​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សហរដ្ឋ​អាម៉េរិក​និង​អូស្ត្រាលី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៦​ធ្នូ​ថា ពួកគេ​នឹង​ស្វាគមន៍​ទាហាន​ជប៉ុន​ចូលទៅ​ក្នុង​ការប្តូរ​វេន​ត្រីភាគី​ដោយ​ប្តេជ្ញា​ឱ្យមាន​​រណសិរ្ស​រួបរួម​មួយ​ដើម្បី​ប្រឈមមុខ​នឹង​ភាពជឿនលឿន​ខាង​យោធា​យ៉ាង​ឆាប់រហ័ស​របស់​ចិន​។​

​រដ្ឋមន្ត្រី​ការពារជាតិ​និង​រដ្ឋមន្ត្រី​ការបរទេស​របស់​អូស្ត្រាលី​បាន​និយាយថា​ពួកគេ​បាន​យល់ព្រម​បង្កើនល្បឿន​នៃ​អន្តរ​កម្ម​យោធា​ជាមួយ​សហរដ្ឋ​អាម៉េរិក​ក្នុងអំឡុង​ការពិភាក្សា​ជាមួយ​សម​ភាគី​​របស់​ពួកគេ​នៅ​ទីក្រុង​វ៉ាស៊ីនតោន ដែល​បន្ទាប់ពី​នោះ​ពួកគេ​នឹង​ហោះហើរ​ទៅ​កាន់​ទីក្រុង​តូ​ក្យូ​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អូស្ត្រាលី​លោក រី​ឆាត ម៉ា​ឡេស (Richard Marles) បាន​ប្រាប់​នៅ​សន្និសីទកាសែត​ថា​”​វា​ពិត​ជា​សំខាន់​ណាស់​ដែល​យើង​កំពុង​ធ្វើ​កិច្ចការ​នេះ​ចេញ​ពី​ទស្សនៈ​នៃ​ការផ្តល់​​តុល្យភាព​នៅ​ក្នុង​តំបន់​របស់​យើង និង​ការចូលរួម​ពី​ប្រទេស​ដទៃ​ទៀត​នៅក្នុង​តំបន់​របស់​យើង ហើយ​យើង​ទន្ទឹង​រង់ចាំ​ដើម្បី​អាច​ឱ្យមាន​ការចូលរួម​កាន់តែ​ច្រើន​ជាមួយ​ជប៉ុន​”​។

​លោក​ម៉ា​ឡេស​បាន​និយាយ​នៅក្នុង​កិច្ចពិភាក្សា​បែប​នេះ​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋាភិបាល​បក្ស​ការងា​ររបស់​អូស្ត្រាលី​ចូលកាន់​តំណែង​កាលពី​ប្រាំមួយ​ខែ​មុន​ថា​”​យើង​អាច​ទៅ​ប្រទេស​ជប៉ុន​នៅ​​ចុង​សប្តាហ៍​នេះ​ជាមួយនឹង​ការអញ្ជើញ​ជប៉ុន​ឱ្យ​ចូលរួម​ក្នុង​សមយុទ្ធ​បន្ថែម​ទៀត​ជាមួយ​អូស្ត្រាលី​និង​សហរដ្ឋ​អាម៉េរិក​”​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក លោក ឡយ អូ​ស្ទីន បាន​និយាយថា សម្ពន្ធមិត្ត​នឹង​ស្វែងរក​ការចូលរួម​របស់​ជប៉ុន​ក្នុង​ប្រតិបត្តិការ​រួមគ្នា​នៅក្នុង​ប្រទេស​អូស្ត្រាលី​កន្លែង​ដែល​សហរដ្ឋ​អាម៉េរិក​បាន​ប្តូរ​វេន​​កង​ម៉ា​រី​ន​តាំងពី​ឆ្នាំ ២០១១ តាមរយៈ​ទីក្រុង​ដា​វីន (Darwin)​ដែល​ជា​ទីក្រុង​យុទ្ធសាស្ត្រ​ភាគ​ខាងជើង​ដែល​រង​ការវាយប្រហារ​ពី​ជប៉ុន​ក្នុង​សង្គ្រាមលោកលើកទីពីរ​។​

​លោក​អូ​ស្ទីន​បាន​និយាយថា សហរដ្ឋ​អាម៉េរិក​និង​អូស្ត្រាលី​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការបង្កើន​ការប្តូរ​វេន​នៃ​កងកម្លាំង​យន្តហោះ​ទម្លាក់​គ្រាប់បែក យន្តហោះ​ចម្បាំង និង​កងទ័ពជើងគោក​និង​កង​​ទ័ពជើងទឹក​អាម៉េរិក​។​

​លោក​អូ​ស្ទីន​បាន​និយាយថា “​យើង​បាន​យល់ព្រម​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ​ត្រីភាគី​និង​អញ្ជើញ​ជប៉ុន​ឱ្យ​ធ្វើ​សមាហរណកម្ម​ទៅក្នុង​គំនិត​ផ្តួចផ្តើម​នៃ​កងកម្លាំង​​របស់​យើង​នៅក្នុង​ប្រទេស​អូស្ត្រាលី​”​។​

​ជប៉ុន ដែល​ជា​សម្ពន្ធមិត្ត​ជាប់​សន្ធិសញ្ញា​របស់​សហ​រដ្ឋ​អាម៉េរិក ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​បាន​ស្វែងរក​កិច្ចសហប្រតិបត្តិកា​រកា​រទូ​ត​កាន់តែ​ច្រើន​ឡើង​ជាមួយ​អូស្ត្រាលី​ប៉ុន្តែ​ទំនាក់ទំនង​ផ្នែក​ការពារជាតិ​​មាន​ភាព​រសើប ដោយសារ​តែ​ច្បាប់​សន្តិភាព​និយម​ផ្លូវការ​របស់​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ ចាប់តាំងពី​បរាជ័យ​ក្នុង​សង្គ្រាមលោកលើកទី​២​។​

​ប៉ុន្តែ​ជប៉ុន​បាន​ចូលរួម​ក្នុង​សមយុទ្ធ​នានា រួម​ទាំង​សមយុទ្ធ​ត្រីភាគី​ក្នុង​ខែ​ឧសភា​នៅ​ឆ្នេរសមុទ្រ​ភាគ​ឦសាន​របស់​អូស្ត្រាលី​ដែល​រួមមាន​ទាំង​ការបាញ់​គ្រាប់​ពិត​និង​ការរួម​បញ្ចូល​រថក្រោះរ​បស់​កងទ័ព​​ថ្មើរជើង​៕

​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​អូស្ត្រាលី លោក រី​ឆាត ម៉ា​ឡេស (​ឆ្វេង​) រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី លោក ផេននី វង់ (Penny Wong) រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក អាន​ថូ​នី ប្លីង​កិន និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាម៉េរិក លោក ឡយ អូ​ស្ទីន ធ្វើ​សន្និសីទកាសែត​នៅ​ទីក្រុង​វ៉ាស៊ីនតោន