ដោយៈយោធិន/ភ្នំពេញៈ រាត្រីនៃថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ កម្ពុជា បានបញ្ជូនកងយោធាមួកខៀវកម្ពុជាចំនួនពីរកងរួម មានកងអនុសេនាធំវិស្វកម្មថែទាំអាកាសយានដ្ឋានដែលមានកម្លាំងចំនួន១២៩នាក់(នារី១៦នាក់) និងកងអនុសេនាធំកម្ទេច គ្រាប់ មិនទាន់ផ្ទុះEOD មានចំនួនសរុប១៤៤នាក់(នារី១៨នាក់) សម្រាប់ប្តូរវេនកងកម្លាំងដែលសម្រេចបានជោគជ័យរយៈកាលមួយឆ្នាំកន្លងទៅនៅតំបន់ប្រតិបត្តិការក្រោមឆត្រអង្គការសហប្រជាជាតិ(អ.ស.ប)នៅសាធារណរដ្ឋម៉ាលី។

សូមបញ្ជាក់ថាៈកងកម្លាំងEODដែលចេញដំណើរទៅកាន់តំបន់បេសកកម្មនៅសាធារណរដ្ឋម៉ាលីនាពេលនេះបានជាកម្លាំងនាំមុខចំនួន៤៤នាក់និងនៅចុងខែធ្នូ ឆ្នាំនេះដែរ នឹងបញ្ជូនបន្ថែម ចំនួន១០០នាក់ទៀត ដើម្បីទៅចូលបំពេញបេសកកម្មអង្គការ សហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី ដើម្បីប្តូរវេនកម្លាំង ចាស់ ដែលបានបញ្ចប់រយៈមួយឆ្នាំ។

ក្នុងឱកាសសំណេះសំណាលមុនពេលយុទ្ធដំណើរកងប្តូរវេនទាំងពីរខាងលើនេះទៅកាន់តំបន់បេសកកម្ម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គ នាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានមានប្រសាសន៍ លើកឡើងថាៈ កម្ពុជាបានរួមចំណែកបញ្ជូនកម្លាំងរក្សា សន្តិភាពរបស់ខ្លួន ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដើម្បីជួយដល់បណ្តាប្រទេសដែល កំពុងប្រឈម និង រងគ្រោះដោយសារមីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម និងចូលរួមធ្វើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងធ្វើការថែទាំ អាកាសយានដ្ឋាន។

ប្រមុខកងយោធាមួកខៀវកម្ពុជាបានថ្លែងបន្តថាៈប្រតិបត្តិការសន្តិភាព គឺជាគោលការណ៍សកល បាននិងកំពុងដើរតួនាទីយ៉ាង សំខាន់ តាមរយៈការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ប្រតិបត្តិការរួមគ្នា ក្នុងការជួយដល់បណ្តាប្រទេសដែលរងការ ហែកហួរដោយសារជម្លោះប្រដាប់អាវុធភ្លើងសង្គ្រាម និងចូល រួមជាមួយសាមីប្រទេសក្នុងការស្តារនិតិសម្បទារសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ស្របតាមគោលការណ៍អង្គកា រ សហប្រជាជាតិ សំដៅកសាងមាគ៌ាឆ្ពោះទៅកាន់ពិភពលោក មួយដែលមានសន្តិភាព និងវឌ្ឍនភាព។

ប្រទេសកម្ពុជាបានក្លាយជាប្រទេសឈានមុខគេមួយក្នុងការបញ្ជូនអ្នកដោះមីនរបស់ខ្លួនទៅសម្រាលទុក្ខលំបាករបស់ប្រជាជនដទៃទៀតដែលរងផលប៉ះពាល់ដោយសង្គ្រាម។នេះបើតាម ការបញ្ជាក់បន្ថែមពីលោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌល ជាតិរក្សាសន្តិភាព។

សូមបញ្ជាក់បន្ថែមផងដែរថាៈចាប់តាំងពីឆ្នាំ២០០៦ រហូត មកដល់ឆ្នាំ២០២២ កម្ពុជាបានសម្រេចបញ្ជូន កងកងកម្លាំង ចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពសរុបចំនួន ៨.៤៧៥នាក់ នៅក្នុងប្រទេសចំនួន៩ រួមមានៈ ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន។

បច្ចុប្បន្ន កងកម្លាំងយោធាមួកខៀវកម្ពុជា ចំនួន ៨០១ ក្នុងចំណោមនោះក៏មានយុទ្ធនារីមួកខៀវចំនួន១១៨នាក់បាននិងកំពុងបំពេញ កាតព្វកិច្ចរក្សាសន្តិភាព នៅ ប្រទេស ស៊ូដង់ ខាងត្បូង លីបង់ ម៉ាលី និង សាធារណរដ្ឋ អាហ្វ្រិក កណ្តាល។នេះបើតាមប្រសាសន៍លើកឡើងក្នុងបទសម្ភាសន៍របស់ប្រមុខកងយោធាមួកខៀវកម្ពុជាជាមួយបណ្តាញព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញក្នុងឱកាសជូនដំណើរកងយោធាមួកខៀវកម្ពុជាទៅកាន់តំបន់បេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋម៉ាលី៕សរន / N