​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ កាសែត​រដ្ឋ​ចិន Yicai បាន​រាយការណ៍​ថា​លក្ខខណ្ឌ​សម្រាប់​ចិន​ដើម្បី​បន្ទាប​ការគ្រប់គ្រង​កូវី​ដ​១៩​របស់​ខ្លួន​ជា​ជំងឺឆ្លង​ធ្ងន់ធ្ងរ​នោះ កំពុង​មាន​ភាព​​ប្រសើរឡើង ខណៈ​មេរោគ​កូរ៉ូណា​ចាប់ផ្តើម​ចុះ​ខ្សោយ​។​

​ចាប់តាំងពី​ខែ​មករា​ឆ្នាំ ២០២០ មក ចិន​បាន​ចាត់​ថ្នាក់កូ​វីដ​១៩​ជា​ជំងឺឆ្លង​ប្រភេទ B ប៉ុន្តែ​បាន​គ្រប់គ្រង​វា​នៅក្រោម​ពិធីការ​ប្រភេទ A​ដែល​ផ្តល់​អំណាច​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការដាក់​​អ្នកជំងឺ​និង​អ្នក​ប៉ះពាល់​ជិតស្និទ្ធ​របស់​ពួកគេ​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ និង​បិទ​ខ្ទប់​តំបន់​ដែល​រង​ផលប៉ះពាល់​។​

​ជំងឺ​ប្រភេទ A នៅក្នុង​ប្រទេស​ចិន​រួម​មាន​ប៉េស្ត​ជ្រូក​និង​ជំងឺ​អាសន្នរោគ ខណៈ​ជំងឺសា (Sars)​ជំងឺអេដស៍ និង​ជំងឺ​អង់ដ្រាក់ (anthrax) ស្ថិតនៅក្រោម​ប្រភេទ B​។ ជំងឺ​ប្រភេទ C រួមមាន គ្រុនផ្តាសាយ ជំងឺ​ឃ្លង់ និង​ជំងឺ​ក្រឡ​ទែន​។​

​ជំងឺឆ្លង​ដូចជា កូវី​ដ​១៩ ដែល​មាន​ភ្នាក់ងារ​បង្ក​ជំងឺ​ខ្លាំង អត្រា​ស្លាប់​ខ្ពស់ និង​ការឆ្លង​ខ្លាំង ត្រូវបាន​ចាត់ថ្នាក់​ជា​ប្រភេទ A ឬ ប្រភេទ B ប៉ុន្តែ​ត្រូវបាន​គ្រប់គ្រង​ជា​ប្រភេទ A​។​ប៉ុន្តែ​ជាង ៩៥ ភាគរយ​នៃ​​ករណី​ឆ្លង​នៅក្នុង​ប្រទេស​ចិន​គឺ​មិន​មាន​រោគសញ្ញា​និង​មាន​កម្រិត​ស្រាល ហើយ​អត្រា​អ្នកស្លាប់​គឺ​ទាប​ណាស់​។ កាសែត Yicai បាន​រាយការណ៍​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ដោយ​ដកស្រង់​សម្តី​អ្នកជំនាញ​​ខាង​ជំងឺឆ្លង​ដែល​មិន​បញ្ចេញ​ឈ្មោះថា នៅក្រោម​កាលៈទេសៈ​បែបនេះ ការ​ប្រកាន់ខ្ជាប់​នូវ​ការគ្រប់គ្រង​ប្រភេទ A មិន​សមស្រប​នឹង​វិទ្យាសាស្ត្រ​ទេ​។​

​អ្នកជំនាញ​បាន​ប្រាប់​កាសែត Yicai ថា កូវី​ដ​១៩​អាច​ត្រូវ​បាន​បន្ទាប​ទៅ​ប្រភេទ B ឬ​សូម្បី​ប្រភេទ C ។​

​ការកែសម្រួល​ណាមួយ​ចំពោះ​ការគ្រប់គ្រង​ជំងឺឆ្លង​ដោយ​គណៈកម្មការ​សុខភាព​ជាតិ ដែល​ជា​អាជ្ញាធរ​សុខាភិបាល​កំពូល​របស់​ចិន គឺ​ទាមទារ​ការយល់ព្រម​ពី​ក្រុមប្រឹក្សារដ្ឋ​ឬ​គណៈរដ្ឋមន្ត្រី​៕

មនុស្ស​តម្រង់​ជួរ​សម្រាប់​ការធ្វើ​តេស្តិ៍ PCR នៅក្នុង​សង្កាត់​ចាវ​យ៉ាង​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០២២