ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ លក្ខខណ្ឌអាកាសធាតុប្រសើរឡើងកាលពីថ្ងៃចន្ទទី៥ធ្នូបានអនុញ្ញាតឱ្យក្រុមអ្នកជួយសង្គ្រោះបន្តកិច្ចខិតខំប្រឹងប្រែងជម្លៀស និងការស្វែងរកជនរងគ្រោះដែលអាចកប់ក្រោមផេះ បន្ទាប់ពីភ្នំភ្លើងខ្ពស់បំផុតនៅលើកោះសម្បូរមនុស្សបំផុតរបស់ឥណ្ឌូនេស៊ីបានផ្ទុះ ដែលបង្កឡើងដោយភ្លៀងមូសុង។
អាជ្ញាធរបានជម្លៀសមនុស្សថែមទៀតកាលពីថ្ងៃចន្ទបន្ទាប់ពីភ្នំភ្លើងផ្ទុះជាថ្មី
ភ្នំសេមេរុ (Semeru) ក្នុងស្រុកលូម៉ាចាង (Lumajang) នៅកោះជ្វាភាគខាងកើត បានបញ្ចេញផេះយ៉ាងក្រាស់ឡើងលើមេឃកម្ពស់ ១.៥០០ ម៉ែត្រកាលពីថ្ងៃអាទិត្យ។ភូមិនិងទីប្រជុំជនក្បែរនោះត្រូវបានគ្របដណ្តប់ដោយផេះដែលធ្លាក់ចុះមក ដោយបាំងពន្លឺថ្ងៃ ប៉ុន្តែមិនមានសេចក្តីរាយការណ៍អំពីអ្នកស្លាប់ឬរបួសនោះទេ។
ក្រុមអ្នកជួយសង្គ្រោះរាប់រយនាក់ត្រូវបានបញ្ជូនកាលពីថ្ងៃចន្ទទៅកាន់ភូមិដែលរងគ្រោះខ្លាំងបំផុតគឺ ស៊ុមបឺវូលូ (Sumberwuluh) និងស៊ូភីទូរ៉ាង (Supiturang) ជាកន្លែងដែលផ្ទះនិងវិហារអ៊ីស្លាមត្រូវបានកប់រហូតដល់ដំបូលផ្ទះដោយផេះភ្នំភ្លើងរាប់តោន។
ភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យសឹករេចរឹលហើយទីបំផុតបានធ្វើឱ្យដួលរលំមាត់ភ្នំភ្លើងនៅលើកំពូលភ្នំភ្លើង ៣.៦៧៦ ម៉ែត្រ ដែលបណ្តាលឱ្យមានការបញ្ចេញហ្គាសនិងកម្អែលចុះតាមជម្រាលភ្នំឆ្ពោះទៅកាន់ទន្លេក្បែរនោះ។
ជាតិហ្គាសបានហៀរចុះតាមសងខាងភ្នំ ដោយបានបំផ្លាញភូមិទាំងមូលនិងបំផ្លាញស្ពានដែលទើបតែសាងសង់ឡើងវិញបន្ទាប់ពីការផ្ទុះដ៏ខ្លាំងមួយកាលពីឆ្នាំមុន។
ការផ្ទុះដ៏ធំចុងក្រោយរបស់ភ្នំសេមេរុគឺនៅក្នុងខែធ្នូ ឆ្នាំ ២០២១ នៅពេលដែលវាបានផ្ទុះឡើងជាមួយនឹងកម្អែលដែលបានបណ្តាលឱ្យមនុស្សស្លាប់ ៥១ នាក់នៅក្នុងភូមិនានា ដែលត្រូវបានកប់នៅក្រោមស្រទាប់ភក់។
មនុស្សរាប់រយនាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរ ហើយការផ្ទុះនោះបានបង្ខំឱ្យមានការជម្លៀសមនុស្សជាង ១០.០០០ នាក់៕
ភូមិស៊ុមបឺវូលូនិងស៊ូភីទូរ៉ាងរងគ្រោះខ្លាំងជាងគេពីការផ្ទុះភ្នំភ្លើងសេមេរុកាលពីថ្ងៃអាទិត្យ