ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំអាហារថ្ងៃត្រង់ការងារជូនលោក គ្រីស្តូ អង់ដ្រេ ហ្វ្រាសា ( Christophe – André FRASSA) សមាជិកព្រឹទ្ធសភាបារាំង និងជា ប្រធានគណៈកម្មការ នយោបាយ បារាំង APF ក្នុងអំឡុងពេលនៃបេសកកម្មសុឆន្ទៈរបស់លោកនៅព្រះរាជាណាចក្រកម្ពុជា កាលពីនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២។

ជាកិច្ចចាប់ផ្តើម លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំឭកពីចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងកម្ពុជា និងស្ថាប័នហ្វ្រង់កូហ្វូនី និងបានបញ្ជាក់ថា នៅក្នុងជួររាជរដ្ឋាភិបាលកម្ពុជា រដ្ឋមន្ត្រីជាច្រើនរូប និយាយភាសាបារាំង។ លោក គ្រីស្តូ អង់ដ្រេ ហ្វ្រាសា បានសាទរចំពោះប្រការនេះ និង បានគូសបញ្ជាក់ពីការចូលរួមយ៉ាងសកម្ម និងស្មោះស្ម័គ្ររបស់កម្ពុជានៅក្នុងគ្រួសារ APF ដ៏ធំនេះ ជាពិសេស នៅក្នុងកិច្ចប្រជុំសំខាន់នានារបស់ APF។

ទាក់ទងនឹងការបោះឆ្នោតឃុំ-សង្កាត់ កាល ពី ថ្ងៃ ទី ០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អ្នកចូលរួមបោះឆ្នោតមានអត្រាខ្ពស់លើសពី ៨០% ហើយ ជាលទ្ធផល អាសនៈចំនួន ២០% នៅក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបានកាន់កាប់ ដោយ គណបក្ស ផ្សេងៗ។ យោងទៅលើបរិបទពិភពលោកបច្ចុប្បន្ន និងអស្ថិរភាពក្នុងសកលលោក តួលេខនេះ គឺជា សូចនាក រដ៏ល្អសម្រាប់ការបោះឆ្នោតនីតិប្បញ្ញត្តិនៅឆ្នាំ២០២៣ ខាងមុខ។ នេះជាលទ្ធផល នៃ ការ អនុវត្ត គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៅ កម្ពុជា ដែលស្តែងឡើង ជាពិសេស តាមរយៈការធ្វើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំង ប្រទេស ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជាជាង ៩៥% បានទទួលវ៉ាក់សាំង។

ប្រធាន គណៈកម្មការ នយោបាយ បានបង្ហាញពីបំណងពិភាក្សាពីការបោះ ឆ្នោត នា ពេល ខាង មុខ នេះ ជាមួយនឹងចក្ខុវិស័យថ្មី ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្តល់ព័ត៌មាន ដើម្បីអាចឱ្យអ្នក សង្កេត ការណ៍អន្តរជាតិបានដឹងអំពីសកម្មភាពទាំងឡាយដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្ត នៅ ក្នុង ក្របខណ្ឌនៃការបោះឆ្នោតនីតិប្បញ្ញត្តិនាពេលខាងមុខ។

ដោយទទួលស្គាល់ថា កំណត់សម្គាល់ នេះ ពិត ជាត្រឹមត្រូវ លោកឧបនាយករដ្ឋមន្ត្រី បាន ថ្លែង អំណរគុណចំពោះលោក គ្រីស្តូ អង់ដ្រេ ហ្វ្រាសា និងមានប្រសាសន៍ដោយប្រើន័យធៀបថា “សកម្មភាពដែល ខ្ញុំផ្តល់ព័ត៌មាន ដូច្នេះ គឺជាសក្ខីកម្ម និងភស្តុតាងគ្រប់គ្រាន់ នៃតថភាព អត្តសញ្ញាណ របស់ ខ្ញុំ ”។ ជាចុងក្រោយ ប្រធានគណៈប្រតិភូនៃគណៈកម្មាធិការនយោបាយ APF បានលើក ជា សំណើ ចំនួនពីរ៖
– កិច្ចសហប្រតិបត្តិការផ្លូវការរវាង APF និងសភាអន្តរសភាអាស៊ាន (AIPA)
– ការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនាពេលអនាគតរបស់ APF នៅកម្ពុជា ដែល នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូង ចាប់តាំងពីការបង្កើតអង្គការនេះ ក្នុង ឆ្នាំ ១៩៦៧។

ភាគីកម្ពុជានឹងសិក្សាដោយយកចិត្តទុកដាក់ទៅលើសំណើទាំងពីរនេះ។ ក្នុង ករណីមាន ការ បញ្ជាក់ ជាផ្លូវការពីអាជ្ញាធរអាស៊ាន-AIPA និងអាជ្ញាធរកម្ពុជា APFនឹងឯកភាពលើសំណើនេះ។
ជំនួបនេះបានប្រព្រឹត្តទៅនៅក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយការស្ថាបនា និង បានបញ្ចប់ទៅដោយការពេញចិត្តទៅវិញទៅមករបស់ភាគីទាំងពីរ៕/PC