​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់​វ៉ា អ៊ីប្រាហ៊ីម មិនមែន​ជា​មនុស្ស ដែល​ចេះ​អៀនខ្មាស់​ក្នុង​ការបង្ហាញ​ក្តីស្រឡាញ់​ចំពោះ​ភរិយា​បណ្ឌិត វ៉ាន់ អា​ហ្ស៊ី​ហ្សា វ៉ាន់ អ៊ី​ស្មា​អ៊ី​ល (Wan Azizah Wan Ismail) នៅលើ​បណ្តាញ​សង្គម​នោះ​ឡើយ​។​

​កាលពី​យប់​ថ្ងៃ​សៅរ៍​ទី​៣​ធ្នូ លោក​បាន​ជូនពរ​ភរិយា​លោក​នៅ​ថ្ងៃ​ខួបកំណើត​គម្រប់​អាយុ ៧០ ឆ្នាំ​។​

​លោក ដា​ទុក សិរី អាន់​វ៉ា (Datuk Seri Anwar) បាន​សរសេរ​នៅលើ​ទំព័រ Facebook និង Instagram របស់​គាត់​ថា “​គាត់​ជា​ស្ត្រី​និង​ប្រពន្ធ​រឹងមាំ ពោរពេញ​ដោយ​ក្តីស្រលាញ់ និង​លះបង់​ម្នាក់​។ ជា​ម្តាយ​គេ​ម្នាក់​ដែល​មិន​ចេះ​ធុញទ្រាន់​នឹង​ការស្រលាញ់​។ ខ្ញុំ​ពិតជា​ដឹង​គុណ​ជា​រៀងរហូត​”​។​

“​បើ​គ្មាន​អា​ហ្ស៊ី​ហ្សា​ឈរ​នៅ​ខាង​ខ្ញុំ​ទេ វា​គ្មាន​ផ្លូវ​ដែល​ខ្ញុំ​អាច​អនុវត្ត​អាណត្តិ​ដ៏​ធ្ងន់​មួយ​នេះ​នៅ​ពេល​នេះ​បានទេ​។ ខ្ញុំ​សូម​បន់ស្រន់​ឱ្យ​អា​ហ្ស៊ី​ហ្សា​នឹង​ស្ថិតនៅ​ក្រោម​ការការពារ​របស់​ទ្រង់​ជានិច្ច​។ រីករាយ​ថ្ងៃ​ខួបកំណើត​!”​។​

​អម​ជាមួយ​សារ​របស់​គាត់​គឺជា​រូបថត​ដែល​បាន​ថត​របស់​គូស្នេហ៍​នេះ​នៅពេលដែល​លោក​អាន់​វ៉ា​ធ្វើ​សន្និសីទកាសែត​ដំបូង​របស់​គាត់​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃទី ២៤ ខែវិច្ឆិកា​។​

​នៅពេល​ដែល​គូស្នេហ៍​នេះ​បាន​ប្រារព្ធ​ខួបអាពាហ៍ពិពាហ៍​លើក​ទី ៤០ របស់​ពួកគេ​ក្នុង​ឆ្នាំ ២០២០ លោក​អាន់​វ៉ា​ក៏​បាន​បង្ហោះ​សារ​លើ Twitter នូវ​ពាក្យ​ស្រលាញ់​និង​ការដឹងគុណ​ចំពោះ​ភរិយា​របស់​​គាត់​ផងដែរ​៕

លោក​អាន់​វ៉ា​និង​លោកស្រី​អា​ហ្ស៊ី​ហ្សា​ថត​ជាមួយគ្នា​នៅ​សន្និសីទកាសែត​ដំបូង​របស់​គាត់​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃទី ២៤ ខែវិច្ឆិកា​