អឹងទទឹងករបស់ពួកគេគឺក្រូអាស៊ី ដែលតែងមានទម្លាប់ឈ្នះឡើងដល់វគ្គជ្រៅៗ។ នេះគ្រាន់តែជាលើកទី៣ដែលពួកគេបានឆ្លងផុតវគ្គចែកពូលវើលខាប់ប៉ុណ្ណោះ ប៉ុន្តែក្នុងឆ្នាំ ១៩៩៨ និង ២០១៨ ពួកគេបានបន្តឡើងដល់វគ្គ ៤ ក្រុមចុងក្រោយ ដោយបានបញ្ចប់ក្នុងចំណាត់ថ្នាក់ជើងឯករងកាលពី ៤ ឆ្នាំមុន។ តើពួកគេអាចឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានទៀតទេ?
ក្រោយទម្លាក់ជំនាន់មាសវ័យចាស់របស់បែលហ្ស៊ិកចេញពីវើលខាប់ ក្រូអាស៊ីឥឡូវកំពុងព្យាយាមបង្កើតជំនាន់មាសរបស់ខ្លួនវិញម្តង។ ក្រុមនេះមានឫសគល់ចេញពីក្រុមដែលបានទម្លាក់អង់គ្លេសនៅយូរ៉ូ២០០៨ ជាពិសេសខ្សែបម្រើ Luka Modric ដែលលេងល្អមិនចេះធ្លាក់ជើងតាំងពីពេលនោះមក។
កីឡាករ Ivan Perisic របស់ Tottenham គឺជាសមាជិកដ៏យូរអង្វែងម្នាក់ទៀតនៃក្រុមក្រូអាស៊ីនេះ ដោយបានបង្ហាញខ្លួនជាលើកដំបូងឱ្យជម្រើសជាតិកាលពីជាង ១០ ឆ្នាំមុន។ រូបគេបានបង្ហាញខ្លួនជាលើកដំបូងក្នុងវើលខាប់ឆ្នាំ ២០១៤ ហើយគ្មានកីឡាករណាម្នាក់អាចស៊ុតបាន៩គ្រាប់ក្នុងការប្រកួតសំខាន់ៗដូចរូបគេនោះឡើយ។ មួយគ្រាប់ទៀតនឹងធ្វើឱ្យរូបគេវ៉ាដាច់កំណត់ត្រារបស់កីឡាករ Davor Suker ហើយរូបគេពិតជាអន្ទះសារចង់ស៊ុតចូលនៅថ្ងៃនេះ។
មួយវិញទៀត គ្មានកីឡាករណាស៊ុតចំគោលដៅច្រើនជាង Perisic នៅវើលខាប់២០២២នោះឡើយ ដោយបានព្យាយាមស៊ុតចំគោលដៅ ៥ ដងក្នុង ៣ ប្រកួត។ រូបគេបានស៊ុតបញ្ចូលទីយ៉ាងហោចណាស់២គ្រាប់ក្នុងការប្រកួតធំៗចំនួន ៤ លើកចុងក្រោយ ដូច្នេះរូបគេគឺជាជម្រើសដ៏ល្អក្នុងការរកគ្រាប់បាល់បាននៅថ្ងៃនេះក្នុងអ្វីដែលអាចជាការប្រកួតចុងក្រោយរបស់គេក្នុងវើលខាប់។
សមត្ថភាពបច្ចេកទេសរបស់ក្រូអាស៊ីគឺអស្ចារ្យណាស់ ដោយខ្សែបម្រើទាំងបីរបស់ពួកគេមានភាពប៉ិនប្រសព្វក្នុងការរក្សាសាច់បាល់និងដណ្តើមយកបាល់មកវិញ។ ពួកគេទំនងជាគ្រប់គ្រងសាច់បាល់ច្រើនក្នុងការប្រកួតនេះ ប៉ុន្តែនោះជាអ្វីដែលជប៉ុនអាចស៊ូទ្រាំបាន។ ជប៉ុនមានសាច់បាល់លេងជាមធ្យមត្រឹមតែ ៣២,៣% ប៉ុណ្ណោះក្នុងការប្រកួតវគ្គចែកពូលចំនួន៣របស់ពួកគេនៅវើលខាប់នេះ។ ការឈ្នះ២ប្រកួតរបស់ពួកគេលើអេស្ប៉ាញនិងអាល្លឺម៉ង់ គឺមានភាគរយគ្រប់គ្រងសាច់បាល់ត្រឹមតែ ១៧,៧% និង ២៦,១% រៀងៗខ្លួន ដោយស៊ុតបញ្ចូលទីបាន ៤ គ្រាប់ ត្បិតពុំសូវមានពេលគ្រប់គ្រងសាច់បាល់។
ទន្ទឹមនឹងនេះដែរ ក្រូអាស៊ីខកខានស៊ុតបញ្ចូលទីក្នុងការប្រកួតវគ្គចែកពូល២ប្រកួតនៃ៣ប្រកួតរបស់ពួកគេនៅវើលខាប់នេះ ប៉ុន្តែពួកគេបានស្មើទល់សូន្យ២ដងប៉ុណ្ណោះក្នុងចំណោម ១៣ ប្រកួតក្នុងវើលខាប់ ២០០៦, ២០១៤ និង ២០១៨ រួមបញ្ចូលគ្នា។ ពួកគេបានទៅប្រទេសកាតាដោយបានស៊ុតបញ្ចូលទីក្នុងការប្រកួតចំនួន ៦ លើកជាប់ៗគ្នា ហើយពួកគេនឹងជួបជប៉ុន ដែលរបូតគ្រាប់បាល់ក្នុងការប្រកួតវើលខាប់ ៨ ប្រកួតជាប់ៗគ្នា។
ដូច្នេះលទ្ធភាពដែលក្រុមទាំងពីរស្មើគ្នានិងស៊ុតចូលគ្នាគឺមានពេញ ៩០ នាទី។
លទ្ធផលទស្សនទាយគឺ ១-១។
– ប្រេស៊ីល vs កូរ៉េខាងត្បូង
* ប្រេស៊ីលរកបាន ២៩ គ្រាប់ក្នុង ១០ ប្រកួតចុងក្រោយរបស់ពួកគេ។
* ពួកគេបានយកឈ្នះកូរ៉េខាងត្បូង ៥-១ កាលពីដើមឆ្នាំនេះ។
* កូរ៉េខាងត្បូងបានស៊ុតបញ្ចូលទី២គ្រាប់ក្នុងរាល់ការប្រកួត២លើកចុងក្រោយរបស់ពួកគេក្នុងវើលខាប់។
* កីឡាករ Vinicius Jr ស៊ុតចំគោលដៅ ២,៥ ជើងក្នុងមួយប្រកួតក្នុងប្រទេសកាតា។
បន្ទាប់ពីឡើងមកវគ្គ ១៦ ក្រុមចុងក្រោយមិនគួរឱ្យជឿ កូរ៉េខាងត្បូងបានត្រឡប់មកធ្វើសកម្មភាពវិញយ៉ាងរហ័ស ហើយពួកគេស៊យត្រូវប៉ះចំស្តេចបាល់ទាត់ប្រេស៊ីលនៅវគ្គនេះ។ ពួកគេជួបជាមួយក្រុមប្រេស៊ីល ដែលគេព្យាករណ៍ថានឹងឈ្នះវើលខាប់ សូម្បីបន្ទាប់ពីពួកគេចាញ់កាមេរូនយ៉ាងភ្ញាក់ផ្អើលក៏ដោយ។ ប្រេស៊ីលបានឆ្លងទៅវគ្គ ១៦ ក្រុមចុងក្រោយមុនបរាជ័យនោះ ប៉ុន្តែឈុតទីពីររបស់ពួកគេធ្វើមិនបាល្អទេក្នុងបរាជ័យនោះ។
ឈុតធំនឹងត្រឡប់មកវិញ ជាមួយនឹងក្តីសង្ឃឹមថា Neymar អាចនឹងត្រឡប់មកវិញដែរ ដែលនោះជាការព្រួយបារម្ភសម្រាប់កូរ៉េខាងត្បូង។ ពួកគេបានចាញ់ក្រុមសាំបាក្នុងលទ្ធផល ៥-១ កាលពីខែមិថុនា ដូច្នេះពួកគេដឹងច្បាស់ថាតើជំនួបនេះនឹងតឹងខ្លាំងកម្រិតណា។ ទោះយ៉ាងណា ពួកគេបានបង្ហាញពីស្មារតីប្រយុទ្ធពិតប្រាកដនៅថ្ងៃចុងក្រោយរបស់ពួកគេ ដូច្នេះពួកគេច្បាស់អាចធ្វើឱ្យប្រេស៊ីលជួបការលំបាកខ្លះដែរ។
ប្រេស៊ីលមានកីឡាករទេពកោសល្យខាងវាយសម្រុកច្រើនណាស់ បើទោះជា Neymar មិនទាន់ត្រឡប់មកវិញសម្រាប់ការប្រកួតនេះក៏ដោយ។ ដោយបានចៀសផុតពីជំនួបជាមួយព័រទុយហ្គាល់ឬអ៊ុយរូហ្គាយ ពួកគេអាចនឹងផ្តល់ពេលឱ្យតារា PSG សម្រាកម្តងទៀត។ ពួកគេមានជម្រើសប្រយុទ្ធគ្រប់គ្រាន់ ដោយ Vinicius Jr ក៏ជាការគំរាមកំហែងខ្លាំងផងដែរ។
ក្នុងពីរប្រកួតដំបូងរបស់គេ ខ្សែបម្រើស្លាបរបស់ Real Madrid រូបនេះស៊ុតចំគោលដៅជាមធ្យម ២,៥ ជើងក្នុងមួយប្រកួត។ រូបគេក៏ស៊ុតចូល ៦ គ្រាប់ក្នុង ១៤ ប្រកួតនៅ La Liga រដូវកាលនេះផងដែរ។ រូបគេក៏រកបាន១គ្រាប់អកហ្សឺជាមួយស្វីសផងដែរ ដូច្នេះរូបគេពិតជាអាចបង្កបញ្ហាដល់កូរ៉េខាងត្បូង។
លទ្ធផលទស្សនទាយ ប្រេស៊ីលឈ្នះ ៣-១៕
ជប៉ុននឹងមិនខ្លាចក្រូអាស៊ីប៉ុនសរសៃសក់