ដោយៈតារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំប្រតិ ភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក ជាំង ជីមីន អតីតប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននៅស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃទី៥ខែធ្នូ ឆ្នាំ ២០២២។

នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធជាផ្លូវការនោះសម្តេចតេជោនាយករដ្ឋមន្រ្តីបានអញ្ជើញសរសេរនិងចុះហត្ថលេខាលើសៀវភៅរំលែកទុក្ខដែលមានខ្លឹមសារជាអាទិ៍ថា៖«ខ្ញុំមានសេចក្ដីទុក្ខសោកយ៉ាងក្រៀមក្រំដែលបានទទួលនូវដំណឹងមរណភាពរបស់ឯក ឧត្ដម ជាំង ជីមីន អតីតប្រធានាធិបតីចិន កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២២»។

សម្ដេចតេជោបន្តថាមរណភាពរបស់ឯក ឧត្ដមអតីតប្រធានាធិបតីគឺជាការបាត់បង់ដ៏ធំធេងនូវរដ្ឋបុរសដ៏អស្ចារ្យរបស់ចិនដែលបានលះបង់ពេលវេលាពេញមូយជីវិតរបស់ឯកឧត្ដមដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនចិននិងវិបុលភាពនៃប្រទេស ចិន។

សម្ដេចតេជោលើកឡើងថាភាពជាអ្នកដឹក នាំដ៏ប៉ិនប្រសព្វរបស់ឯកឧត្ដមអតីតប្រធា នាធិបតីមិនត្រឹមតែផ្ដល់ជាគំរូវីរភាពដល់ប្រជាជនចិនប៉ុណ្ណោះទេប៉ុន្តែថែមទាំងទទួលបាននូវការគោរពស្រឡាញ់ពីប្រជាជនក្នុងបណ្ដាប្រទេសនានានៅលើសកលោកផង ដែរ។ឯកឧត្ដម ជាំង ជីមីន ក៏ជាមិត្តដ៏ល្អរបស់កម្ពុជាផងដែរ។ ទស្សនកិច្ចផ្លូវការនៅកម្ពុជានាឆ្នាំ២០០០របស់ឯកឧត្ដមបានផ្ដល់ សារសំខាន់ជាប្រវត្តិសាស្ត្រក្នុងការលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្កិការ កម្ពុជា-ចិន។

ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះគ្រួសារអតីតប្រធានាធិបតីជាំង ជីមីន រដ្ឋាភិបាលនិងប្រជាជនចិនក្នុងឱកាសដ៏ក្រៀមក្រំនេះ ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថាកិត្យានុភាពរបស់ឯកឧត្ដមអតីតប្រធានាធិបតីនឹងត្រូវបានចងចាំនិងគោរពស្រឡាញ់ជារៀងរហូត៕