ដោយៈប.ខុន/ ភ្នំពេញៈផលត្រីចាប់បាននៅតាមគន្លង ដាយ ជួលពីរដ្ឋបាលជលផលនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅមុនពេលមិនទាន់មានភ្លៀងកាលពីយប់ថ្ងៃទី៥ឆ្លងចូលថ្ងៃទី៦ធ្នូក្នុងរយៈពេលកន្លះម៉ោងលើកម្តងបានត្រីចម្រុះច្រើនជាង២០គីឡូក្រាម។តែនៅព្រឹកថ្ងៃទី៦ខែធ្នូលើកម្តងបានត្រីមិន ដល់ ១០គីឡូក្រាមទេ ។ ផលត្រីចម្រុះចាប់ បាននៅតាមគន្លងដាយ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនៅថ្ងៃទី៥ខែធ្នូបានចំនួនប្រមាណជា១.៥០០គីឡូក្រាម។

លោក ងិន ឌី នាយខណ្ឌរដ្ឋបាលជលផលរាជធានី ភ្នំពេញ បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៦ខែធ្នូថា ការចាប់ត្រីតាម គន្លងដាយនៅដងទន្លេសាបក្នុងភូមិសាស្ត្ររាជធានីភ្នំពេញរហូតមកដល់ថ្ងៃ១៣កើតខែមិគសិរត្រូវនឹងថ្ងៃទី៦ខែធ្នូនេះមិនទាន់ចាប់បានច្រើនៅឡើយទេ ដោយសារអាកាសធាតុមិនល្អ (ភ្លៀង) នៅមុនថ្ងៃមិនទាន់ មានភ្លៀងក្នុងរយៈពេលពីកន្លះម៉ោង ទៅមួយម៉ោងលើកដាយម្តងបានត្រីពីចម្រុះជាងគីឡូក្រាម តែបន្ទាប់ពីមានភ្លៀងរលឹមកាលពីពេលយប់ធ្វើឱ្យផលត្រីចាប់បានមានការថយចុះវិញ គឺរយៈពេលជាងកន្លះម៉ោងលើកម្តង បាន ត្រីចម្រុះមិនដល់១០គីឡូក្រាមទេ។

នាយខណ្ឌរដ្ឋបាលជលផលខាងលើនិយាយឱ្យដឹងទៀតថាផល ត្រីចម្រុះដែលចាប់បាននៅតាមគន្លងដាយទាំង១៧ សម្រាប់ ថ្ងៃទី៥ខែធ្នូដល់ព្រឹកថ្ងៃទី៦ខែធ្នូបានចំនួនប្រមាណ ១.៥០០គីឡូក្រាម។ គន្លងដាយចំនួនពីរ គឺលេខ៥បេនិង លេខ៥សេ នៅថ្ងៃនេះមិនបានដាក់បន្ទាប់ពីដាច់ដោយ សារចរន្តទឹកហូរខ្លាំង។តាមការសាកសួរនៅ ផ្នែកខាងលើក៏ មិនទាន់មានត្រីត្រូវនៅឡើយដែរ។

លោក ម៉ូត ហូសាន់ អ្នកធ្វើអាជីវកម្មតាមគន្លងដាយជួល ពីរដ្ឋបាលជលផលបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៦ខែធ្នូថា ផលត្រីចាប់បាននៅព្រឹកនេះមានការថយ ចុះបន្ទាប់ពីមាន ភ្លៀងធ្លាក់ កាលពីយប់។ លើកដាយម្តងបានត្រីចម្រុះ ប្រហែល ១០គីឡូក្រាម។ កាលពីថ្ងៃមិនទាន់មានភ្លៀងលើកម្តងបាន ត្រីចម្រុះច្រើនជាង២០គីឡូក្រាម។ ស្ថាន ភាពទឹកហូរពេលនេះ ខ្សោយជាងមុនបន្តិច ឯសំរាមក៏មិនសូវមានដែរ។ តែបរិមាណត្រី នៅ តែមិនទាន់ចាប់បានច្រើន ។

លោកម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាបបាន ប្រាប់ ឱ្យរស្មីកម្ពូជាដឹងនៅថ្ងៃទី៦ខែធ្នូថាទឹកទន្លេមេគង្គនៅចតុមុខថ្ងៃទី៦ធ្នូនេះនៅសល់កម្ពស់៤.៣០ម៉ែត្រ ទាប ជាងកម្ពស់ ទឹកមធ្យមច្រើនឆ្នាំ០.៩១ម៉ែត្រ , ទឹក ទន្លេសាបនៅក្រគរ កំពង់លួង មានកម្ពស់៥.៩៣ម៉ែត្រ ខ្ពស់ជាងកម្ពស់ទឹក មធ្យមច្រើនឆ្នាំ ០.០៩ម៉ែត្រ។កម្ពស់ទឹកទន្លេសាបនៅ ភ្នំពេញនិងនៅកំពង់លួង ខុសគ្នាប្រមាណជា ១.៦៥ ម៉ែត្រ។ដោយសារកម្ពស់ទឹកខុសគ្នាច្រើនធ្វើឱ្យចរន្តទឹកហូរចេញពីបឹងទន្លេសាបមានល្បឿនខ្លាំង គឺប្រមាណ ជា០.៧៥ម៉ែត្រក្នុង មួយវិនាទី ចូលដល់ខែមករាឆ្នាំ២០២៣ចរន្តទឹក ហូរចេញពីបឹងទន្លេសាបក៏នៅមានល្បឿនខ្លាំងដែរ៕សរន / N