ដោយៈបញ្ញាសាស្រ្ត/ភ្នំពេញសិក្ខាសាលាជាន់ខ្ពស់ SEACEN-IMF-STI និងសន្និសីទថ្នាក់ទេសាភិបាលស៊ាសិនលើកទី ៥៨ ត្រូវបានរៀបចំឡើងកាលពីព្រឹកថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តសៀមរាប។លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញដឹកនាំព្រឹត្តិការណ៍នេះ ក្នុងនាមជាប្រធានប្តូរវេននៃមជ្ឈមណ្ឌលស្រាវជ្រាវនិងបណ្តុះបណ្តាលធនាគារកណ្តាលអាស៊ីអាគ្នេយ៍ (ស៊ាសិន) សម្រាប់ឆ្នាំ ២០២៣ ។

ប្រភពធនាគារជាតិនៃកម្ពុជាបញ្ជាក់ថា សន្និសីទនិង សិក្ខាសាលា ជាន់ខ្ពស់នេះ ត្រូវបានរៀបចំដោយមានការ ចូលរួមផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីទេសាភិបាលធនាគារ កណ្តាល និងនាយកគ្រប់គ្រងអាជ្ញាធររូបិយវត្ថុ ដែលជា សមាជិកស៊ាសិនចំនួន ១៩ ប្រទេសនៅក្នុងតំបន់ ព្រមទាំងមានការចូលរួមជាកិត្តិយសពី លោកស្រី Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប (ECB) លោក សាស្រ្តាចារ្យ Larry Summers នៃសាកលវិទ្យាល័យ Harvard លោក Luiz Pereira da Silva អគ្គនាយករង នៃធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS) លោក Ravi Menon នាយកគ្រប់គ្រងនៃអាជ្ញាធររូបិយវត្ថុ សិង្ហបុរី លោក Sanjaya Panth អនុប្រធាននាយកដ្ឋានអាស៊ីនិងប៉ាស៊ីហ្វិក នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងលោក Fabio Natalucci អនុប្រធាននាយកដ្ឋានរូបិយវត្ថុនិងទីផ្សារ មូលធននៃ IMF។

ក្នុងសិក្ខាសាលានិងសន្និសីទនេះ ទេសាភិបាល និងនាយក គ្រប់គ្រង ព្រមទាំងគណៈប្រតិភូមកពីធនាគារកណ្តាល និងអាជ្ញាធររូបិយវត្ថុដែលជាសមាជិកមជ្ឈមណ្ឌលស៊ាសិន បានទទួលស្គាល់ពីផលប៉ះពាល់យ៉ាងខ្លាំងនៃវិបត្តិជំងឺកូវីដ-១៩ មកលើសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងក្នុងរយៈពេលខ្លីនិងមធ្យម ព្រមជាមួយនឹងបញ្ហាប្រឈមនិងហានិភ័យចម្បងៗមួយចំនួន ផ្សេងទៀត ដូចជា ការបន្តអូសបន្លាយនៃសម្ពាធអតិផរណាខ្ពស់ ការបន្តដំឡើងអត្រាការប្រាក់គោលនៃប្រទេសអភិវឌ្ឍន៍ ការ កើនឡើងនៃបំណុលសាធារណៈនិងឯកជន ភាពតានតឹង ផ្នែក ភូមិសាស្រ្តនយោបាយ ការប្រែប្រួលអាកាសធាតុលឿនជាង ការរំពឹងទុក និងបញ្ហារចនាសម្ព័ន្ធផ្សេងទៀត ដែលអាច បង្អាក់ការងើបឡើងនៃសេដ្ឋកិច្ចពិភពលោកនិងតំបន់។

ក្នុងស្ថានភាពនេះអង្គសន្និសីទបានអះអាងពីការប្តេជ្ញាចិត្តក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់តាមរយៈសហគមន៍ស៊ាសិន ដើម្បីរួមគ្នាស្តារសេដ្ឋកិច្ចឡើងវិញ ឱ្យ បានឆាប់រហ័ស ប្រកបដោយបរិយាបន្ននិងចីរភាព តាមរយៈការដាក់ចេញ គោលនយោបាយសេដ្ឋកិច្ចនានា ប្រកបដោយសង្គតិភាព និងការបន្តគាំទ្រគ្នាទៅវិញទៅមកលើ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន៕សរន / N