ដោយ​: ស​រិ​ទ្ធ​/​ភ្នំពេញ​: នៅ​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២២ នេះ កម្លាំង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចុះ​ស្រាវជ្រាវ និង​ឈានដល់​ការបង្ក្រាប​ទីតាំង​ដេប៉ូ​ចែកចាយ​ប្រេង យីហោ សេង លីម​ជី ស្ថិតនៅ​ផ្ទះ​លេខ​៥៧២ ផ្លូវ​៣៧១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែល​លក់​ប្រេងរំអិល​ម៉ាក TOTAL ក្លែងក្លាយ ។​

​ការចុះ​បង្ក្រាប​នេះ អនុវត្តតាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន និង​ធ្វើឡើង​តាម​ពាក្យបណ្ដឹង​របស់ ក្រុមហ៊ុន Tilleke & Gibbins ក្រោម​ការដឹកនាំ​សម្របសម្រួល​នីតិវិធី​ផ្ទា​ល់ពី​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

​គួ​រម្លឹកថា ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ដកហូត​បា​ន​ប្រេងរំអិល​ម៉ាក TOTAL ក្លែងក្លាយ ៤​ប្រភេទ ចំនួន ៦​ធុង ស្មើនឹង​៦០០​លីត្រ ។ ក្រោយពី​ធ្វើការ​ឆែកឆេរ តំណាង​អយ្យការ សម្រេច​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ដកហូត​វត្ថុតាង​ទាំងអស់ យកមក​រក្សាទុក​ជាប​ណ្តោះ​អាសន្ន នៅ​នាយក​ដ្ឌា​ន និង​តម្រូវ​ឲ្យ​ម្ចាស់​ទីតាំង​មក​សាកសួរ​បំភ្លឺ​នៅ​នាយកដ្ឋាន ដើម្បី​បន្ត​នីតិវិធី ៕​/R