ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលនឹងចប់អាណត្តិបេសកកម្មការទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានកត់សម្គាល់ដោយការពេញចិត្តដែលទំនាក់ទំនងនេះត្រូវបានលើកកម្ពស់ទៅដល់កម្រិតភាពជាដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០២៣ ដែលជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត ក្នុងឱកាសដែលឯកឧត្តមឯកអគ្គរាជទូតចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២២។

ភាគីទាំងពីរបានយល់ស្របគ្នារៀបចំសកម្មភាពមួយចំនួន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ ហើយក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់អំពីការត្រៀមទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន នៅចុងខែមករាឆ្នាំក្រោយ តបតាមការអញ្ជើញរបស់សមភាគីជប៉ុន។

លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះការរួមចំណែកយ៉ាងសកម្មរបស់ឯកអគ្គរាជទូត ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ជាពិសេស ការរៀបចំបានយ៉ាងល្អសម្រាប់ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ រួមទាំងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី គីស៊ីដា ហ្វូមីអូ (KISHIDA Fumio) មកកាន់កម្ពុជា កាលពីខែមីនាឆ្នាំនេះ និងការអញ្ជើញ ចូលរួមរបស់លោកនាយករដ្ឋមន្រ្តី ក្នុងកិច្ចប្រជុំកំពូលពាក់ព័ន្ធអាស៊ាន កាលពីខែវិច្ឆិកាថ្មីៗនេះ ក៏ដូចជា ដំណើរទស្សនកិច្ចទាំងពីរលើករបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្ដីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងគូម៉ាម៉ូតូ ប្រទេសជប៉ុន កាលពីខែមេសាឆ្នាំនេះ និងដើម្បីទៅចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់លោក ហ្ស៊ីនហ្សូ អាបេ ( ABE Shinzo ) អតីតនាយករដ្ឋមន្ត្រីជប៉ុន កាលពីខែកញ្ញាកន្លងទៅនេះផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា និងចំពោះការគាំទ្ររបស់ជប៉ុនដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងការស្ដារឡើងវិញក្រោយជំងឺកូវីដ-១៩ របស់កម្ពុជា។
លោក ឯកអគ្គរាជទូត ម៉ាសាហ៊ីរ៉ូ បានកោតសរសើរចំពោះការធ្វើជាប្រធានអាស៊ានប្រកបដោយជោគជ័យរបស់កម្ពុជា ជាពិសេស ចំពោះការបំពេញតួនាទីដ៏ល្អប្រសើររបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងឋានៈជាប្រធានកិច្ចប្រជុំ ដែលបាននាំមកនូវលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ហើយនិងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំ ខណៈពេលមានវិបត្តិដ៏ធ្ងន់ធ្ងរជាច្រើននៅក្នុងតំបន់ និងអន្តរជាតិ។
លោកឯកអគ្គរាជទូត ក៏បានកោតសរសើរកម្ពុជាផងដែរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការជួយមីយ៉ាន់ម៉ាឱ្យវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ដោយបានគូសបញ្ជាក់ថា បើគ្មានកិច្ចខិតខំប្រឹងប្រែងទាំងនេះទេ ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា អាចនឹងកាន់តែអាក្រក់ខ្លាំងជាងនេះ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណជប៉ុនចំពោះការគាំទ្រយ៉ាងសំខាន់ដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា៕