ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានបញ្ជូនប្រព័ន្ធកាំជ្រួចការពារដែនអាកាសទៅដាក់តាំងនៅលើកោះគូរីល(Kuril)ភាគខាងជើងមួយ ជាផ្នែកនៃកម្រងកោះយុទ្ធសាស្ត្រដែលលាតសន្ធឹងរវាងជប៉ុននិងឧបទ្វីបកាំចាត់កា(Kamchatka)របស់រុស្ស៊ី។
ជប៉ុនអះអាងកម្មសិទ្ធិលើបណ្តាកោះគូរីលខាងត្បូងដែលកាន់កាប់ដោយរុស្ស៊ី ដែលរដ្ឋាភិបាលទីក្រុងតូក្យូហៅថាទឹកដីខាងជើង ក្នុងជម្លោះទឹកដីមួយដែលមានតាំងពីចុងបញ្ចប់សង្គ្រាមលោកលើកទីពីរនៅពេលទាហានសូវៀតដណ្តើមទឹកដីនេះពីជប៉ុន។
ប្រព័ន្ធកាំជ្រួចបាសសិន(Bastion)របស់រុស្ស៊ី ដែលកាំជ្រួចរបស់វាអាចហោះបានចម្ងាយ៥០០គីឡូម៉ែត្រ ត្រូវបានដាក់ពង្រាយនៅលើកោះប៉ារ៉ាមូសៀ(Paramushir)នៅប៉ែកខាងជើងនៅប្រជុំកោះគូរីល នេះបើតាមការបញ្ជាក់ពីក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃចន្ទ។
វាបាននិយាយថា«យានផ្ទុកប្រព័ន្ធកាំជ្រួចBastionបានចាប់ផ្តើមបំពេញការងារនៅលើកោះប៉ារ៉ាមូសៀនៃប្រជុំកោះគូរីលរបស់រុស្ស៊ីចាប់ពីថ្ងៃ៥ធ្នូ ឆ្នាំ២០២២។ទាហាននៃកងនាវាប៉ាស៊ីហ្វិកនឹងរក្សាការឃ្លាំមើលពេញ២៤ម៉ោងដើម្បីគ្រប់គ្រងតំបន់ដែនទឹកក្បែរខាងនិងច្រកសមុទ្រ»។
ក្រសួងបានបន្ថែមថា ជំរំយោធាមួយត្រូវបានបង្កើតឡើងនៅលើកោះប៉ារ៉ាមូសៀ ដែលផ្តល់សេវា ជម្រក ការសម្រាកសប្បាយនិងស្បៀងពេញមួយឆ្នាំសំរាប់ទាហានឈរជើងនៅទីនោះ។
ការដាកតាំងកាំជ្រួចនេះកើតឡើងមួយឆ្នាំក្រោយរុស្ស៊ីដាក់តាំងប្រព័ន្ធកាំជ្រួចដូចគ្នានៅលើកោះម៉ាទូអា(Matua)នៅភាគកណ្តាលនៃប្រជុំកោះគូរីល។
ក្រុមទីប្រឹក្សាហៅថាមជ្ឈមណ្ឌលស្តីពីការសិក្សាអន្តរជាតិនិងយុទ្ធសាស្ត្រមួយដែលមានមូលដ្ឋាននៅវ៉ាស៊ីនតោន បាននិយាយនៅក្នុងរបាយការណ៍កាលពីខែកញ្ញាថា«រុស្ស៊ីបង្កើនវត្តមានយោធានៅទីនោះដើម្បីបង្ហាញថាប្រជុំកោះគូរីលបន្តដើរតួនាទីដ៏សំខាន់មួយនៃទំនាក់ទំនងរុស្ស៊ី-ជប៉ុន និងថាជប៉ុននិងអាម៉េរិកគួរពង្រឹងការប្រឹក្សាយោបល់ទាក់ទងនឹងសកម្មភាពរបស់រុស្ស៊ីនៅក្នុងតំបន់នេះ។
សូមបញ្ជាក់ថា ជប៉ុនចូលរួមជាមួយសម្ពន្ធមិត្តលោកខាងលិចថ្កោលទោសនិងដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ីក្រោយរដ្ឋាភិបាលទីក្រុងមូស្គូបញ្ជូនទ័ពរាប់ម៉ឺននាក់ចូលលុកលុយប្រទេសក្បែរខាងអ៊ុយក្រែន។រុស្ស៊ីបានដកខ្លួនចេញពីកិច្ចពិភាក្សាបង្កើតកិច្ចព្រមព្រៀងសន្តិភាពមួយជាមួយជប៉ុនព្រមទាំងបង្កកគំរោងសេដ្ឋកិច្ចរួមនានាពាក់ព័ន្ធនឹងកោះគូរីលដោយសារតែជប៉ុនដាក់ទណ្ឌកម្មលើរុស្ស៊ី៕
ប្រព័ន្ធកាំជ្រួចបាសសិនរបស់រុស្ស៊ីត្រូវបានដាក់ពង្រាយនៅលើកោះប៉ារ៉ាមូសៀនៅប៉ែកខាងជើងនៅប្រជុំកោះគូរីល