ដោយៈសុផល/ ភ្នំពេញ ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូនកំពុងត្រៀមរៀបចំពិព័រណ៍ផ្លាកលេខ និង រថយន្ត សម្រាប់ដំណើរការ ការលក់លេខពិសេសផ្ទាល់ខ្លួនដោយកម្មវិធីនេះនឹងបើកឱកាសដល់សាធារណជន និង ប្រជាពលរដ្ឋគ្រប់រូបអាចស្វែងយល់ បន្ថែមអំពី ផ្លាកលេខ ការដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន ក៏ដូចជាអាចទស្សនាការតាំងពិព័រណ៍រថយន្ត ការតាំងពិព័រណ៍របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងការប្រគំតន្ត្រីផងដែរ។

ពាក់ព័ន្ធពិព័រណ៍នេះលោកស្រី កុយ សុដានី រដ្ឋលេខាធិការ ក្រសួងសាធារណការ​ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្តថ្មីៗនេះបានដឹកនាំកិច្ចប្រជុំ ស្ដីពីការរៀបចំ ផែនការ ពិព័រណ៍ ផ្លាកលេខ និង រថយន្ត ដោយមានការចូលរួមពី មន្ត្រីជំនាញនៃគណៈកម្មការអន្តរក្រសួង គ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង និង មន្ត្រីក្រុមហ៊ុនលក់រថយន្ត សរុបប្រមាណ ៦០ រូប។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីបើកឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង និង ក្រុមហ៊ុនលក់រថយន្តអាចចូលរួមក្នុងពិព័រណ៍នេះ។ អង្គប្រជុំក៏បានពិភាក្សាអំពីមុខងារដេញថ្លៃលេខពិសេសនៃ ប្រព័ន្ធស្វ័យប្រវត្តិកម្ម ដាក់ពាក្យ ចុះបញ្ជីយានយន្ត ដើម្បីអនុញ្ញាតឱ្យ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាដៃគូអាចសហការលើ ការងារដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកស្រីរដ្ឋលេខាធិការបាន អំពាវនាវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដៃគូចូលរួមជាមួយក្រសួងដើម្បីតភ្ជាប់ប្រព័ន្ធដេញថ្លៃលេខពិសេសផ្ទាល់ខ្លួននៃប្រព័ន្ធ ស្វ័យប្រវត្តិកម្ម ចុះបញ្ជីយានយន្តដើម្បីអាចផ្ដល់ជម្រើស ទូទាត់ សេវា ដល់ ប្រជាពលរដ្ឋឱ្យកាន់តែមានភាពសម្បូរបែប៕/PC