​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VOA) ៖ មហាសេដ្ឋី​បច្ចេកវិជ្ជា អេ​ឡុន ម៉ាស បាន​និយាយថា ក្រុមហ៊ុនណឺ​រ៉ា​លីង​( Neuralink)​របស់​គាត់​កំពុង​ស្វែងរក​ការអនុញ្ញាត​ដើម្បី​ធ្វើតេស្តិ៍​ការ​ផ្សាំ​បន្ទះ​ឈីប​​ក្នុង​ខួរក្បាល​របស់​មនុស្ស​ក្នុងពេល​ឆាប់ៗ​នេះ​។​

​នៅក្នុង​បទ​បង្ហាញ​ស្តីពី “​ការបង្ហាញ​និង​ការ​ប្រាប់​” ដែល​បាន​ផ្សាយ​ផ្ទាល់​កាលពី​យប់​ថ្ងៃ​ពុធ​សប្តាហ៍​មុន លោក​ម៉ា​សបាន​និយាយថា​ក្រុម​របស់​គាត់​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ស្នើសុំ​ឱ្យ​និយតករ​អាម៉េរិក​​អនុញ្ញាតឱ្យ​ពួកគេ​សាកល្បង​ឧបករណ៍​នេះ​។ លោក​បាន​និយាយថា​លោក​គិតថា​ក្រុមហ៊ុន​គួរតែ​អាច​ដាក់បញ្ចូល​វា​ក្នុង​ខួរក្បាល​មនុស្ស​ជា​ផ្នែក​មួយ​នៃ​ការសាកល្បង​គ្លីនិក​រយៈពេល​ប្រហែល​ប្រាំ​មួយខែ បើ​ទោះបីជា​ពេល​វេលា​នោះ​នៅ​ឆ្ងាយ​ពី​ភាពជាក់លាក់​ក៏ដោយ​។​

​ក្រុមហ៊ុន Neuralink របស់​លោក​ម៉ាស​គឺជា​ក្រុម​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ជាច្រើន​ដែល​ធ្វើការ​លើ​ការភ្ជាប់​ខួរក្បាល​ទៅនឹង​កុំព្យូទ័រ​ជា​ការខិតខំ​ប្រឹងប្រែង​ក្នុង​គោលបំណង​ជួយ​ព្យាបាល​ជំងឺ​វិប​​ល្លាស​ខួរក្បាល ការ​ជម្នះ​លើ​ការរង​របួស​ខួរក្បាល និង​ការអនុវត្ត​ផ្សេងៗ​ទៀត​។​

​លោក រ៉ា​ចេស រ៉ៅ (Rajesh Rao)​សហ​នាយក​នៃ​មជ្ឈមណ្ឌល​បច្ចេកវិជ្ជា​ប្រសាទ​នៃ​សាកលវិទ្យាល័យ​វ៉ាស៊ីនតោន បាន​និយាយថា វិស័យ​នេះ​មាន​តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩៦០​។​”​ប៉ុន្តែ​វា​ពិតជា​បាន​ចាប់​​ផ្តើម​ទៅមុខ​ខ្លាំង​ក្នុង​ទសវត្សរ៍​ទី ៩០​។ ហើយ​ថ្មីៗ​នេះ យើង​បានឃើញ​ភាពជឿនលឿន​ជាច្រើន ជាពិសេស​នៅក្នុង​វិស័យ​បន្ទះ​ឈីប​កុំព្យូទ័រ​ខួរក្បាល​សម្រាប់​ការធ្វើទំ​នាក់​ទំនង​”​។​

​លោក​រ៉ៅ ដែល​បាន​មើល​បទ​បង្ហាញ​របស់លោក​ម៉ាស​តាម​អន​ឡាញ បាន​និយាយថា លោក​មិន​គិតថា ក្រុមហ៊ុន Neuralink នឹង​នាំមុខ​គេ​នោះទេ ទាក់ទង​នឹង​សមិទ្ធផល​នៃ​បន្ទះ​ឈីប​ខួរក្បាល​កុំព្យូទ័រ​។ លោក​បាន​និយាយថា “​ប៉ុន្តែ​…​ពួកគេ​ពិតជា​នាំមុខ​គេ​ទាក់ទង​នឹង​ហាដវែ​នៅក្នុង​ឧបករណ៍​”​។​

​ឧបករណ៍​របស់ Neuralink មាន​ទំហំ​ប៉ុន​កាក់​ធំ​មួយ ហើយ​ត្រូវបាន​រចនា​ឡើង​ដើម្បី​ផ្សាំ​នៅក្នុង​លលាដ៍ក្បាល ដោយ​មាន​ខ្សែភ្លើង​ស្តើង​បំផុត​ត​ភ្ជាប់​ចូលទៅ​ក្នុង​ខួរក្បាល​ដោយផ្ទាល់​។​លោក​ម៉ា​សបាន​​និយាយថា ការអនុវត្ត​ចំនួន​ពីរ​ដំបូង​គេ​ចំពោះ​មនុស្ស​នឹង​ជួយ​ស្ដារឡើងវិញ​នូវ​ការមើលឃើញ​របស់​ភ្នែក​និង​ជួយ​មនុស្ស​ដែល​មាន​លទ្ធភាព​តិចតួច​ឬ​គ្មាន​លទ្ធភាព​ក្នុងការ​ដំណើរការ​សាច់ដុំ​របស់​ពួក​​គេ​បាន​ឆាប់រហ័ស ប្រើប្រាស់​ឧបករណ៍​ឌីជីថល​បាន​។​

​លោក​បាន​និយាយថា គាត់​ក៏​ស្រមៃ​ឃើញ​ផងដែរ​ថា ចំពោះ​អ្នក​ដែល​បាក់ឆ្អឹង​ក សញ្ញា​ពី​ខួរក្បាល​អាច​ត្រូវបាន​បញ្ជូន​ទៅ​ឧបករណ៍ Neuralink ក្នុង​ខួរឆ្អឹងខ្នង​។​

​លោក​ម៉ា​សបាន​និយាយថា “​យើង​មាន​ទំនុកចិត្ត​ថា​មិន​មាន​ដែន​កំណត់​ចំពោះ​ផ្នែក​រូបវ័ន្ត​ក្នុងការ​ធ្វើ​ឱ្យ​មុខងារ​រាងកាយ​ដំណើរការ​ពេញលេញ​ឡើងវិញ​នោះ​ឡើយ​”៕

លោក​ម៉ាស នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla​