ដោយៈ ដេប៉ូ/ភ្នំពេញ៖ ក្នុងការដំណើរការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបររយៈពេលពីរថ្ងៃ កន្លងមកពោលគឺចាប់ពីថ្ងៃទី០៥-០៦ ខែ ធ្នូ ឆ្នាំ ២០២២ ក្រសួងអប់រំបានឱ្យដឹងថាមានបេក្ខជនដែលមានបញ្ហាសុខភាពសរុបចំនួន ៧០នាក់ ដោយក្នុងចំណោមនេះមួយចំនួនអាចបន្តប្រឡងបាន និងខណៈមួយចំនួនតូចទៀតដែលមានអាការធ្ងន់ធ្ងរត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ក្រោយបញ្ជប់ការប្រឡងនាល្ងាចថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០២២នេះក្រសួងអប់រំបានធ្វើការសរុបបេក្ខជនដែលមានបញ្ហាសុខភាពសរុបចំនួន ៧០នាក់ ក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍កម្រិតស្រាល០៤ករណី, និងសង្ស័យវិជ្ជមានជំងឺកូរីដ-១៩ មាន ០៤ ករណី។
បេក្ខជនដែលមិនអាចបន្តដំណើរការសំណេរដោយសារបញ្ហាសុខភាពមានចំនួនបីករណី គណៈមេប្រយោគមានបញ្ហា សុខភាពមានចំនួន១៤នាក់ ក្នុងនោះ០១នាក់មានស្ថានភាពធ្ងន់ធ្ងរត្រូវបញ្ចូនទៅមន្ទីរពេទ្យ។
គួរបញ្ជាក់ថាសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨ ១៣៤នាក់( ស្រី ៦៨ ៧៧១នាក់) មណ្ឌលប្រឡងសរុប ២២១មណ្ឌល ត្រូវជា ៥ ១៧៤បន្ទប់។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕សរន/R