រាប់ម៉ឺន​នាក់​ត្រូវបាន​ជម្លៀស​នៅ​ជប៉ុន ខណៈ​ភ្លៀង​ធ្លាក់​ខ្លាំង​មិន​ធ្លាប់​ជួប​សម្លាប់​មនុស្ស​២​នាក់​

3574
ចែករម្លែក

មនុស្ស​រាប់ម៉ឺន​រាប់សែន​នាក់​នៅ​ទូទាំង​ភាគ​ខាងលិច​និង​ភាគ​កណ្តាល​ជប៉ុន ត្រូវបាន​ជម្លៀស​ចេញពីផ្ទះ​របស់គេ​កាលពី​ថ្ងៃ​សុក្រ​ទី​៦​កក្កដា ខណៈ​ភ្លៀង​ដូច​គេ​ហែក​មេឃ​​បាន​ចាក់​ស្រោច​លើ​ប្រជាជាតិ​នេះ ដោយ​បង្ក​ការ​ជន់​លិច​ទន្លេ ការបាក់​ដី​និង​បណ្តាលអោយ​ស្លាប់​មនុស្ស​យ៉ាងតិច​២​នាក់​។​

​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​បាន​និយាយថា ភ្លៀង​ធ្លាក់​ខ្លាំង​ជា​ប្រវត្តិសាស្ត្រ និង​បាន​ព្រមាន​អំពី​ការធ្លាក់​ភ្លៀង​បន្ថែម​រហូតដល់​ថ្ងៃអាទិត្យ​។​ត្រឹម​ថ្ងៃ​សុក្រ មួយផ្នែក​នៃ​កោះ​​ហុក​កៃ​ដូ​បានទទួល​កំ​រឹត​ទឹកភ្លៀង​ស្មើនឹង​២​ដង​នៃ​កំរិត​ទឹកភ្លៀង​ធ្លាក់​តាម​ធម្មតា​។​

​ទូរទស្សន៍​ជាតិ​NHK បាន​និយាយថា យ៉ាងហោចណាស់​មនុស្ស​២​នាក់​បាន​ស្លាប់ ដោយ​បុរស​ម្នាក់​ត្រូវ​ទឹក​កួច​ចូលក្នុង​លូ​និង​ស្ត្រី​ចាស់​ម្នាក់​ត្រូវ​ខ្យល់​វាយ​ដួល​។​មនុស្ស​​ជាច្រើន​នាក់​ទៀត​កំពុង​បាត់​ខ្លួន រួមទាំង​អ្នកបើករថយន្ត​ដាក់​ទឹកដោះគោ​តាម​ផ្ទះ​ម្នាក់ ដោយ​ត្រូវ​ទឹក​ហូរ​នាំយក​ទាំង​រថយន្ត​ទាំង​មនុស្ស​។​ក្មេង​សិស្សសាលា​ម្នាក់​ក៏ត្រូវ​​ទឹកជំនន់​ហូរ​នាំយក​ចូលក្នុង​ប្រឡាយទឹក​បាត់​។​

​មនុស្ស​ជាច្រើន​នាក់​ទៀត​រងរបួស ដោយ​៤​នាក់​រងរបួស​ធ្ងន់​។​មនុស្ស​មួយចំនួន​ក៏ត្រូវ​ដី​បាក់​សង្កត់​កាលពី​ថ្ងៃ​សុក្រ ហើយ​ពួក​អ្នក​ជួយសង្គ្រោះ​កំពុង​ជីក​រក​ពួកគេ​។​

​មនុស្ស​ប្រមាណ​១៦៨.០០០​នាក់ ត្រូវបាន​បញ្ជា​អោយ​ចាក​ចេញពីផ្ទះ​រួចជាស្រេច​ដោយសារ​ប្រឈម​នឹង​ការបាក់​ដី​និង​ទឹកជំនន់ និង​មនុស្ស​១,២​លាន​នាក់​ទៀត​ត្រូវបាន​ប​​ញ្ជា​អោយ​ចាកចេញ​នៅ​ថ្ងៃ​សុក្រ​ទី​៦​កក្កដា​។​ភ្លៀង​ក៏​វាយប្រហារ​ទីក្រុង​បុរាណ​និង​ទេសចរណ៍​ត្យូ​តូ​ខណៈ​សេវា​រថភ្លើង​នៅ​ទូទាំង​តំបន់​ខាងលិច​និង​កណ្តាល​ជប៉ុន​​ត្រូវបាន​ផ្អាក​៕ដោយ:វាសនា

​ស្ត្រី​ជប៉ុន​ម្នាក់​ពាក់​ឈុត​ប្រពៃណី​គី​ម៉ូ​ណូ ថតរូប​ទឹកទន្លេ​កា​មុ ដែល​កំពុង​ឡើង​ក្រោយ​ការធ្លាក់​ភ្លៀង នៅលើ​ស្ពាន​មួយ​នៃ​ក្រុង​ត្យូ​តូ​កាលពី​ថ្ងៃ​៥​កក្កដា​

ទីតាំងផ្សាយពាណិជ្ជកម្ម