ដោយៈ ភា រស្មី បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង/ស្ទឹងត្រែង៖ ខ្ញុំឈ្មោះ សៃ កឿន អាយុ៦៣ឆ្នាំ កើតនៅភូមិកណ្ដាល ឃុំព្រះរំកិល ស្រុកឆែប ខេត្តព្រះវិហារ បច្ចុប្បន្នឃុំព្រះរំកិល ស្ថិតនៅក្នុងស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។ ខ្ញុំមានឪពុកឈ្មោះ អ៊ុក សៃ និងម្ដាយឈ្មោះ ប៊ុន ភិន។

រូប ( លេាក ពូ សៃ កឿន )

កាលពីកុមារខ្ញុំដើររៀននៅក្រោមម្លប់ឈើនិងក្រោមផ្ទះរបស់អ្នកភូមិព្រោះសាលារៀនដែលសាងសង់ពីសម័យសង្គមរាស្រ្ដនិយមភាគច្រើនត្រូវបានបំផ្លាញស្ទើរគ្មានសល់។ ខ្ញុំរៀនបានត្រឹមតែថ្នាក់ទី៣ប៉ុណ្ណោះក៏ឈប់រៀន ព្រោះសាលារៀននៅឆ្ងាយពីផ្ទះ។ ក្រោយមកខ្ញុំចូលហាត់សិល្បៈជាមួយបដិវត្តន៍ខ្មែរក្រហមនៅក្នុងភូមិ ដែលក្រុមរបស់ខ្ញុំមានសមាជិកប្រមាណជា២០នាក់ ក្នុងនោះមានប្រុសចំនួន១០នាក់ និងស្រី១០នាក់។ ខ្ញុំហាត់ រាំ ច្រៀង និងសម្ដែងតួ។ អ្នកដែលហាត់ជាប់ចំណាត់ថ្នាក់ល្អជាង ប្រធានអង្គភាពសិល្បៈបញ្ជូនឱ្យទៅសម្ដែងនៅតំបន់។ ប្រធានសិល្បៈតំបន់កាលនោះឈ្មោះ ម៉ាន សុំ ដែលត្រូវជាកូនរបស់ឈ្មោះ ម៉ាន មានតួនាទីជាលេខាតំបន់។

នៅរវាងពីឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧៥ខ្ញុំមិនសូវធ្វើការងារធ្ងន់ធ្ងរឡើយប៉ុន្តែការហូបចុកមានការខ្វះខាតខ្លះ។ទោះយ៉ាងណាដើម្បីខិតខំកែប្រែខ្លួនខ្ញុំឲ្យក្លាយទៅជាកសិករគំរូ និងមានវណ្ណៈស្អាតស្អំ អង្គការតម្រូវឲ្យខ្ញុំនិងប្រជាជនហូបបបររាវៗលាយជាមួយបន្លែ គល់ចេក និងគល់ល្ហុង។

នៅថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥ប្រជាជននៅក្នុងឃុំព្រះរំកិលរៀបចំកម្មវិធីអបអរសារទរជ័យជម្នះរបស់កងទ័ពបដិវត្តន៍ខ្មែរក្រហមនៅក្នុងវត្តដំរីស។ ក្រុមសិល្បៈរបស់ខ្ញុំបានទៅសម្ដែង រាំ និងច្រៀងចម្រៀងបដិវត្តន៍ឲ្យកម្មាភិបាលខ្មែរក្រហម រាំកម្សាន្តយ៉ាងសប្បាយរីករាយ។ ក្រោយមកអង្គការបានបញ្ជូនខ្ញុំឱ្យទៅសម្ដែងសិល្បៈនៅតំបន់ ប៉ុន្តែត្រូវបានម្ដាយរបស់ខ្ញុំឃាត់ខ្ញុំឲ្យនៅសម្តែងក្នុងភូមិដដែល។ ក្រៅពីការងារសិល្បៈ ខ្ញុំត្រូវចេញទៅជីប្រឡាយ លើកទំនប់ និងធ្វើស្រែ នៅក្នុងកងចល័តឃុំព្រះរំកិល។ នៅអំឡុងឆ្នាំ១៩៧៥ ដដែល ក្រុមគ្រួសាររបស់អ៊ំខ្ញុំដែលមានសមាជិកចំនួន១២នាក់ ត្រូវបានអង្គការបញ្ជូនឱ្យទៅរស់នៅភូមិអូររំដួល (ឃុំតស៊ូ) ស្រុកជ័យសែន ខេត្តព្រះវិហារ ហើយក្រោយមកពួកគាត់បានស្លាប់នៅទីនោះទាំងអស់។ នៅក្នុងរបបខ្មែរក្រហម ភូមិកណ្ដាល ឃុំព្រះរំកិល ដែលខ្ញុំរស់នៅ គឺស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ មិនមែនស្ថិតនៅក្នុងខេត្តស្ទឹងត្រែងដូចសព្វថ្ងៃនេះទេ។

នៅដើមឆ្នាំ១៩៧៧ អង្គការបានចោទប្រកាន់គ្រួសាររបស់ខ្ញុំថា ខ្មាំងយកការណ៍ឱ្យយួន និងអាមេរិកាំង។ បន្ទាប់មក អង្គការបានជម្លៀសគ្រួសារបស់ខ្ញុំ រួមទាំងប្រជាជននៅក្នុងភូមិកណ្តាលប្រមាណ៣៦គ្រួសារទៀតឲ្យទៅភូមិអូររំដួល (ឃុំតស៊ូ) ស្រុកជ័យសែនខេត្តព្រះវិហារដែរ។

រយៈពេលបីខែដំបូងអង្គការបានប្រើខ្ញុំឱ្យច្រៀងចម្រៀងសម្រាប់ក្រុមល្ខោនសម្តែងឱ្យប្រជាជនទស្សនា ដើម្បីលើកទឹកចិត្តប្រជាជនឲ្យខិតខំធ្វើការងារ។ បទដែលខ្ញុំច្រៀង មានដូចជា ពលីកម្មម៉ែៗ, យោធាប្រយុទ្ធនៅសមរភូមិ និង ចក្រពត្តិធ្វើបាបប្រជាជន ជាដើម។ នៅទីនោះ ខ្ញុំក៏មានភារកិច្ចច្រៀងចម្រៀងរួចថតដាក់កាសែតដែរ ហើយពេលខ្ញុំថតចប់មួយបទ គឺតម្រូវឲ្យកម្មាភិបាលខ្មែរក្រហមយកទៅចាក់ផ្សាយតាមមេក្រូចំនួន៤ទៅ៥ថ្ងៃ ទើបខ្ញុំច្រៀងមួយបទផ្សេងទៀតដើម្បីចាក់ផ្សាយបន្ត។ ក្រៅពីច្រៀង ខ្ញុំខិតខំធ្វើការយ៉ាងខ្លាំងរហូតដល់ឈឺគ្រុនចាញ់។

ប្រធានអង្គភាពបានបញ្ជូនខ្ញុំទៅព្យាបាលនៅមន្ទីរពេទ្យរយៈពេលកន្លះខែទើបខ្ញុំបានធូរស្បើយ ហើយត្រឡប់មកធ្វើការងារបន្តទៀត។
នៅចុងឆ្នាំ១៩៧៧ មិត្តនារី ធា គឺជាប្រធានអង្គភាពរបស់ខ្ញុំបានប្រើខ្ញុំឲ្យឡើងបេះផ្លែពង្រទុំ ប៉ុន្តែដោយសារខ្ញុំមិនហ៊ានឡើងដើមឈើ ទើបមិត្តនារី ធា ចង់យកខ្ញុំទៅរៀនសូត្រ។ សំណាងល្អមិត្ត ចន គឺជាប្រជាជនមកពីភូមិជាមួយខ្ញុំជួយនិយាយសម្រួលមិត្តនារី ធា។ ចន បាននិយាយប្រាប់មិត្តនារី ធា កុំប្រកាន់ខឹងជាមួយខ្ញុំ ព្រោះខ្ញុំគឺជាមនុស្សប្រុស ប៉ុន្តែចរិតមាយាទដូចមនុស្សស្រី ទើបខ្ញុំមិនចេះឡើងដើមឈើ។

ក្រោយមក ខ្ញុំធ្លាក់ខ្លួនឈឺម្ដងទៀត ស្រាប់តែពេលនោះអង្គការចោទខ្ញុំថាកុហក និងបម្រុងយកខ្ញុំទៅរៀនសូត្រ។ សំណាងល្អឪពុករបស់ខ្ញុំចេះផ្សំថ្នាំខ្មែរឲ្យខ្ញុំផឹករហូតបានជាសះស្បើយ។

នៅឆ្នាំ១៩៧៨ ប្រធានសហករណ៍ឈ្មោះ ប៊ុន ធឿន ដែលទើបឡើងកាន់ដំណែងថ្មី បានបញ្ជូនខ្ញុំឲ្យទៅរៀនផ្នែកកសិកម្ម ព្រោះគាត់ចូលចិត្តខ្ញុំនិងចង់ឲ្យខ្ញុំមានតួនាទីជាកម្មាភិបាលខ្មែរក្រហមនៅក្នុងភូមិអូររំដូលដែរ។ នៅពេលនោះមានកម្មាភិបាលខ្មែរក្រហមម្នាក់ជិះម៉ូតូម៉ូប៊ីឡែតមកដឹកខ្ញុំទៅរៀនកសិកម្ម ស្ថិតនៅទីរួមស្រុករវៀង ខេត្តព្រះវិហារ។ គ្រូកសិកម្មខ្មែរក្រហមបានប្រាប់ខ្ញុំថា ប្រសិនបើប្រជាជនស្ទូងសំណាបធ្វើឲ្យអណ្ដែតឡើង ឬធ្វើឲ្យខូចខាតសម្ភារធ្វើស្រែ ប្រជាជនទាំងនោះគឺជាខ្មាំងទាំងអស់។ បន្ទាប់មក អង្គការបញ្ជូនខ្ញុំឱ្យទៅរៀនជិះសេះប្រមាណ១០ថ្ងៃបន្ថែមទៀត ដើម្បីឲ្យខ្ញុំជិះសេះដើរបង្រៀនកសិកម្មដល់ប្រជាជននៅតាមភូមិ។ នៅពេលបញ្ចប់ការសិក្សា ខ្ញុំមកបង្រៀនកសិកម្មដល់ប្រជាជននៅតាមក្រុមស្ថិតនៅក្នុងភូមិអូររំដួល ឃុំតស៊ូ។

នៅចុងឆ្នាំ១៩៧៨ អង្គការបម្រុងបញ្ជូនខ្ញុំឲ្យចូលធ្វើជាទាហាន និងឡើងទៅវាយជាមួយកងទ័ពវៀតណាម ប៉ុន្តែខ្ញុំបានបដិសេធ និងបានស្នើសុំប្រធានសហករណ៍ឈ្មោះប៊ុនធឿនធ្វើការនៅក្នុងភូមិ។ពេលនោះប្រធានសហករណ៍បានអនុញ្ញាតឱ្យខ្ញុំនៅបង្រៀនកសិកម្មដល់ប្រជាជននៅក្នុងភូមិអូររំដួលដដែល។ បន្ទាប់ពីកងទ័ពវៀតណាមចូលមកនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ខ្ញុំនិងប្រជាជនមួយចំនួនដែលអង្គការជម្លៀសឱ្យមកនៅក្នុងភូមិអូររំដួល សម្រេចចិត្តវិលត្រឡប់មករស់នៅស្រុកកំណើតនៅភូមិកណ្តាល ឃុំព្រះរំកិលវិញ។ សព្វថ្ងៃខ្ញុំរស់នៅជាមួយប្រពន្ធឈ្មោះ ឡុង ហ៊ួយ មានស្រុកកំណើតនៅខេត្តកំពង់ធំ និងមានកូនចំនួន៦នាក់។ យើងប្រកបរបរធ្វើស្រែ ចិញ្ចឹម មាន់ ទា ជូ្រក គោ ដើម្បីលក់ផ្គត់ផ្គងជីវភាពគ្រួសារ៕សរន

១) សៃ កឿន អាយុ៦៣ឆ្នាំ ផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវក្នុងរបបខ្មែរក្រហមដល់ ភា រស្មី បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រែវែង អំឡុងពេលមកចូលគម្រោងសុខភាពរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលរៀបចំធ្វើនៅវត្តដំរីស ស្ថិតនៅក្នុងភូមិកណ្ដាល ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
២) សៃ កឿន និងប្រជាជនក្នុងភូមិចូលរួមគម្រោងសុខភាពរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលរៀបចំធ្វើនៅវត្តដំរីស ស្ថិតនៅក្នុងភូមិកណ្ដាល ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)