ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ថ្មីៗនេះមជ្ឈមណ្ឌលនិងសាលាបាល់ទាត់ជាតិបាទីបានទទួលកាដូទីលានបាល់ទាត់ក្នុងសាល(Futsal)ក្រាលស្មៅសុប្បនិម្មិតពីក្រុមហ៊ុនតៃខាខបភើរេសិន របស់ជប៉ុន។

ប្រមុខសហព័ន្ធកីឡាបាល់ទាត់កម្ពុជាលោកនាយឧត្តមសេនីយ៍ សៅ សុខា បានចូលរួមក្នុងពិធីទទួលនិងប្រគល់នេះជាមួយគ្នានេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកមិកាមិម៉ាសាហ៊ីរ៉ូជាឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជានិងលោកស៊ូហ៊្សូគីថៃតូនាយកប្រតិបត្តិក្រុមហ៊ុនតៃខាខបភើរេសិនថ្នាក់ដឹកនាំមជ្ឈមណ្ឌលនិងសាលាកីឡាបាល់ទាត់ជាតិព្រមទាំងសិស្សបាល់ទាត់ដែលកំពុងហ្វឹកហាត់កីឡាបាល់ទាត់នៅក្នុងមជ្ឈមណ្ឌល។

លោក សៅ សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមហ៊ុនតៃខា របស់ជប៉ុន ដែលបានសាងសង់ទីលានបាល់ទាត់ហ្វូតសាលនេះ។ លោក បានគូសបញ្ជាក់ថា ទីលានបាល់ទាត់នេះ ឆ្លើយតបជាចាំបាច់សម្រាប់ការហ្វឹកហាត់នៅក្នុងមជ្ឈមណ្ឌល។

លោកមិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាបានថ្លែងកោតសរសើរដល់ក្រុមហ៊ុនតៃខាដែលបានចូលរួមចំណែកលើកកម្ពស់វិស័យកីឡានៅកម្ពុជា។លោកឯកអគ្គរាជទូតចាត់ទុកការជួយគាំទ្រផ្នែកកីឡាពីសំណាក់ក្រុមហ៊ុនជប៉ុនក៏ជាចំណែកជួយធ្វើឱ្យចំណងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងជប៉ុនកាន់តែល្អប្រសើរខណៈដែលចំណងទំនាក់ទំនងប្រទេសទាំងពីរ ឈានដល់គម្រប់អាយុ ៧០ឆ្នាំ នៅឆ្នាំ២០២៣។
មជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិទន្លេបាទី គឺជាថ្នាល់បណ្តុះបណ្តាលកីឡា ជាពិសេសកីឡាបាល់ទាត់ដ៏សំខាន់មួយនៅកម្ពុជា។ការហ្វឹកហាត់នេះទាមទារចាំបាច់នូវបរិក្ខារនានាគាំទ្រដល់ការហ្វឹកហាត់របស់សិស្ស។

ក្រុមហ៊ុនតៃខារបស់ជប៉ុនបានចូលរួមចំណែកគាំទ្រយ៉ាងខ្លាំងដល់កីឡាបាល់ទាត់នៅកម្ពុជា។កន្លងមកក្រុមហ៊ុនបានសាងសង់ទីលានបាល់ទាត់ហ្វូតសាលជូនទៅសាលាមិត្តភាពកម្ពុជា-ជប៉ុន នាខេត្តព្រៃវែង និងជូនទៅវិទ្យាល័យព្រែកលាបទៀតផង។

លោក ស៊ូហ៊្សូគី ថៃតូ នាយកប្រតិបត្តិក្រុមហ៊ុនតៃខា ខបភើរេសិន បានអះអាងថា លោក នឹងបន្តកសាងទីលានបាល់ទាត់ហ្វូតសាលស្មៅសិប្បនិម្មិតនៅកម្ពុជាជាច្រើនទៀត ដើម្បីគាំទ្រដល់ការហ្វឹកហាត់ផ្នែកបាល់ទាត់៕សរន