ដោយះសរិទ្ធ/ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្រោយធ្វើសកម្មភាព កាប់យុវជនម្នាក់ប្លន់យកម៉ូតូមួយគ្រឿង បណ្ដាលឲ្យជនរងគ្រោះរងរបួសក្បាលធ្ងន់ធ្ងរ កាលពីវេលាម៉ោង៩៖៣០នាទីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ នៅតាមផ្លូវបេតុងត្រង់ចំណុចដីវាល ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះនៅក្នុងករណីកាប់ប្លន់នោះឈ្មោះសាត បូរី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រងរបួសបែកក្បាលធ្ងន់ធ្ងរដេរជាច្រើនថ្នេរ។

ដោយឡែកបុរសជនសង្ស័យទាំង៣នាក់រួមមាន ១-ឈ្មោះ ប៉ែន ចិន អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ ២-ឈ្មោះផាន ភក្ដី អាយុ៣២ឆ្នាំ ជនសង្ស័យទាំង២នាក់នេះមានមុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និង៣-ឈ្មោះនៅ ស៊ីថា អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ។ជាមួយគ្នានោះ សមត្ថកិច្ចដកហូតបានកាំបិតបុ័ងតោ១ កាំបិតចុងស្រួច២ដើម ដំបងដែក១ និងឧបករណ៍សម្រាប់កាច់សោ កម៉ូតូ១ឈុតផងដែរ។

គួរបញ្ជាក់ផងដែរថា នៅមុនពេលកើតហេតុ យុវជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាស្គូពី ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IC-1594 ចេញពីផ្ទះតាមផ្លូវខាងលើឆ្ពោះទៅកាន់ផ្លូវលេខ២០០៤ ដើម្បីរកទិញអីហូប ។ លុះមកដល់ត្រង់ចំណុចកើតហេតុ ក៏បានឈប់ហើយអង្គុយនិយាយទូរស័ព្ទនៅលើម៉ូតូ ស្រាប់តែក្រុមជនសង្ស័យទៅដល់យកកាំបិតបុ័ងតោកាប់ក្បាលយុវជនរងគ្រោះរងរបួសធ្ងន់ធ្ងរ រួចយកម៉ូតូជិះគេចខ្លួនបាត់ស្រមោលតែម្ដង ។

បច្ចុប្បន្នសមត្ថកិច្ច កំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងចាត់ការតាមច្បាប់ ៕ N