ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស រ៉ាហ៊ីម ស្ទើលីង (Raheem Sterling) នឹងចាកចេញពីប្រទេសកាតា បន្ទាប់ពីក្រុមចោរប្រដាប់អាវុធបានចូលផ្ទះរបស់គាត់ ខណៈគ្រួសាររបស់គាត់កំពុងស្ថិតនៅក្នុងផ្ទះ។
ខ្សែបម្រើស្លាបរបស់ Chelsea បានអវត្តមានពីជ័យជម្នះ ៣-០ របស់តោកំណាចអង់គ្លេសលើសេណេហ្គាល់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីឧបទ្ទវហេតុកាលពីល្ងាចថ្ងៃសៅរ៍។
ស្ទើលីងត្រូវគេនិយាយថាភ័យញ័រដៃជើងនិងព្រួយបារម្ភអំពីសុខុមាលភាពរបស់កូនៗរបស់គាត់ បន្ទាប់ពីការសម្រុកចូលប្លន់ក្នុងផ្ទះ។
ការគាំទ្រសម្រាប់កីឡាករអន្តរជាតិអង់គ្លេសរូបនេះបានជោរជន់ពេញបណ្តាញសង្គម ខណៈអ្នកធ្វើអត្ថាធិប្បាយការប្រកួតប្រចាំថ្ងៃ លោក ហ្គារី លីនេកឺ (Gary Lineker) បានចូលទៅក្នុង Twitter ផ្ញើសារទៅកាន់កីឡាករវ័យ ២៧ ឆ្នាំរូបនេះ។
គាត់បាននិយាយថា “ខ្ញុំសូមសម្តែងការព្រួយបារម្ភជាមួយ រ៉ាហ៊ីម ស្ទើលីង និងក្រុមគ្រួសាររបស់គាត់ បន្ទាប់ពីហេតុការណ៍ដ៏អាក្រក់របស់ពួកគេ”។
នៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីការប្រកួត អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេសលោក ហ្គារ៉េត សៅហ្គេត (Gareth Southgate) បានប្រាប់អ្នកយកព័ត៌មានថា “រ៉ាហ៊ីម ដូចដែលសេចក្តីថ្លែងការណ៍របស់ FA បាននិយាយចឹង គឺគាត់ត្រូវតែដោះស្រាយស្ថានភាពគ្រួសារ ដូច្នេះគាត់នឹងត្រឡប់ទៅប្រទេសអង់គ្លេសវិញ”។
“យើងត្រូវទុកពេលឱ្យគាត់ដើម្បីព្យាយាមដោះស្រាយរឿងនោះ ឬ នៅទីនោះសម្រាប់គ្រួសារគាត់។ នោះជារឿងសំខាន់បំផុតនៅពេលនេះ ដូច្នេះយើងនឹងផ្តល់ឱ្យគាត់នូវចន្លោះទំនេរនោះ”។
“ខ្ញុំបានចំណាយពេលច្រើនជាមួយរ៉ាហ៊ីមនៅព្រឹកនេះ ប៉ុន្តែអ្នកដឹងទេ អ្នកនឹងមានថ្ងៃដែលព្រឹត្តិការណ៍នោះកើតឡើង ហើយអ្នកត្រូវតែដោះស្រាយជាមួយពួកវា”។
“មែនហើយ គាត់កំពុងធ្វើដំណើរទៅផ្ទះ ហើយយើងពិតជាយល់ចំពោះគាត់ដែលត្រូវបានអនុញ្ញាតឱ្យមានចន្លោះទំនេរ និង ការគោរពភាពឯកជនរបស់គាត់ ដូច្នេះយើងមិនចង់និយាយលម្អិតច្រើនពេកនោះទេ”៕
ស្ទើលីងត្រឡប់ទៅអង់គ្លេសវិញក្រោយចោរប្រដាប់អាវុធចូលប្លន់ក្នុងផ្ទះ