​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​យោធា​កូរ៉េខាងជើង​និយាយថា ខ្លួន​បាន​បញ្ជា​អោយ​កងឯកភាព​ទ័ព​នៅតាម​ខ្សែត្រៀម​ជួរមុខ​ធ្វើការ​បាញ់កាំភ្លើង​ធំ​ថែម​ចូលក្នុង​សមុទ្រ​សំរាប់​ថ្ងៃ​ទី​ពីរ​ជាប់​គ្នា​នៅ​ថ្ងៃ​​អង្គារ​ទី​៦​ធ្នូ​នេះ ក្នុង​ការឆ្លើយតប​ទៅនឹង​សមយុទ្ធ​បាញ់​គ្រាប់​ពិត​របស់​កូរ៉េខាងត្បូង​នៅ​តំបន់​ព្រំដែន​កោះ​មួយ​។​

​សេចក្តីថ្លែងការណ៍​របស់​នាយសេនាធិការ​កងទ័ព​ចំរុះ​កូរ៉េខាងជើង​កើតឡើង​មួយ​ថ្ងៃ​ក្រោយពីយោធា​កូរ៉េខាងជើង​បាញ់កាំភ្លើង​ធំ​ប្រមាណ​១៣០​គ្រាប់​ចូលក្នុង​ដែនទឹក​នៅ​ព្រំដែន​សមុទ្រភាគ​ខាងលិច​និង​​ខាងកើត​ជាប់​នឹង​កូរ៉េខាងត្បូង ក្នុង​ការបង្ហាញ​កម្លាំង​យោធា​ទៅ​វិញ​ទៅ​មក​ដែល​រឹតតែ​បង្ក​ភាព​តានតឹង​រវាង​កូរ៉េ​ទាំងពីរ​។​

​អ្នកនាំពាក្យ​យោធា​កូរ៉េខាងជើង​ម្នាក់​បាន​និយាយថា ការបាញ់​កាំភ្លើង​ធំ​នៅ​ថ្ងៃ​អង្គារ ជា​ការព្រមាន​មួយ​ទៅ​ខាងត្បូង​បន្ទាប់ពី​កូរ៉េខាងជើង​ចាប់​បាន​សញ្ញា​នៃ​សមយុទ្ធ​បាញ់កាំភ្លើង​ធំ​របស់​កូរ៉េខាងត្បូង​​នៅ​តំបន់​ព្រំដែន​។​

​សូមបញ្ជាក់​ថា យោធា​កូរ៉េខាងត្បូង​កំពុង​ធ្វើ​សមុទ្ធ​បាញ់​គ្រាប់​ពិត ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​បាញ់​រ៉ុក្កែត​និង​កាំភ្លើង​ធំ​នៅ​ទីតាំង​សាកល្បង​ចំនួន​ពីរ​ក្នុង​តំបន់ឆេអ័​រ​វ៉ុន​(Cheorwon) ដោយ​វា​បានចាប់ផ្តើម​​កាលពី​ថ្ងៃ​ចន្ទ​និង​បន្ត​រហូត​ដល់​ថ្ងៃ​ពុធ​។​

​យោធា​កូរ៉េ​ខាងជើង​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​ណែនាំ​អោយ​កងក​ភាព​ទ័ព​ភាគ​ខាងលិច​និង​ខាងកើត​ឆ្នេរ​បាញ់កាំភ្លើង​ធំ ជា​ការព្រមាន​បន្ទាប់​ពី​ខ្លួន​ចាប់​បាន​សញ្ញា​អំពី​វត្ថុ​ផ្លោង​រាប់សិប​​របស់​កូរ៉េ​ខាងត្បូង​ហោះ​ចេញពី​តំបន់ឆេអ័​រវ៉ុន​ឆ្ពោះទៅ​ទិស​អាគ្នេយ៍​។​

​នាយសេនាធិការ​កងទ័ព​ចំរុះ​កូរ៉េខាងត្បូង បាន​និយាយថា គ្រាប់ផ្លោង​របស់​កូរ៉េ​ខាងជើង​បាន​ធ្លាក់​ចូល​ប៉ែក​ខាងជើង​នៃ​តំបន់​ទ្រនាប់ ដែល​ត្រូវ​បង្កើតឡើង​ក្រោម​កិច្ច​ព្រមព្រៀង​ឆ្នាំ​២០១៨​មួយ​ដើម្បី​​បន្ថយ​ភាព​តានតឹង​យោធា ហើយ​បាន​ទទូច​សុំ​អោយ​កូរ៉េខាងជើង​គោរព​កិច្ចព្រមព្រៀង​នេះ​។​

​យោធា​កូរ៉េ​ខាងជើង​បាន​បាញ់កាំភ្លើង​ធំ ជា​ការព្រមាន​បន្ទាប់​ពី​ខ្លួន​ចាប់​បាន​សញ្ញា​អំពី​វត្ថុ​ផ្លោង​រាប់សិប​របស់​កូរ៉េខាងត្បូង​ហោះ​ចេញពី​តំបន់ឆេអ័​រវ៉ុន​ឆ្ពោះទៅ​ទិស​អាគ្នេយ៍​

​វា​ជា​លើកដំបូង​ដែល​កូរ៉េខាងជើង​បាញ់​សព្វាវុធ​ចូលក្នុង​តំបន់​សមុទ្រ​ទ្រនាប់​នេះ​ចាប់​តាំងពី​ថ្ងៃ​៣​វិច្ឆិកា នៅពេល​គ្រាប់កាំភ្លើង​ធំ​ប្រមាណ​៨០​គ្រាប់​ត្រូវបាន​កូរ៉េខាងជើង​បាញ់​ចូល​តំបន់​ដដែល​។​

​សូមបញ្ជាក់​ថា កូរ៉េ​ខាងជើង​បាន​បាញ់សាកល្បង​កាំជ្រួច​រាប់សិប​ដើម​រួម​មាន​កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប​ដែល​អាច​ហោះ​ដល់​ដីគោក​អាម៉េរិក​និង​កាំជ្រួច​ផ្លោង​ចម្ងាយ​មធ្យម​ដែល​បាន​ហោះ​រំលង​ជប៉ុន​​នៅ​ឆ្នាំ​នេះ​។​ប្រទេស​កុំម្មុយនីស្ត​នេះ​ក៏​បាន​សាកល្បង​កាំជ្រួច​ចម្ងាយ​ខ្លី​ក្នុង​ចំនួន​ដ៏​ច្រើន ដោយ​ធ្វើ​ដូចជា​កំពុង​វាយប្រហារ​ដោយ​សព្វាវុធ​នុយក្លេអ៊ែរ​លើ​កូរ៉េ​ខាងត្បូង​និង​គោលដៅ​អាម៉េរិក ក្នុង​ការបង្ហាញ​​កំហឹង​ទៅនឹង​សមយុទ្ធ​យោធា​រួម​រវាង​កូរ៉េ​ខាងត្បូង​និង​អាម៉េរិក ៕