ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ តាម​ការ​ព្យាករ​នៅវេលា​ម៉ោង​ប្រមាណ​ជា​២១ យប់ ថ្ងៃទី​៥ ខែធ្នូ អាច​នឹងមាន​ភ្លៀង​ធ្លាក់​តិចតួច​លើ​រាជធានី​ភ្នំពេញ និង​នៅ​រសៀល​ថ្ងៃទី​១០ ខែធ្នូ អាចមាន​ភ្លៀង ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​ក្នុងភូមិ​សាស្ត្រ​ស្រុក​ព្រៃនប់​   ​តែ​មិនមាន​ភ្លៀង​ធ្លាក់​ដល់​តំបន់ឆ្នេរ​ក្រុងព្រះសីហនុ​ដែលជា​កន្លែង​រៀបចំ​បុណ្យ​សមុទ្រ​ពីថ្ងៃ​ទី​៩ ដល់​ថ្ងៃទី​១២ ខែធ្នូ​នោះទេ​។ នៅ​ពាក់កណ្តាល​ខែធ្នូ​នេះ​ធាតុអាកាស​នឹង​ចាប់ផ្តើម​ចុះ​ត្រជាក់​អាច​ដល់​កម្រិត​១២​ទៅ​១៣​អង្សា​សេ​នៅ​តំបន់​ខ្លះ​ដោយសារ​សម្ពាធ​ខ្ពស់​បាន​រុញ​ចុះមក​ខ្លាំង​។​លោក​ចាន់ យុ​ត្ថា អ្ន​ន​នាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​យ៉ាង​ដូច្នេះ​នៅ​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២២​នេះ​។​

អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បាន​និយាយ​ឱ្យដឹងទៀតថា​ធាតុអាកាស​អាច​នឹង​ចុះ​ត្រជាក់​ខ្លាំង​នៅ​ពាក់កណ្តាល​ខែធ្នូ​នេះ ដោយ​សម្ពាធ​ខ្ពស់​បាន​រុញ​ចុះមក​យ៉ាងខ្លាំង​។ សីតុណ្ហភាព​អាច​នឹង​ចុះ​ដល់​កម្រិត​១២​ទៅ​១៣​អង្សា​សេ​នៅ​តំបន់​ខ្លះ​ប្រសិនបើ​បាតុភូត​មួយ​ដែល​កំពុងមាន​សកម្មភាព​នៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​មិនអាច​ឆ្លង​ចូល​សមុទ្រ​ចិន​បាន​ទេនោះ​។ តែបើ​វា​ឆ្លង​ចូលមកក្នុង​សមុទ្រ​ចិន​ខាងត្បូង​បាន​នោះ​ស្ថានភាព​ភ្លៀង​ធ្លាក់​ខុស​ប្រក្រតី​នៅមាន​បន្ត​តែ​មិន​ច្រើន​ទេ​។​

​លោក​ចាន់ យុ​ត្ថា បាន​បញ្ជាក់ថា​សម្រាប់​ពីថ្ងៃ​ទី​៩​ដល់​ថ្ងៃទី​១២ ខែធ្នូ នៅ​ក្រុងព្រះសីហនុ​ដែលជា​កន្លែង​រៀបចំ​បុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ និង​មហាសន្និបាត​ក្លឹប ឆ្នេរសមុទ្រ​ដែល​ស្អាត​ដាច់​គេ​លើ​លោក​មិនឃើញ​មាន​សញ្ញា​ភ្លៀង​ធ្លាក់​ទេ​។ តែ​នៅ​សមុទ្រ​ក្រៅ​មាន​ខ្យល់​បក់​ខ្លាំង​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២ បាន​ជូនដំណឹង​ស្តីពី​ការ​ព្យាករ​ធាតុអាកាស សម្រាប់​ពី​ពីថ្ងៃ​ទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​៦ ខែធ្នូ​ថា ចាប់​
​ពីថ្ងៃ​ទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​២ ខែធ្នូ ព្រះរាជាណាចក្រ​កម្ពុ​ជាទ​ទួល​រង​ឥទ្ធិពល​ខ្សោយ​ពី​ទ្រនុង​សម្ពាធ​ខ្ពស់ ។ ពីថ្ងៃ​ទី​៣​ដល់​ថ្ងៃទី​៦ ខែធ្នូ ទទួលរង​ឥទ្ធិពល​ពី​ការ​ប្រសព្វ​គ្នា​រវាង​ជ្រលង​នៃ​សម្ពាធ​ទាប​រុញ​មកពី​សមុទ្រ​ចិន​ខាងត្បូង និង​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ខ្ពង់រាប​ភាគ​ឦសាន​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​លាយឡំ​ដោយ​ផ្គរ រន្ទះ​។​
សេចក្តីជូនដំណឹង​ដដែល​បានឱ្យដឹង​ទៀតថា​ស្ថានភាព​អាកាសធាតុ​ដូចខាងលើ​ធ្វើឱ្យ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២២​ទៅ​២៤​អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី​៣០​ទៅ​៣២​អង្សា​សេ​។​ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា​ដល់​ថ្ងៃទី​២ ខែធ្នូ អាចមាន​ភ្លៀង​ធ្លាក់​តិចតួច​និង​ពី​ថ្ងៃទី​៣​ដល់​ថ្ងៃទី​៦ ខែធ្នូ អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ​។​

​នៅ​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២១​ទៅ​២៣​អ​អ្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​២៩​ទៅ​៣១​អង្សា​សេ ។ ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​២ ខែធ្នូ អាចមាន​ភ្លៀង​តិចតួច និង​ពី​ថ្ងៃទី​៣ ដល់​៦ ខែធ្នូ អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម លាយឡំ​ទៅដោយ​ផ្គរ រន្ទះ​។​

​សម្រាប់​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៣​ទៅ​២៥​អ​អ្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​៣០​ទៅ​៣២​អង្សា​សេ អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​លាយឡំ​ទៅដោយ​ផ្គរ រន្ទះ​៕/R​