​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កាលពី​ថ្ងៃ​អង្គារ​ទី​៦​ធ្នូ អនុ​ប្រធានាធិបតី​អា​ហ្សង់​ទីន​លោកស្រី គ្រីស្ទី​ណា ហ្វើ​ណង់​ដេ​ស (Cristina Fernández)​ត្រូវបាន​ផ្តន្ទាទោស​និង​កាត់ទោស​ឱ្យ​ជាប់​​ពន្ធនាគារ​រយៈពេល​ប្រាំ​មួយឆ្នាំ និង​ហាមប្រាម​ពេញ​មួយ​ជីវិត​ពី​ការ​កាន់តំណែង​សាធារណៈ​សម្រាប់​គម្រោងកា​រ​ក្លែងបន្លំ ដែល​បាន​កិបកេង​ប្រាក់​ចំនួន ១​ពាន់​លាន​ដុល្លារ​តាមរយៈ​គម្រោង​ការងារ​សា​​ធា​រណៈ​ក្នុងអំឡុងពេល​លោកស្រី​កាន់តំណែង​ជា​ប្រធានាធិបតី​។​

​ក្រុម​ចៅ​ដែល​មាន​គ្នា​បី​នាក់​បាន​រកឃើញថា មេដឹកនាំ​បក្ស​ពែ​រ៉ូនី​ស​(Peronist) រូប​នេះ​មាន​ទោស​ពី​បទ​ក្លែងបន្លំ ប៉ុន្តែ​បាន​ច្រាន​ចោល​ការចោទប្រកាន់​ពី​បទ​បើក​អង្គការ​ឧក្រិដ្ឋកម្ម​មួយ​ដែល​អាច​​មាន​ស្ថាន​ទម្ងន់ទោស​ជាប់គុក ១២ ឆ្នាំ​។

​វា​ជា​លើកទីមួយ​ហើយ​ដែល​អនុ​ប្រធានាធិបតី​អា​ហ្សង់​ទីន​ត្រូវបានកាត់ទោស​ពីប​ទ​ឧក្រិដ្ឋ​ក្នុងអំឡុងពេល​កាន់តំណែង​។​

​លោកស្រី​ហ្វើ​ណង់​ដេ​ស​បាន​រិះគន់​សាលក្រម​នេះ ដោយ​ពណ៌នា​ខ្លួន​លោកស្រី​ថា​ជា​ជនរងគ្រោះ​នៃ “​ម៉ាហ្វីយ៉ា​តុលាការ​”​។​ប៉ុន្តែ​ក្រោយមក​លោក​ស្រី​ក៏​បាន​ប្រកាស​ថា​លោកស្រី​នឹង​មិន​ឈរឈ្មោះ​នៅ​ឆ្នាំក្រោយ​​សម្រាប់​តំណែង​ប្រធានាធិបតី ដែល​ជា​មុខតំណែង​លោកស្រី​ធ្លាប់​បាន​កាន់​ពី​មុន​ក្នុង​ឆ្នាំ ២០០៧-២០១៥​។​

​ការកាត់ទោស​នេះ​មិនទាន់​រឹង​មាំ​ទេ​រហូត​ទាល់តែ​បណ្តឹងឧទ្ធរណ៍​ត្រូវ​បាន​សម្រេច ដែល​ជា​ដំណើរការ​មួយ​អាច​ចំណាយ​ពេល​រាប់​ឆ្នាំ​។ ក្នុងខណៈ​ពេល​នេះ លោកស្រី​នៅតែ​មាន​អភ័យឯកសិទ្ធិ​ពី​ការចាប់ខ្លួន​។​

​អ្នកគាំទ្រ​របស់​លោកស្រី​ហ្វើ​ណង់​ដេ​សបាន​ប្តេជ្ញា​នឹង​ធ្វើឱ្យ​ប្រទេស​ជាប់​គាំង​ជាមួយនឹង​កូដកម្ម​ទូទាំង​ប្រទេស​។ ពួកគេ​បាន​បិទ​ទីក្រុង​ប៊ុយ​ណូ​សែរ ហើយ​បាន​ដើរ​ក្បួន​សំដៅ​ទៅ​អគារ​តុលាការ​សហព័ន្ធ​ដោយ​​វាយ​ស្គរ​និង​ស្រែក ខណៈ​ពួកគេ​រុលទៅមុខ​ប្រឆាំង​នឹង​របាំង​ប៉ូលិស​។​

​លោកស្រី​ហ្វើ​ណង់​ដេ​ស​បាន​បដិសេធ​រាល់​ការចោទប្រកាន់​ទាំងអស់​។ ជា​មេដឹកនាំ​លេចធ្លោ​របស់​អា​ហ្សង់​ទីន​ក្នុង​សតវត្សរ៍​នេះ លោកស្រី​ត្រូវបាន​ចោទប្រកាន់ថា​បាន​ផ្តល់​កិច្ចសន្យា​ការងារ​សាធារណៈ​ដោយ​មិន​ត្រឹមត្រូវ​ដល់​មហាសេដ្ឋី​សំណង់​ម្នាក់​ដែល​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គ្រួសារ​របស់​លោកស្រី​។​

​សាលក្រម​នេះ​ប្រាកដ​ណាស់​នឹង​ធ្វើឱ្យ​មាន​ការ​ប្រេះឆា​កាន់តែ​ជ្រៅ​ក្នុងប្រទេស​អាម៉េរិក​ខាងត្បូង​មួយ​នេះ ជា​កន្លែង​ដែល​នយោបាយ​អាច​ក្លាយ​ជា​ទីលាន​បង្ហូរឈាម ហើយ​មេដឹកនាំ​ប្រជា​និយម​វ័យ ៦៩ ឆ្នាំ​រូប​នេះ​ត្រូវបាន​គេ​ស្រឡាញ់​ផង​និង​ស្អប់​ផង​។​

​ប្រធានាធិបតី​លោក អាល់​បឺតូ ហ្វើ​ណង់​ដេ​ស (Alberto Fernández) ដែល​មិន​ជាប់ទាក់ទង​នឹង​អនុ​ប្រធានាធិបតី​របស់គាត់ បាន​និយាយ​នៅលើ Twitter ថា លោកស្រី​គ្មាន​កំហុស​ទេ ហើយ​ការផ្តន្ទាទោស​លោកស្រី​គឺជា “​លទ្ធផល​នៃ​ការកាត់ក្តី​មួយ ដែល​ក្នុងនោះ​ទម្រង់​អប្បបរមា​នៃ​ដំណើរការ​ត្រឹមត្រូវ​មិន​ត្រូវបាន​យកចិត្តទុកដាក់​”៕

​អនុ​ប្រធានាធិបតី​អា​ហ្សង់​ទីន​លោកស្រី គ្រីស្ទី​ណា ហ្វើ​ណង់​ដេ​ស