ដោយៈសុផល/ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសាររំលែកទុក្ខជូនលោក លី ចាន់ស៊ូ (Li Zhan shu) ប្រធានសភាប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន។

ខ្លឹមសារនៅក្នុងសាររំលែកទុក្ខនោះ មានសេចក្តីថា៖ ខ្ញុំមានសេចក្ដី ក្រៀមក្រំយ៉ាងក្រៃលែង នៅពេលបានទទួលដំណឹងថា លោក ចាង ហ្សេមីន អតីតប្រធានាធិបតីនៃសាធារណរដ្ឋ​ប្រជាមានិតចិន បានទទួលមរណភាព កាលពីរសៀលថ្ងៃពុធ ទី៣០ ខែ វិច្ឆិកា ឆ្នាំ ២០២២ ក្នុងជន្មាយុ ៩៦ឆ្នាំ កន្លងទៅនេះ។ស្ថិតក្នុងពេលវេលាដ៏សោក​សង្រែងនេះ ក្នុងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ សូមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះលោកប្រធាន និងតាមរយៈលោក ជូនចំពោះរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជា មានិតចិនជាបងប្អូន ក៏ដូចជាក្រុមគ្រួសារនៃសពនូវការបាត់បង់លោក ចាង ហ្សេមីន ជារដ្ឋបុរសដ៏ឆ្នើមនៃសាធារណរដ្ឋប្រជាមានិតចិន ដែលមិន​ត្រឹមតែបានចូលរួមចំណែកយ៉ាងធំធេងដល់ការកសាងវិបុលភាពរបស់សាធារណរដ្ឋប្រជាមានិតចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដល់ការ ថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោកផងដែរ។

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមចូលរួមកាន់នូវមរណទុក្ខដ៏ក្រៀមក្រំបំផុតចំពោះសព លោក ចាង ហ្សេមីន ដែលជាការបាត់បង់ដ៏ធំធេងនៃបក្សកុម្មុយនិស្ត កងទ័ព និងប្រជាជន នៃ សាធារណរដ្ឋប្រជាមានិតចិនទាំងមូល។

ដោយឡែកនៅថ្ងៃដដែលនេះ លោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ក៏បានអញ្ជើញដឹកនាំគណ:ប្រតិភូរដ្ឋសភា ចូលគោរពវិញ្ញាណក្ខន្ធ លោក ចាង ហ្សេមីន នៅស្ថានឯកអគ្គរដ្ឋទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផងដែរ៕/R