​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមមន្ត្រី​បាន​និយាយថា បុរស ដែល​បាន​បាញ់​អ្នក​បណ្តើរ​ឆ្កែ​របស់​នាង​ឡេឌី ហ្គា​ហ្គា និង លួច​យក​ឆ្កែ​តួ​ពូជ​បារាំង​របស់​នាង​កាលពី​ឆ្នាំមុន​បាន​ទទួលយក​​កិច្ចព្រមព្រៀង​សារភាព​ទោស​មួយ ហើយ​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក ២១ ឆ្នាំ​កាល​ពី​ថ្ងៃ​ចន្ទ​ទី​៥​ធ្នូ​។​

​ជេ​មស៍ ហូ​វ៉ាដ ជែក​សុន (James Howard Jackson) ជា​បុរស​ម្នាក់​ក្នុងចំណោម​បុរស​បី​នាក់​និង​អ្នកសមគំនិត​ពីរ​នាក់​ដែល​បាន​ចូលរួម​ក្នុង​ការ​ប្លន់​ដោយ​ហិង្សា​នោះ​មិន​បាន​ជំទាស់​ចំពោះ​​ការចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​ធ្វើឃាត​នោះទេ នេះ​បើ​យោង​តាម​ការិយាល័យ​មេធាវី​ក្រុង​ឡូ​សអាន់​ជេ​ឡេស​។​

​មុន​នេះ​រដ្ឋអាជ្ញា​និយាយថា ជែក​សុន​និង​អ្នក​ផ្សេង​ទៀត​បាន​បើកឡាន​ជុំវិញ​សង្កាត់​ហូលីវូដ​នៅ​ថ្ងៃទី ២៤ ខែ​កុម្ភៈ​ឆ្នាំ ២០២១ “​ដើម្បី​រក​មើល​ឆ្កែ​បារាំង​តឿ​”​។​ពួកគេ​បាន​ប្រទះ​ឃើញ​អ្នក​បណ្តើ​ឆ្កែ​របស់​នាង​​ឡេឌី ហ្គា​ហ្គា ឈ្មោះ រ៉ា​យ​អែ​ន ហ្វី​សឺ (Ryan Fischer) អាយុ ៤១ ឆ្នាំ ជាមួយនឹង​ឆ្កែ​ចិញ្ចឹម​ទាំងបី​ក្បាល​របស់​តារា​ប៉ុប​រូបនេះ ដែល​មានឈ្មោះ​ថា អេ​ស៊ា (Asia) កូជី (Koji) និង ហ្គូ​ស្តាវ (Gustav)​។​

​ឈ្មោះ រ៉ា​យ​អែ​ន ហ្វី​សឺ (Ryan Fischer) អាយុ ៤១ ឆ្នាំ អ្នកមើល​ឆ្កែ​របស់​នាង​ឡេឌី ហ្គា​ហ្គា ត្រូវ​បាន​បាញ់​អោយ​របួស​

​ជែក​សុន​បាន​បាញ់​ហ្វីសឺ​ក្នុងអំឡុងពេល​ប្លន់​នៅ​ជិត​មហាវិថី​សាន់​សេត (Sunset Boulevard) ដែល​ក្នុង​អំឡុងពេល​នោះ​សត្វ​ឆ្កែ​ពីរ​ក្បាល​ត្រូវបាន​យក​ទៅ​។ កាមេរ៉ា​កណ្ដឹង​ទ្វារ​ក្បែរ​នោះ​បាន​ថត​សំឡេង​អ្នក​បណ្តើរ​ឆ្កែ​នោះ​ស្រែកថា “​អូ​ព្រះ​អើយ​! ខ្ញុំ​ត្រូវ​គេ​បាញ់​ហើយ​! ជួយ​ខ្ញុំ​ផង​! ខ្ញុំ​កំពុង​ហូរឈាម​ចេញ​ពី​ទ្រូង​របស់ខ្ញុំ​!”​។

​ហ្វីសឺបាន​បាត់បង់​ផ្នែក​មួយ​នៃ​សួត​។ ប្រហែល​មួយ​ខែ​បន្ទាប់​ពី​ឧក្រិដ្ឋ​កម្មនេះ គាត់​បាន​បង្ហោះ​នៅលើ Instagram ថា ការ​ជាសះស្បើយ​របស់​គាត់​បាន​ដំណើរការ​យ៉ាង​រលូន​។​

​សត្វ​ឆ្កែ​របស់​តារា​ប៉ុប​នេះ​ត្រូវបាន​ប្រគល់​មក​វិញ​នៅ​ពីរ​ថ្ងៃ​ក្រោយមក​ដោយ​ស្ត្រី​ម្នាក់​ដែល​អះអាង​ថា​នាង​បាន​រកឃើញ​ពួក​វា​ចង​ជាប់​នឹង​បង្គោល​ភ្លើង ហើយ​បាន​សុំ​រង្វាន់​លើកទឹកចិត្ត ៥០០.០០០​ដុល្លារ​​ពី​នាង​ហ្គា​ហ្គា ប្រសិន​បើ​ចង់ឱ្យ​ប្រគល់​ឆ្កែ​ទៅវិញ ដោយ​ពោល​ពាក្យ​ថា “​កុំ​សួរ​សំណួរ​ច្រើន​”​។ តារា​ចម្រៀង​រូប​នេះ​កំពុង​នៅ​ទីក្រុង​រ៉ូម​ថតកុន​នៅ​គ្រា​នោះ​។​

​ស្ត្រី​រូប​នេះ​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ទទួល​ផល​ចោរកម្ម ហើយ​ឪពុក​របស់​ជនសង្ស័យ​ម្នាក់​ទៀត​ត្រូវ​ចោទប្រកាន់​ពីបទ​ជួយ​ឱ្យ​កូន​ខ្លួន​រួច​ពី​ការចាប់ខ្លួន​។​

​ប៉ូលិស​និយាយថា ចោរ​មិន​បាន​ស្គាល់​ថា​ឆ្កែ​បារាំង​តឿ​ជា​របស់​នាង​ហ្គា​ហ្គា​ទេ ហើយ​ថា​ឆ្កែ​គឺជា​គោលដៅ​របស់​ពួក​វា ព្រោះ​ឆ្កែ​បារាំង​តឿ​មួយ​ក្បាល​មាន​តម្លៃ​រាប់ពាន់​ដុល្លារ​៕

ជេ​មស៍ ហូ​វ៉ាដ ជែក​សុន ត្រូវបាន​កាត់ទោស​ជាប់គុក​២១​ឆ្នាំ​ពី​បទ​បាញ់​អ្នក​បណ្តើ​ឆ្កែ​របស់​នាង​ឡេឌី ហ្គា​ហ្គា ឈ្មោះ រ៉ា​យ​អែ​ន ហ្វី​សឺ

​នាង​ឡេឌី ហ្គា​ហ្គា​