​ដោយៈ សុ​ក្ខា​រិ​ន​/​ពោធិ៍សាត់ៈ ពូជស្រូវ​និង​ប្រភពទឹក​គឺជា​កត្តា​សំខាន់​ណាស់​សម្រាប់​ប្រជាកសិករ​ធ្វើស្រែ បើ​មានតែ​ពូជស្រូវ​ខ្វះ​ប្រភពទឹក ឬ​មានតែ​ប្រភពទឹក​ខ្វះ​ពូជស្រូវ គឺ​មិនអាច​ដំណើរការ​បង្កបង្កើនផល​បាន​នោះទេ​។ នេះ​ជាការ​លើកឡើង​របស់លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ខណៈ​ដឹកនាំ​មន្ត្រី មន្ទីរ អង្គភាព​ក្នុង​ខេត្ត ចុះ​ពិនិត្យមើល​ការស្ដារ​ដំណាំ​ស្រូវ​ឡើងវិញ នៅ​សង្កាត់​ចំរើន​ផល ក្រុង​ពោធិ៍សាត់ នា​រសៀល​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២២ បន្ទាប់ពី​ទទួលបាន​ពូជស្រូវ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កន្ល​ង​មក​ថ្មីៗ​នេះ​។

​ក្នុងឱកាស​នោះ​លោក ខូ​យ រី​ដា បាន​ជម្រុញ​ឲ្យ​បងប្អូន​ប្រជាកសិករ​សង្កាត់​ចំរើន​ផល ខិតខំ​បង្កបង្កើនផល​ស្រូវ​ឲ្យ​អស់​លទ្ធភាព ស្របតាម​គោលបំណង​របស់​សម្ដេច​តេ​ជោ​ដែល​បានផ្ដល់​ពូជស្រូវ​ជូន ហើយ​ការប្រើ​ជី និង​ប្រើ​ថ្នាំ​ក្នុង​ការដាំដុះ​ដំណាំ​ស្រូវ និង​បន្លែ​ផ្សេងៗ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ជាយថាហេតុ​។

​លោក​បាន​ណែនាំ​ប្រជាពលរដ្ឋ​ធ្វើយ៉ាងណា​ឲ្យ​មាន​ស្រូវ​ពេញ​ជង្រុក ដាំ​ដំណាំ និង​ចិញ្ចឹមសត្វ​ជុំវិញ​ផ្ទះ​ឲ្យ​បាន​ច្រើន ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ឲ្យ​សម្បូរ​ធូរធារ​។ ជាមួយគ្នានេះ​ត្រូវបញ្ជូន​កូន​ទៅ​រៀន​ឲ្យ​បាន​គ្រប់ៗ​គ្នា អប់រំ​ទូន្មាន​ប្រៀនប្រដៅ​ពួកគេ​ឲ្យ​បានល្អ ចៀសវាង​ដើរ​ផ្លូវខុស​នាំ​ឲ្យ​ខូចអនាគត បង្ក​ការលំបាក​ដល់​ក្រុមគ្រួសារ និង​សង្គមជាតិ​។

​សូមបញ្ជាក់ថា តាម​របាយការណ៍​ពី​ចៅសង្កាត់ និង​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា នៅ​សង្កាត់​ចំរើន​ផល​នេះ ផ្ទៃដី​ដែល​ត្រូវ​ស្ដារឡើងវិញ​មាន​ចំនួន​១.៥៥២​ហិកតា ដែលមាន​ភូមិ​ចំនួន​បួន គឺ​ភូមិ​លាវ ភូមិ​ស្វាយមាស ភូមិ​អូរ​តូង និង​ភូមិ​កំពង់​ស្ទោង​។​

​តាម​ការពិនិត្យ​ជាក់ស្ដែង បរិមាណ​នៃ​ការប្រមូល​ផល​ស្រូវ​របស់​បងប្អូន​ប្រជាកសិករ​ឆ្នាំនេះ​មានការ​កើនឡើង​ជាង​បណ្ដា​ឆ្នាំមុនៗ ដោយសារ​ឆ្នាំនេះ​របប​ទឹកភ្លៀង​គ្រប់គ្រាន់​ស្ទើរ​គ្រប់​ទីកន្លែង ទោះបី​តំបន់​ខ្លះ​មានការ​ប៉ះពាល់​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ក្ដី តែ​ស្រូវ​ស្រែ​របស់​បងប្អូន​គឺ​ពុំមាន​ផលប៉ះពាល់​ច្រើន​នោះទេ​៕​/R