ដោយៈភួង សុខថា អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង /ព្រៃវែង៖ ខ្ញុំឈ្មោះ នេត សំអូន មានអាយុ៦៩ឆ្នាំ សព្វថ្ងៃរស់នៅភូមិសំរោងវត្ត ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។

កាលពីក្មេងខ្ញុំចូលរៀនដំបូងនៅសាលាបឋមសិក្សាវត្តសំរោង រហូតទទួលបានសញ្ញាបត្រថ្នាក់ទី៧ និងគិតថាចូលរៀនបន្ត ទៀត។ ប៉ុន្តែនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្ញុំផ្អាកការសិក្សា ពីព្រោះ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ។ ក្រោយរដ្ឋប្រហារភ្លាមៗឈ្មោះ សួន កាន់ការងារខាង វប្បធម៌បានតែងតាំងខ្ញុំឲ្យធ្វើជាគ្រូបង្រៀន។ ខ្ញុំបានយល់ព្រម និងចាប់ផ្តើមធ្វើជាគ្រូបង្រៀនរហូតដល់ចុងឆ្នាំ១៩៧៣។

រូប ( នេត សំអូន មានអាយុ៦៩ឆ្នាំ សព្វថ្ងៃរស់នៅភូមិសំរោងវត្ត ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅពេលនោះ ប្រធានតំបន់ហៅខ្ញុំនិងគ្រូៗទាំងអស់ទៅប្រជុំ ហើយដកតំណែងលែងឲ្យបង្រៀនតទៅទៀត រួចហើយបាន ចាត់តាំងកូនសិស្សទាំងអស់ឲ្យឡើងធ្វើគ្រូជំនួសវិញ។

នៅដើមឆ្នាំ១៩៧៥ ព្រះសង្ឃជាច្រើនអង្គនៅក្នុងភូមិត្រូវបាន ផ្សឹក ហើយការប្រតិបត្តិសាសនាផ្សេងៗក៏លែងមានដែរ។ ពេលនោះ ខ្ញុំបានចូលរៀនម្តងទៀតអំពីសង្រ្គាមប្រជាជន និងជំរុញឲ្យប្រជាជនចេះតស៊ូប្រយុទ្ធប្រឆាំងនឹង លន់ នល់។ រហូតដល់របបខ្មែរក្រហមកាន់កាប់អំណាចទាំងស្រុង នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ អង្គការដាក់ផែនការឲ្យខ្ញុំជីក ប្រឡាយ និងដើរចាក់មេក្រូ (ឧគ្ឃោសនសព្ធ) ឃោសនាអំពី បដិវត្តន៍បន្ទាប់ពីទំនេរពីការងារជីកប្រឡាយ។

ក្រុមការងារដើរចាក់មេក្រូពេលនោះមានពីរនាក់គឺខ្ញុំ និង សមាជិក ម្នាក់ទៀត។ នៅពេលថ្ងៃខ្លះ ខ្ញុំចាក់មេក្រូបណ្តើរ ជីកប្រឡាយបណ្តើរ រីឯពេលយប់ខ្ញុំចាក់នៅក្នុងភូមិ។ ជារៀងរាល់ថ្ងៃ ខ្ញុំក្រោកនៅម៉ោង៣ទៀបភ្លឺដើម្បីបញ្ចូលភ្លើង អាគុយឲ្យពេញទុកសម្រាប់ចាក់ចម្រៀងបដិវត្តន៍ និង បទវិចារណកថាអំពីនយោបាយមហាលោតផ្លោះ និងមហាអស្ចារ្យ។

នៅក្នុងឆ្នាំ១៩៧៦ ខ្ញុំរៀបការជាមួយប្រពន្ធឈ្មោះ មឿង សៀប។ នៅអំឡុងពេលកំពុងរៀបការប្រធានសហរណ៍សួរបញ្ជាក់ខ្ញុំម្តងទៀតថាព្រមរៀបការឬមិនព្រម ហើយខ្ញុំនិយាយលេងទៅកាន់ អង្គការ វិញថា ការឬមិនការស្រេចតែលើអង្គការ។ ក្រោយពីខ្ញុំនិយាយដូច្នេះប្រធានសហករណ៍បានខឹងខ្ញុំខ្លាំងណាស់បម្រុងយកខ្ញុំទៅសម្លាប់ចោល ប៉ុន្តែសំណាងល្អម្តាយរបស់ខ្ញុំ ទៅសុំអង្វរអង្គការឱ្យលើកលែងទោសឱ្យខ្ញុំ។

នៅឆ្នាំ១៩៧៧ អង្គការដកខ្ញុំឲ្យមកកាន់ខាងវប្បធម៌ ប៉ុន្តែមិន បានប៉ុន្មានផងកម្មាភិបាលខ្មែរក្រហមផ្លាស់ខ្ញុំមកកាន់កងផលិតវិញដើម្បីដើរប្រមូលមាសពីប្រជាជននៅក្នុងភូមិ។ ក្រោយពី ប្រមូលមាសដាក់ចូលក្នុងសហករណ៍រួច អង្គការដាក់ផែនការ ថ្មីទៀតគឺ ឲ្យខ្ញុំរាប់ចំនួនក្របី ញី ឈ្មោល ហើយកត់ត្រានៅ ក្នុងបញ្ជី។ បន្ទាប់មក ប្រធានសហករណ៍ចាត់តាំងខ្ញុំឱ្យ ដឹកបាយសម្លទៅឱ្យកងស្ទូង និងកងគាស់គល់ឈើ។

តមកទៀត ខ្ញុំទៅរែកលាមកមនុស្សនៅក្នុងភូមិមកធ្វើជី ដែលការងារនេះមានតែខ្ញុំម្នាក់ឯងប៉ុណ្ណោះ។ ខ្ញុំខិតខំប្រឹង ប្រែងធ្វើការខ្លាំងណាស់ព្រោះមិនចង់ឲ្យមានកំហុសឆ្គងជាមួយអង្គការម្តងទៀត។

នៅក្នុងឆ្នាំ១៩៧៨ ឈ្មោះ អិត គឺជាប្រធានសហករណ៍ សាន អនុប្រធានសហករណ៍ និងលោកគ្រូ សរ សៀន ត្រូវបាន អង្គការផ្លាស់ឲ្យទៅនៅខេត្តភាគខាងលិចដោយលើកហេតុផលថា នៅទីនោះមានសម្ភារប្រើប្រាស់ និងអាហារហូបចុក គ្រប់គ្រាន់។ ក្រៅពីប្រធាន-អនុប្រធានសហករណ៍ និងគ្រូសៀន ក៏មានប្រជាជនផ្សេងទៀតនៅក្នុងភូមិ រួមទាំងខ្ញុំ ត្រូវបានអង្គការ បញ្ជូនទៅខេត្តភាគខាងលិចដែរ ប៉ុន្តែខ្ញុំបានលួចរត់គេចខ្លួន ទៅនៅ ខាងឃុំព្រៃឃ្នេសវិញ។

ខ្ញុំធ្វើការនៅឃុំព្រៃឃ្នេសរហូតដល់ចុងឆ្នាំ១៩៧៨ ទើបកង ទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាចូលមករំដោះប្រទេស ហើយខ្ញុំក៏ត្រឡប់មកស្រុកកំណើតវិញ។

ក្រោយខ្មែរក្រហមដួលរលំ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាជនបានជ្រើសរើសខ្ញុំឲ្យធ្វើជាប្រធានភូមិសំរោងវត្ត ប៉ុន្តែខ្ញុំបានបដិសេធព្រោះគិតថាគ្មានអ្នកជួយធ្វើការស្រែចម្ការឪពុកម្ដាយ។

ក្រោយមកទៀតដោយការគោរពស្រឡាញ់ពីប្រជាជននៅក្នុងភូមិ ខ្ញុំបានស្នើសុំចូលធ្វើជាគ្រូបង្រៀនជំនួសវិញ ព្រោះខ្ញុំធ្លាប់បាន បង្រៀនសិស្សពីមុនមក។ ខ្ញុំបង្រៀនសិស្សរហូតដល់ឆ្នាំ២០១០ ទើបក្រសួងអប់រំដំឡើងតួនាទីឲ្យខ្ញុំធ្វើជានាយកសាលាបឋមសិក្សាវត្តសំរោង។ នៅឆ្នាំ២០១៣ ខ្ញុំបានចូលនិវត្តន៍នៅ អាយុ៦០ឆ្នាំ ហើយចាប់តាំងពីពេលនោះមកខ្ញុំចាប់ ផ្តើមប្រកបរបរ កសិករបន្តិចបន្តួចដើម្បីចិញ្ចឹមគ្រួសារ៕​ N

រូប ( នេត សំអូន កំពុងផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវក្នុងរបបខ្មែរក្រហមដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

រូប (បន្ទាប់ពីចូលនិវត្តន៍នៅឆ្នាំ២០១៣ នេត សំអូន ប្រកបរបរកសិករ និងចិញ្ចឹមសត្វនៅផ្ទះ។(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

រូប ( មេក្រូ ឬឧគ្ឃោសនសព្ធ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)