ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅបរិវេណ ពហុកីទ្បដ្ឋានជាតិអូទ្បាំពិក សង្កាត់វាលវង់ ខណ្ឌ៧មករានាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ប្រជាពលរដ្ឋបានស្នើនិងសំណូមពរ អោយអាជ្ញាធរ ជួយជួសជុលកាំជណ្តើរឡើងរួម ការសុំជួយទប់ស្កាត់ក្មេងទំនើង ទប់ស្កាត់ចោរគាស់ផ្ទះនិងការស្នើសុំជួយពន្លឿនការផ្តល់កម្មសិទ្ធិផ្ទះសំបែងជាដើម។គួរបញ្ជាក់ថា នេះជាខណ្ឌទី១៣ហើយដែលបានបើកវេទិការួចហើយក្នុងចំណោមខណ្ឌទាំង១៤របស់រាជធានីភ្នំពេញ។វេទិកានេះធ្វើឡើងក្រោមវត្តមានលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី កែវ សុខពិសី អភិបាលរងរាជធានី តំណាងអោយលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។


វេទិកានេះប្រជាពលរដ្ឋបានលើកឡើងជាសំណួរនិងសំណើរដោយផ្ទាល់មាត់ចំនួន៤នាក់និងសំណើរជាលាយលក្ខណ៍អក្សរចំនួន៧បញ្ហា ។ ចំពោះ សំណួរនិងសំណើរផ្ទាល់មាត់រួមមាន៖ ប្រជាពលរដ្ឋរស់នៅភូមិ៥ សង្កាត់អូឬស្សីទី៤ បានស្នើនិងសំណូមពរ អោយអាជ្ញាធរ ជួយជួលជុលកាំជណ្តើរឡើងរួម ដោយជណ្តើរ នោះ ពុកផុយងាយនឹងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋរាប់សិបគ្រួសារ ។ ប្រជាពលរដ្ឋរស់នៅភូមិ១២ សង្កាត់វាលរង់ ស្នើសុំជួយទប់ស្កាត់ក្មេងទំនើង ទប់ស្កាត់ចោរគាស់ផ្ទះនិងការស្នើសុំជួយពន្លឿនការផ្តល់កម្មសិទ្ធិផ្ទះសំបែងអោយបានលឿន ខណៈដែលលោក អភិបាលរាជធានីភ្នំពេញក៏បានយកចិត្តទុកដាក់ខ្លាំងលើបញ្ហានេះដែរនោះ។
ចំពោះការលើកឡើងជាសំណើរផ្ទាល់មាត់ទាំង៤នាក់ខាងលើនេះ ត្រូវបានលោក ថេង សុថុល អភិបាលខណ្ឌមករា បញ្ជាក់ថា ចំពោះការស្នើសុំជួលជុលកាំជណ្តើរឡើងរួម នៅភូមិ៥ សង្កាត់អូឬស្សីទី៤ លោកបានអោយមន្ត្រីជំនាញចុះសិក្សាហើយ នៅពេលដែលលោកបានផ្លាស់មកធ្វើជាអភិបាលខណ្ឌ៧មករារយៈពេល៤ខែនេះ ។លោកបន្តថា ការជួសជុលកាំជណ្តើរឡើងរួមនេះ មិនមែនចេះតែធ្វើនោះទេ ពោលគឺ ទៀមទារការសិក្សាពីលក្ខណៈបច្ចេកទេសជាមុនសិន ទើបអាចជួសជុលបាន ជៀសវាងគ្រោះថ្នាក់ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីការងារនេះអាជ្ញាធរយើងបានយកចិត្តទុកដាក់ហើយ។ ចំពោះការស្នើសុំជួយទប់ស្កាត់ក្មេងទំនើង ទប់ស្កាត់ចោរគាស់ផ្ទះ ក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌ យើងបាននិងកំពុងប្រឹងប្រែង ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋ។ ដោយឡែកចំពោះការស្នើសុំជួយពន្លឿនការផ្តល់កម្មសិទ្ធិផ្ទះសំបែងអោយបានលឿននោះ លោកក៏បានបញ្ជាក់ផងដែរថា ការងារនេះរាជធានីភ្នំពេញលោក បានយកចិត្តទុកដាក់ណាស់ ដោយបានបញ្ជាអោយលោកឃ្លាំង ហួត អភិបាលរងរាជធានីចុះមកអនុវត្ថការងារនេះជាបន្តបន្ទាប់ ប៉ុន្តែដោយសារការងារច្រើនពេក ពាក់ព័ន្ធកិច្ចប្រជុំអាស៊ានទើបការងារនេះត្រូវបានលើកពេលជាបន្តបន្ទាប់ តែទោះជាយ៉ាងណាក្តីការងារនេះយើងនឹងពន្លឿនអោយបានលឿនទៅតាមការចង់បានរបស់ប្រជាពលរដ្ឋ។
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកម៉ប់ សារិន បានមានប្រសាសន៍ថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំបេញ ត្រូវបានធ្វើ ឡើងក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើររបស់ប្រជាពលរដ្ឋ ។ប៉ុន្តែក្នុងរយៈពេល២ឆ្នាំជាប់គ្នានេះត្រូវបានខកខានដោយការរាតត្បាតជម្ងឺកូវីដ-១៩ យើងមិនបានជួបជុំគ្នាបែបនេះទេ ។ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធនិងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងលឺ និងរកយន្តការដោះស្រាយជូន៕ N