ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ប្រធានាធិបតីចិនលោក ស៊ី ជីនភីង បានទៅដល់អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃពុធទី៧ធ្នូ សំរាប់ចូលរួមកិច្ចប្រជុំបីថ្ងៃជាមួយក្រុមមេដឹកនាំតំបន់ ដោយទំនងជាផ្តោតលើបញ្ហាថាមពលនិងគំរោងធំៗ។
វាជាដំណើរចេញក្រៅប្រទេសលើកទីបីសំរាប់លោកស៊ីចាប់តាំងពីពេលពិភពលោកផ្ទុះជំងឺកូវីដ១៩នៅឆ្នាំ២០២០ និងជាលើកដំបូងដែលលោកធ្វើទស្សនកិច្ចអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងលំដាប់កំពូលលើលោក ចាប់តាំងពីឆ្នាំ២០១៦។
ក្នុងដំណើរនេះលោកនឹងជួបស្តេច សាល់ម៉ាន់(Salman)និងរជ្ជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ម៉ូហាម៉េដ ប៊ីន សាល់ម៉ាន់(Mohammed bin Salman)ដែលជាមេដឹកនាំតាមការជាក់ស្តែងរបស់ព្រះរាជាណាចក្រសំបូរប្រេងនេះ ចូលរួមជំនួបកំពូលនៃក្រុមប្រឹក្សាកិច្ចសហការឈូងសមុទ្រ និងជំនួបកំពូលចិន-អារ៉ាប់។
ប្រធានាធិបតីស៊ីបានទៅដល់អារ៉ាប៊ីសាអូឌីតកាលពីថ្ងៃពុធនិងត្រូវបានទទួលស្វាគមន៍ដោយព្រះអង្គម្ចាស់ ម៉ូហាម៉េដ ប៊ីន សាល់ម៉ាន់
បញ្ហាទីផ្សារប្រេងត្រូវរំពឹងថានឹងជារបៀបវារៈកំពូលនៃកិច្ចពិភាក្សារវាងចិនដែលជាប្រទេសប្រើប្រេងធំបំផុតលើកលោក និងអារ៉ាប៊ីសាអូឌីត ក្នុងពេលទីផ្សារប្រេងជួបចលាចលក្រោយរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ។
សូមបញ្ជាក់ថា ក្រុមប្រទេសG7 និងសហភាពអឺរ៉ុបកាលពីសប្តាហ៍មុនបានព្រមព្រៀងគ្នាលើការកំណត់ថ្លៃប្រេងរុស្ស៊ី៦០ដុល្លារក្នុងមួយបារ៉ែល ក្នុងបំណងខ្ទប់ចំណូលរបស់រុស្ស៊ីសំរាប់សង្គ្រាមនៅអ៊ុយក្រែនដែលវាកាន់តែបង្កភាពមិនប្រាកដប្រជានៅក្នុងទីផ្សារប្រេង។
កាលពីថ្ងៃអាទិត្យ អង្គការនៃក្រុមប្រទេសនាំចេញប្រេងហៅថា អូប៉ិចបូក(OPEC+ oil)ដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីបានជ្រើសយកការកាត់បន្ថយទិន្នផលប្រេងមួយថ្ងៃ២លានបារ៉ែល ដូចដែលខ្លួនបានអនុម័តកាលពីខែតុលា ជាចំណាត់ការដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនមិនពេញចិត្តដោយសារអាម៉េរិកចង់អោយOPEC+ oilបង្កើនការផលិតប្រេង។
ពួកមន្ត្រីអារ៉ាប៊ីសាអូឌីតនិងចិន បានផ្តល់ព័ត៌មានត្រួសៗអំពីរបៀបវារៈនៃកិច្ចពិភាក្សា តែលោកអាលី ស៊ីហាប៊ី(Ali Shihabi)អ្នកវិភាគអារ៉ាប៊ីសាអូឌីត ដែលស្និទ្ធនឹងរដ្ឋាភិបាលបាននិយាយថាលោករំពឹងថានឹងមាន«ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន»។
ក្រៅពីថាមពល ពួកអ្នកវិភាគនិយាយថាមេដឹកនាំនៃប្រទេសទាំងពីរក៏ទំនងជានឹងពិភាក្សាអំពីកិច្ចព្រមព្រៀងធំៗ ដែលនឹងអនុញ្ញាតអោយក្រុមហ៊ុនចិនចូលពាក់ព័ន្ធកាន់តែជ្រៅទៅក្នុងគំរោងធំៗដែលសំខាន់សំរាប់ទស្សនៈវិស័យរបស់ព្រះអង្គម្ចាស់ម៉ូហាម៉េដ ប៊ីន សាល់ម៉ាន់ ស្តីពីការធ្វើពិពិធកម្ម(ការធ្វើអោយមានភាពផ្សេងៗគ្នាឬច្រើនបែប)សេដ្ឋកិច្ចអារ៉ាប៊ីសាអូឌីតអោយហួសពីប្រេង។គំរោងធំៗទាំងនោះរួមមាន មហាទីក្រុងតំលៃ៥០០ពាន់លានដុល្លារមួយហៅថាNEOM ជាទីក្រុងដែលពឹងផ្អែកខ្លាំងលើការប្រើបច្ចេកវិទ្យាសំគាល់ផ្ទៃមុខនិងបច្ចេកវិទ្យាតាមដានស៊ើបការណ៍។
ដំណើររបស់ស៊ីត្រូវរំពឹងថានឹងតាមឃ្លាំមើលយ៉ាងដិតដល់ពីរដ្ឋធានីវ៉ាស៊ីនតោន ។
ចិននិងអារ៉ាប៊ីសាអូឌីត ក៏បានធ្វើការជាមួយគ្នាលើការផលិតនិងលក់សព្វាវុធ៕