ដោយ : ប.ជ័យ / បន្ទាយមានជ័យ: អភិបាលរងខេត្តបន្ទាយមានជ័យ លោកឈឿង ក្រៃយ៉ុង អះអាងថា មិនមានការគម្រាមកំហែងអ្នកកាសែតឬនគរណាឡើយ ហើយក៏គ្មានពលរដ្ឋគូវិវាទណាលើកគ្នាតវ៉ាឬប៉ះទង្គិចគ្នាដែរពេលមន្ត្រីចម្រុះទៅពិនិត្យគម្រោងអភិវឌ្ឍន៍ភ្នំដូងព្រះ តាមលិខិតរបស់ខុទ្ទកាល័យសម្តេចតេជោនិងសំណើរបស់ក្រុមហ៊ុន ដែលស្នើទីតាំងភ្នំនោះដើម្បីធ្វើជារមណីយដ្ឋាន ជាមជ្ឈមណ្ឌលពិព័រណ៍ សណ្ឋាគារ ម៉ូតែល សួនដំណាំ សួនធម្មនិងសួនកំសាន្ត ស្ថិតនៅភ្នំដូងព្រះភូមិអូរអំបិលសង្កាត់អូរអបិលនិងភូមិខ្លាកូនចាស់ ភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។

លោកបានប្រាប់កាសែតរស្មីកម្ពុជាកាលពីថ្ងៃទី០៤ខែធ្នូឆ្នាំ២០២២ថា តាមពិត ការទៅពិនិត្យ វាយតម្លៃនោះជាការអនុវត្តលិខិតបង្គាប់ការរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យលេខ០៣៩/២២ លបក ចុះថ្ងៃទី១៧ខែតុលាឆ្នាំ២០២២ ចុះហត្ថលេខាដោយលោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ
និងក៏យោងតាមលិខិតលេខ២៧០ខន/០២២ ចុះថ្ងៃទី១៨ខែកុម្ភ:ឆ្នាំ២០២២ របស់ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ស្តីពីសំណើរសុំការអនុញ្ញាតិធ្វើការវិនិយោគភ្នំដូងព្រះ។

លោកឈឿន ក្រៃយ៉ុង បានបញ្ជាក់ថា : ក្នុងលិខិតបង្គាប់ការនោះមានសមាសភាពជាថ្នាក់ដឹកនាំនិងមន្ត្រីចម្រុះ ដែលមានលោកអភិបាលខេត្តជាប្រធាន លោកផ្ទាល់ លោកនាយករដ្ឋបាល ជាអនុប្រធាននិងនាយករងរដ្ឋបាល ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មន្ទីររ៉ែនិងថាមពល មន្ទីរបរិស្ថាន អភិបាលក្រុងសិរីសោភ័ណ នាយក នាយករងទីចាត់ការផែនការនិងវិនិយោគ នាយកទីចាត់ការអន្តរវិស័យ ការិយាល័យវិនិយោគ ប្រធានការិយាល័យភូមិបាលក្រុង ចៅសង្កាត់អូរអំបិល ចៅសង្កាត់កំពង់ស្វាយជាសមាជិក ។ពោលគឺនៅពេលទៅពិនិត្យនោះ ក្នុងនាមរដ្ឋបាលខេត្ត មន្ត្រីគ្រាន់ពិនិត្យ តឬមិនមានសិទ្ធិសម្រេចយ៉ាងណានោះឡើយ គឺត្រៀមធ្វើរបាយការណ៍តបគោរពជូនខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រីតែប៉ុណ្ណោះ ។ ព្រោះថា លិខិតរបស់លោកស្រីគង់ មាន ប្រធានក្រុមហ៊ុនគង់ មាន ត្រេឌីង ឯ ក ចុះថ្ងៃទី១១ខែកុម្ភ:ឆ្នាំ២០២២ គោរពជូនសម្តេចតេជោហ៊ុន សែន បានស្នើសុំការអនុញ្ញាតិធ្វើការវិនិយោគភ្នំដូងព្រះដូចទីតាំងនិងបំណងខាងលើសម្រាប់រយ:ពេល៥០ឆ្នាំ ។
ក្រុមហ៊ុននេះ ក៏មានវិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មនិងមានប័ណ្ណពន្ធប៉ាតង់ ត្រឹមត្រូវហើយដែរ ។ហេតុនេះ ខុទ្ទកាល័យសម្តេចតេជោបានធ្វើដីកាបញ្ជូនលិខិតលិខិតនោះទៅលោកអភិបាលខេត្តបន្ទាយមានជ័យមេត្តាពិនិត្យនិងលើកយោបល់ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីដើម្បីពិនិត្យនិងសម្រេច។

តមក នៅថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២២ កន្លងមក រដ្ឋបាលខេត្តបន្ទាយមានជ័យបានចាត់អោយលោកឈឿន ក្រៃយ៉ូង អភិបាលរងខេត្តបន្ទាយមានជ័យដឹកនាំមន្ត្រីអាជ្ញាធរ សមត្ថកិច្ចនិងអ្នកពាក់ព័ន្ធដូចសមាសភាពខាងលើទៅពិនិត្យទីតាំងដីភ្នំដូងព្រះដូចទីតាំងខាងលើ។

ក្នុងពេលនោះដែរ ក៏មានពលរដ្ឋមួយចំនួនមកពីសង្កាត់អូរអំបិលបានអញ្ជើញទៅទីនោះ តាមការប្រាប់របស់លោកស្រីចៅសង្កាត់អូរអំបិល ផងដែរ។
ពលរដ្ឋទាំងនោះ អះអាងថា មានដីចម្ការនិងដីលំនៅឋាននៅម្តុំទីនោះដែរ ហើយបារម្ភពីមានផលប៉ះពាល់របស់គម្រោងវិនិយោគភ្នំព្រះនោះ ប៉ុន្តែ ក្រោយពីមន្ត្រីបានស្តាប់ការពន្យល់បកស្រាយនិងបានជ្រាបពីបំណងនៃបេសសកកម្មរបស់មន្ត្រីក្នុងសមាសភាពខាងលើ បងប្អូនប្រជាពលរដ្ឋបានយល់ជ្រាបនិងវិលត្រឡប់ទៅលំនៅឋានវិញដោយសុខស្រួល។

ពួកគាត់មិនបានតវ៉ាជំទាស់នឹងមន្ត្រី ឬមានវិវាទប៉ះទង្គិចសំដី កាយវិការឬឧបករណ៍ ដែលបង្កពីអះអាងត្រួតស៊ីគ្នាលើដីដែលអះអាងដោយពលរដ្ឋនៅភូមិខ្លាកូនចាស់ ខ្លាកូនថ្មីសង្កាត់កំពង់ស្វាយក៏ទេដែរ ។

លោកបានបន្តថា : ចំណែកអ្នកសារព័ត៌មានក្នុងស្រុកដែលបានចុះទៅយកព័ត៌មាននិងសម្ភាសន៍ពីចម្ងាយពីករណីនេះ ក៏ទទួលការឆ្លើយប្រាប់តាមកម្រិតដែនសមត្ថកិច្ចរបស់មន្ត្រី រួមទាំងផង ដែរ។

សូមរំលឹកថា ដីតំបន់ភ្នំដូងព្រះនេះ កាលពីអាណត្តិ លោកសួន បវរ ជាអភិបាលខេត្តបន្ទាយមានជ័យមុនឆ្នាំ២០១៩ដែលបានគ្រោងយកទីតាំងដីភ្នំព្រះនេះទំហំជាង២០ហិចតាសំរាប់គម្រោងសាងសង់ពហុដ្ឋានកីឡា ដោយរដ្ឋបាលខេត្តបានប្រគល់អោយក្រុមហ៊ុនអ៊ី អិល អេច(ELH ) របស់លោក តាន់ គឹមហួត ធ្វើជាដៃគូអភិវឌ្ឍន៍ ៕ N