ដោយៈទេពកង្រី/កំពង់ឆ្នាំង៖ ដោយក្តីអាណិតអាសូរចំពោះ ស្ត្រីដែល ជាកម្មករអនាម័យ ម្នាក់ដែលរងគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យ ដាច់ ជើងទាំងសងខាងកន្លងទៅសមាគមចលនា យុវជនក្រុម ១៥៧ សាខាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៤ខែធ្នូបាននាំយកថវិកាទៅ មផ្ដល់ជូនដល់ស្ត្រីរងគ្រោះ ដល់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្សី)ទីក្រុងភ្នំពេញ។

លោកស្រី ហែម សុវណ្ណនី អនុប្រធានប្រតិបត្តិ សមាគមចលនា យុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា ថ្ងៃនេះ ជំនួសមុខលោក គូរ ដារា ប្រធានប្រតិបត្តិ លោក កែវ សុវណ្ណារា ប្រធានកិត្តិយស លោកស្រី និងក្រុមការងារ បាននាំថវិកា ចំនួន ពីរ លានរៀល ដែលបានមកពីសមាជិកសមាគម និងសប្បុរស ជនមួយចំនួន មកផ្តល់ជូនដល់ស្រី្តឈ្មោះ ប៉ែន ចាន់គ្រឹស្នា ដែល រងគ្រោះ ដាច់ជើងត្រឹមភ្លៅទាំងពីរ និងទើបត្រូវបានវះកាត់ខួរក្បាល និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅឯក្រុងភ្នំពេញ ។

ជាមួយគ្នានេះ លោកស្រីបានពាំនាំនូវបណ្តាំផ្តាំផ្ញើ សាកសួរសុខទុក្ខ ដល់ប្អូនស្រី និងជូនពរប្អូនស្រីអោយបានឆាប់ជាសះស្បើយ និងវិលត្រឡប់ទៅផ្ទះវិញ ។

គូរបញ្ជាក់ផងដែរថាស្ត្រីរងគ្រោះឈ្មោះ ប៉ែន ចន្ទគ្រឹស្នា អាយុ ៣៥ឆ្នាំ ជាកម្មករអនាម័យ មានទីលំនៅភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលា បានរងគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តធន់ធំបុកពីក្រោយ បណ្តាលដាច់ជើងទាំង២ របួសក្បាល យ៉ាងធ្ងន់ធ្ងរ កាលពីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកានៅលើកំណាត់ផ្លូវជាតិ ៥ ចន្លោះគីឡូម៉ែត្រលេខ ៨៦-៨៧ នៅចំណុចមុខមន្ទីរអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង ស្ថិតក្នុង ភូមិត្រពាំងចឹក្សា សង្កាត់កំពង់ ។នៅក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះស្ត្រីរងគ្រោះត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងតែដោយស្ថានភាពរបួសធ្ងន់ធ្ងរ។ក្រុមគ្រូពេទ្យ ត្រូវបានដឹកបន្តទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀតរាជធានីភ្នំពេញ ៕សរន / N