​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សេត​វិមាន​កាលពី​ថ្ងៃ​ចន្ទ​ទី​៥​ធ្នូ​បាន​ថ្កោលទោស​សម្តី​កាលពី​ចុង​សប្តាហ៍​របស់​លោក ដូ​ណា​ល់ ត្រាំ ដែល​បាន​អំពាវនាវ​ឱ្យ​មាន​ការផ្អាក​ច្បាប់​រដ្ឋធម្មនុញ្ញ​ហើយ​បាន​​ជំរុញ​ឱ្យ​សមាជិក​គណបក្ស​សាធារណរដ្ឋ​រិះគន់​ខ្លាំងៗ​លើ​អតីត​ប្រធានាធិបតី​រូបនេះ​។​

​អ្នកនាំពាក្យ​សេត​វិមាន​លោក អេន​ឌ្រូ បេតស៍ (Andrew Bates) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា “​ប្រធានាធិបតី​គ្រប់រូប​និង​សមាជិក​សភា​ទាំងអស់​បាន​ស្បថ​ការពារ​រដ្ឋធម្មនុញ្ញ​នៃ​សហរដ្ឋ​អាម៉េរិក​”​។​

​លោ​កបេត​ស៍បាន​និយាយថា “​ការស្នើ​សុំ​សមាជិកសភា​ឱ្យ​បញ្ជាក់​ឡើងវិញ​នូវ​សច្ចាប្រណិធាន​របស់​ពួកគេ​និង​ថែរក្សា​រដ្ឋធម្មនុញ្ញ មិន​គួរ​ជា​បន្ទុក​ធ្ងន់​នោះ​ទេ​។​សមាជិកសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​​ត្រូវធ្វើ​រឿង​នោះ​ភ្លាមៗ ជំនួស​ឱ្យ​ការបដិសេធ​ម្តង​ហើយ​ម្តងទៀត​ក្នុង​ការឆ្លើយ​សំណួរ​សាមញ្ញ​បំផុត​នេះ​”​។​

​សមាជិក​គណបក្ស​សាធារណរដ្ឋ​មួយចំនួន​បាន​ថ្កោលទោស​ការកត់សម្គាល់​ដែល​បាន​ធ្វើឡើង​ដោយ​លោក​ត្រាំ​កាលពី​ថ្ងៃ​សៅរ៍​នៅលើ​វេទិកា​បណ្តាញ​សង្គម​អន​ឡាញ Truth Social របស់​គាត់​ប៉ុន្តែ​​មនុស្ស​ជាច្រើន​បន្ត​នៅ​ស្ងៀម​ឬ​មិន​បាន​ថ្កោលទោស​គាត់​ឱ្យ​ចំឈ្មោះ​នោះទេ​។​

​លោក​ត្រាំ​កាលពី​ខែ​មុន​បាន​ប្រកាស​ពី​ការ​ឈរឈ្មោះ​បោះឆ្នោត​លើក​ទី​បី​សម្រាប់​តំណែង​ប្រធានាធិបតី​នៅ​ឆ្នាំ ២០២៤​។​

​ដោយ​បញ្ជាក់​ឡើងវិញ​នូវ​ការអះអាង​មិន​ពិត​របស់​គាត់​ថា​ការបោះឆ្នោត​ឆ្នាំ​២០២០ ដែល​ថា​គាត់​បាន​ចាញ់​ប្រធានាធិបតី​ចូ បៃ​ដិន ត្រូវ​បាន​ក្លែងបន្លំ​នោះ លោក​ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា​”​ការ​ក្លែង​​បន្លំ​ដ៏​ធំ​និង​ទំហំ​ប្រភេទ​នេះ​អនុញ្ញាត​ឱ្យ​មាន​ការបញ្ចប់​ច្បាប់ បទ​ប្បញ្ញត្តិ និង​មាត្រា​ទាំងអស់ សូម្បី​តែ​អ្វី​ដែល​មាន​នៅក្នុង​រដ្ឋធម្មនុញ្ញ​”​។​

​ការកត់សម្គាល់​របស់​លោក​ត្រាំ​បាន​កើតឡើង ខណៈ​មាន​ប្រតិកម្ម​ចំពោះ​ការ​លាតត្រដាង​នៅលើ​បណ្តាញ​ទំនាក់ទំនង​ផ្ទៃក្នុង​នានា​អំពី​របៀប​ដែល​វេទិកា​បណ្តាញ​សង្គម Twitter​បាន​រឹតបន្តឹង​ការ​ផ្សព្វ​​ផ្សាយ​របាយការណ៍​របស់​កាសែត New York Post ក្នុងអំឡុង​យុទ្ធនាការ​បោះឆ្នោត​ឆ្នាំ ២០២០ អំពី​កូនប្រុស​របស់​លោកបៃ​ដិន លោក​ហាន់​ធឺ (Hunter)​រួម​ទាំង​ការដោះស្រាយ​អាជីវកម្ម​របស់​គាត់​​ជាមួយ​ក្រុមហ៊ុន​បរទេស​។ លោកបៃ​ដិនបាន​បដិសេធ​រាល់​ការធ្វើខុស​ទាំងឡាយ​។​

​ត្រាំ​បាន​ព្យាយាម​កែសម្តី​របស់គាត់​ជាមួយនឹង​សារ​បង្ហោះ​លើ Truth Social មួយ​ផ្សេង​ទៀត​កាលពី​ថ្ងៃ​ចន្ទ​ថា​”​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​គឺ​នៅ​ពេល​ដែល​មាន​ការ​ក្លែងបន្លំ​និង​ការ​បោក​បញ្ឆោត​រីក​រាល​​ដាល​ទ្រង់ទ្រាយ​ធំ​” ដូច​ដែល​ត្រូវ​បាន​បញ្ជាក់​មិន​អាច​ប្រកែក​បាន​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២០ ដូច្នេះ​ជំហាន​នានា​ត្រូវតែ​ធ្វើឡើង​ភ្លាមៗ​ដើម្បី​កែ​កំហុស​។​

​អតីត​អនុ​ប្រធានាធិបតី​លោក ម៉ៃ ផេន (Mike Pence) និង​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក ច​ន បូល​តុ​ន (John Bolton) ដែល​ជា​សមាជិក​គណបក្ស​សាធារណរដ្ឋ​ទាំងពីរ​បាន​រិះគន់​សម្តី​​លើកឡើង​របស់​ត្រាំ​កាលពី​ថ្ងៃ​ចន្ទ ដោយ​លោក​បូល​តុ​ន​និយាយថា លោក​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ដើម្បី​ពិចារណា​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ដោយ​ខ្លួនឯង​ប្រសិនបើ​សមាជិក​គណបក្ស​សាធារណរដ្ឋ​​កាន់តែ​ច្រើន​មិន​បញ្ចេញ​មតិ​លើ​សម្តី​របស់​ត្រាំ​។​

​ព្រឹទ្ធ​សមាជិក​មកពី​គណបក្ស​សាធារណរដ្ឋ លោក ច​ន ខ័​រនី​ន (John Cornyn)​លោកស្រី លី​សា មួ​កូ​វស្គី (Lisa Murkowski) លោក ច​ន ធុន (John Thune) និង លោក ម៉ៃ រ៉ោន (Mike Rounds) ក៏​បាន​ថ្កោលទោស​លោក​ត្រាំ​ផងដែរ​។​

​លោក​ខ័រនី​ន​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា “​ខ្ញុំ​គ្រាន់តែ​គិតថា​វា​ជា​ការ​មិន​ទទួលខុសត្រូវ​”​។​

​លោក​ធុន​ជា​សមាជិក​សភា​បក្ស​សាធារណៈរដ្ឋ​លេខ ២ បាន​និយាយថា “​ខ្ញុំ​មិន​អាច​ប្រកែក​បាន​នោះ​ទេ​។ ខ្ញុំ​បាន​ស្បថ​ដើម្បី​ការពារ​និង​គាំទ្រ​វា (​រដ្ឋធម្មនុញ្ញ​) ហើយ​ខ្ញុំ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​វា​”​។​

​ទោះយ៉ាងណា ទាំង​លោក​ខ័រនី​ននិង​លោក​ធុន​មិន​បាន​និយាយ​ថា​ការលើ​កឡើង​របស់​លោក​ត្រាំ​គួរតែ​បាន​ដកសិទ្ធិ​គាត់​ជា​បេក្ខជន​ប្រធានាធិបតី​នោះ​ទេ​នៅពេលដែល​ពួកគេ​ត្រូវបាន​សួរ​ដោយ​អ្នក​​សារព័ត៌មាន​។​

​សូមបញ្ជាក់​ថា ត្រាំ​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ផ្លូវច្បាប់​ជាច្រើន​។​

​ក្រសួង​យុត្តិធម៌​កំពុង​ស៊ើបអង្កេត​កិច្ចខិតខំ​ប្រឹងប្រែង​របស់​គាត់​ដើម្បី​លុបចោល​លទ្ធផល​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២០​និង​ការដក​យក​ឯកសា​រសម្ងា​ត់​រដ្ឋាភិបាលរ​បស់​គាត់​ចេញ​ពីសេត​វិមាន​​បន្ទាប់​ពី​ចាកចេញ​ពី​តំណែង​។ គាត់​ក៏​ប្រឈម​មុខ​នឹង​ការស៊ើបអង្កេត​របស់​រដ្ឋ​នៅរ​ដ្ឋ​ច​ច​ចៀ​ផង​ដែរ​ជុំវិញ​ការជំរុញ​របស់​គាត់​ឱ្យ​ប្រែ​ក្រឡា​ស់ការ​ចាញ់ឆ្នោត​របស់គាត់​នៅក្នុង​រដ្ឋ​នោះ​រួមជាមួយ​នឹង​ការ​ស៊ើប​​អង្កេត​អំពី​ការប្រព្រឹត្ត​ខុស​ដោយ​ក្រុមហ៊ុន​របស់​គាត់​គឺ Trump Organization៕

លោក​ត្រាំ​ប្រឈម​ការ​ថ្កោលទោស​ពី​សមាជិក​សភា​រឿង​និយាយ​ប៉ះពាល់​រដ្ឋធម្មនុញ្ញ​