ដោយ៖ដេប៉ូ/ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានអញ្ជើញជាអធិបតី បើកសន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤០ ក្រោមមូលបទ “ការផ្លាស់ប្ដូរតួនាទីវិស្វករ ក្នុងយុគសម័យឧស្សាហកម្ម ៤.០” ដើម្បីចូលរួមស្ដារ និងពន្លឿនកិច្ចសហការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។

គួរបញ្ជាក់ថាពិធីនេះបានរៀបចំឡើងនាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ដោយមានវត្តមានការចូលរួមពីសំណាក់ លោក អគ្គលេខាធិការអង្គការសហព័ន្ធវិស្វកម្មអាស៊ាន និងលោក លោកស្រី ជាប្រធានស្ថាប័នវិស្វកម្មបណ្តាប្រទេសអាស៊ាន។

ថ្លែងបើកសន្និសិទនាឱកាសនោះលោក អ៊ិត សំហេង បានមានប្រសាសន៍ថា សន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ាន បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុច្ឆន្ទៈ និងការយល់ដឹងពីគ្នាទៅវិញទៅមក ដែលជាតម្រូវការចាំបាច់សម្រាប់ការបង្កើត និងការអភិវឌ្ឍស្តង់ដារមូលដ្ឋានវិជ្ជាជីវៈវិស្វកម្មអាស៊ាន ជាជំហានឆ្ពោះទៅកាន់ការធ្វើចល័តភាពវិស្វករក្នុងតំបន់អាស៊ាន ស្របតាមផែនការមេអាស៊ានឆ្នាំ២០២៥ និងស្មារតីស្នូលរបស់អាស៊ានគឺ “ ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍មួយ”។
ជាមួយគ្នានេះលោកប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលការងាររបស់អង្គការសហព័ន្ធវិស្វកម្មអាស៊ាន ដែលបានរួមចំណែកក្នុងការពង្រឹងគុណភាព សមត្ថភាពវិជ្ជាជីវៈវិស្វកម្មគ្រប់ជំនាញ និងពង្រីកធនធានមនុស្សឱ្យស្របតាមតម្រូវការក្នុងតំបន់អាស៊ាននាពេលបច្ចុប្បន្ន និងអនាគត ធានាឱ្យការប្រតិបត្តិវិជ្ជាជីវៈវិស្វកម្មក្នុងតំបន់អាស៊ាន ប្រកបដោយគុណភាព និងការទទួលខុសត្រូវខ្ពស់ ដោយពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងលើវិស័យវិស្វកម្មថ្នាក់ជាតិនិងអន្តរជាតិ និងការទទួលស្គាល់គុណភាពអប់រំវិស្វកម្ម ដើម្បីទទួលបានគោរម្យងារជាវិស្វករអាជីពជាតិ និងអន្តរជាតិ។
វិស្វករជាស្ពានតភ្ជាប់រវាងបច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ ជាមួយការអភិវឌ្ឍជីវភាពសង្គម និងតម្លៃវប្បធម៌។ ធនធានបញ្ញវន្តក្នុងវិស័យវិស្វកម្មពិតជាមានសារៈសំខាន់មិនអាចខ្វះបាន នៅពេលដែលសន្ទុះនៃការអភិវឌ្ឍកាន់តែខ្លាំង ធ្វើឱ្យសេវាវិស្វកម្មគ្រប់មុខជំនាញ ក៏កាន់តែមានតម្រូវការខ្ពស់ផងដែរ។ ក្នុងន័យនេះលោក អ៊ិត សំហេង បានសំណូមពរឱ្យបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ ជួយជំរុញលើការរៀបចំកម្មវិធីសិក្សាវិស្វកម្ម និងការទទួលស្គាល់គុណភាពអប់រំវិស្វកម្ម ឱ្យមានស្តង់ដារប្រហាក់ប្រហែលគ្នាមួយ ដើម្បីឱ្យវិស្វករដែលបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ នៃប្រទេសក្នុងតំបន់ មានការទទួលស្គាល់គ្នាទៅវិញទៅមក ស្របទៅនឹងកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើសេវាកម្មវិស្វកម្មអាស៊ាន ដែលបានចុះហត្ថលេខាជាមួយគ្នាកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០០៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី៕/PC