ដោយៈយោធិន/ភ្នំពេញៈក្នុងគោលបំណងសំដៅលើកកម្ពស់សមត្ថភាពស្ត្រីនិងបញ្ចៀសបាននូវរាល់ការប្រឈមដែលស្ត្រីទាំងនោះត្រូវបានបញ្ជូនទៅតាមបណ្តាតំបន់បេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិផងនោះមជ្ឈមណ្ឌលរក្សាសន្តិភាព និងជម្លោះដែលហៅកាត់ថា CPCS បានដំណើរការចាប់ផ្តើមបើកវគ្គប្រមូលទិន្នន័យ វិភាគឧបសគ្គសម្រាប់ស្ត្រីនិងគម្រោងវិភាគរារាំង(Barrier Assessment) ការបញ្ជូនកងកម្លាំងស្រី្តទៅចូលរួមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ។
ក្នុងជំនួបសំដែងការគួរសមនិងពិភាក្សាការងារពាក់ព័ន្ធនិងគម្រោងខាងលើនេះកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នាស្នាក់ការមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពរវាងប្រមុខកងយោធាមួកខៀវកម្ពុជា នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ជាមួយលោកស្រី លោកស្រី Nikki Singer សហប្រធានមជ្ឈមណ្ឌលសន្តិភាពនិងជម្លោះនិងក៏មានការអញ្ជើញចូលរួមពីតំណាង UN Women និងតំណាងសកលវិទ្យាល័យ Cornellផងដែរ។
សូមបញ្ជាក់ថាៈ គម្រោងវិភាគរារាំង (Barrier Assessment) ការបញ្ជូនកងកម្លាំងស្រី្តទៅបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ ត្រូវបានផ្តួចផ្តើមដោយប្រទេសកាណាដាអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ ស្តីពីការរក្សាសន្តិភាព នៅឆ្នាំ២០១៧។
គម្រោងនេះ នឹងផ្តោតទៅលើការប្រមូលទិន្នន័យអំពីឧបសគ្គរបស់ស្ត្រីក្នុងការចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព ដែលដឹកនាំដោយវិទ្យាស្ថានមានជំនាញស្រាវជ្រាវ Centre for Peace and Conflict Studies (CPCS)។
គម្រោងនេះ បង្កើតឡើងដើម្បីបង្កើនការចូលរួមពោរពេញដោយសមត្ថភាពរបស់យោធិននារី ក្នុងបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
សូមបញ្ជាក់ថាៈវគ្គសិក្សានេះ មានរយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។ សិក្ខាកាមចំនួន ២១ នាក់ នឹងទទួលបានការបណ្តុះបណ្តាប្រកបដោយប្រសិទ្ធភាពអំពីការប្រមូលទិន្នន័យ និងសម្ភាសន៍ ពីគ្រូជំនាញចំនួន ២រូប។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានលើកទឹកចិត្តសិក្ខាកាមទាំងអស់ខិតខំរៀនសូត្រ ដើម្បីទទួលបានចំណេះដឹង និងជំនាញ ចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព។ ក្រោយជោគជ័យដំណាក់កាលទី១ នៃការប្រមូលទិន្នន័យនេះ នាយឧត្តមសេនីយ៍ ប្រមុខកងយោធាមួកខៀវកម្ពុជារំពឹងថានឹងបន្តដល់គម្រោងទី ២ និងទី៣ ដែលជាគម្រោងបង្កើនកម្លាំងស្ត្រី ក្នុងបេសកកម្មរក្សាសន្តិភាព។
ជាកិច្ចឆ្លើយតប លោកស្រី Nikki Singer ក៏បានសម្តែងការគួរសម និងអរគុណ ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមការងារនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពនិងកោតសរសើរចំពោះការចូលរួមបំពេញបេសកកម្មរបស់កងកម្លាំងមួកខៀវកម្ពុជា ដើម្បីបុព្វហេតុរក្សាសន្តិភពជូនប្រទេសកំពុងជួបវិបត្តិ៕/R