​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (CGTN) ៖ កីឡាករ ហ្គ​ន​កា​ឡូ រ៉ា​ម៉ូ​ស (Goncalo Ramos) របស់​ព័រ​ទុយ​ហ្គាល់​បាន​បង្ហាញភាព​លេចធ្លោ​ក្នុង​ឈុត​ជម្រើស​១១​នាក់​វើល​ខាប់​ជា​លើក​ដំបូងរប​ស់​គេ ដោយ​រកបាន Hat-Trick (​បី​គ្រាប់​) ក្នុងពេល​បំបាក់​ស្វីស ៦-១ កាលពី​ថ្ងៃ​អង្គារ​ទី​៦​ធ្នូ ដោយ​បញ្ជូន​ក្រុម​របស់​គេ​ឡើង​ទៅ​កាន់​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​ជា​លើក​ដំបូង​ក្នុង​រយៈពេល ១៦ ឆ្នាំ និង​ត្រូវ​ប៉ះ​​ជាមួយ​ម៉ារ៉ុក​។​

​គ្រូបង្វឹក​ព័រ​ទុយ​ហ្គាល់​លោក ហ្វើ​ណង់​ដូ សាន់​តូ​ស (Fernando Santos) បានដាក់​គ្រីស្ទា​ណូ រ៉ូ​ណាល់​ដូ ដែលជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​បំផុត​របស់​ប្រទេស ឱ្យ​អង្គុយ​កៅអី​បម្រុង​ដោយ​ប្រគល់​​ភារកិច្ច​ដឹកនាំ​ជួរមុខ​ឱ្យទៅ​ខ្សែប្រយុទ្ធ​រ៉ា​ម៉ូ​ស​របស់ Benfica បើទោះបីជា​កីឡាក​រវ័យ ២១ ឆ្នាំ​រូប​នេះ​ទើបតែ​បង្ហាញខ្លួន​ឱ្យ​ជម្រើសជាតិ​ជា​លើកដំបូង​ត្រឹម​តែ​បី​ថ្ងៃមុន​ការប្រកួត​វើល​ខាប់​នៅក្នុងការ​​ប្រកួត​មិត្តភាព​។​

​រ៉ា​ម៉ូ​ស​លេង​បានត្រឹមតែ ១០ នាទី​ប៉ុណ្ណោះ​ក្នុងនាម​ជា​កីឡាករ​បម្រុង​នៅក្នុង​ប្រទេស​កាតា ប៉ុន្តែ​កីឡាករ​វ័យក្មេង​រូប​នេះ​មើលទៅ​ហាក់ដូចជា​គាត់​បាន​ស្ថិត​នៅលើ​ឆាក​ប្រកួត​ធំៗ​ជា​យូរ​មក​ហើយ​ជាមួយ​​នឹង​ការលេង​ដ៏​អស្ចារ្យ​មិនអាច​បំភ្លេច​បាន​សម្រាប់​ព័រ​ទុយ​ហ្គាល់​។ រ៉ូ​ណាល់ដូ​បាន​ចូល​លេង​ចុងម៉ោង ហើយ​ស៊ុត​ចូល​១​គ្រាប់​ប៉ុន្តែ​ជា​បាល់​អក​ហ្សឺ​។​

​បន្ទាប់​ពី​រកបាន Hat-trick ជា​លើកដំបូង​ក្នុង​ការប្រកួត រ៉ា​ម៉ូ​ស​បាន​និយាយថា “​គ្រីស្ទា​ណូ រ៉ូ​ណាល់​ដូ បាន​និយាយ​ជាមួយ​ខ្ញុំ​និង​អ្នក​ទាំងអស់​គ្នា​នៅក្នុង​ក្រុម​។ គាត់​គឺជា​អ្នក​ដឹកនាំ​របស់​យើង​ហើយ​​តែងតែ​ព្យាយាម​ជួយ​”​។​

“​ខ្ញុំ​មិនដឹងថា​តើ​ខ្ញុំ​នឹង​បាន​ចាប់ផ្តើម​ការប្រកួត​បន្ទាប់​ឬ​អត់​ទេ នោះ​អាស្រ័យ​លើ​គ្រូបង្វឹក ខ្ញុំ​ត្រូវតែ​ប្រឹងប្រែង​ឱ្យ​អស់​ពី​សមត្ថភាព​ហើយ​បន្ទាប់មក​យើង​ចាំ​មើល​ទាំងអស់​គ្នា​”​។​

​ទន្ទឹម​នោះ​ដែរ ម៉ារ៉ុក​បានទម្លាក់​អេ​ស្ប៉ា​ញ​ដោយ​បាល់​កាត់សេចក្តី​១១​ម៉ែត្រ បន្ទាប់​ពី​សូន្យ​ស្មើ ៩០ នាទី​និង​ការបន្ថែម​ម៉ោង​១៥​នាទី​ពីរដង​។​

​កីឡាករ អាក្រាហ្វ ហា​គីមី (Achraf Hakimi) បាន​ស៊ុត​ប៉េ​ណាល់​ទីគ្រាប់​ជ័យជម្នះ​ដើម្បី​បញ្ជូន​ក្រុមអេ​ស្ប៉ាញ​ត្រឡប់ទៅផ្ទះ​វិញ ហើយ​ម៉ារ៉ុក​ត្រូវ​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍វើ​លខាប់​ជា​លើកដំបូង ដោយ​បាន​ឈ្នះ ៣-០ ក្នុងការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី​កាលពី​ថ្ងៃ​អង្គារ បន្ទាប់​ពី​ស្មើ ០-០៕

​ហ្គ​ន​កា​ឡូ រ៉ា​ម៉ូ​ស ស៊ុត​បី​គ្រាប់​តែ​ឯង​ឱ្យ​ព័រ​ទុយ​ហ្គាល់​ក្នុង​ជ័យជម្នះ ៦-១ លើ​ស្វីស

​ហា​គីមី​ស៊ុត​ប៉េ​ណាល់​ទីគ្រាប់​ជ័យជម្នះ​ដើម្បី​បញ្ជូន​ក្រុមអេ​ស្ប៉ាញ​ត្រឡប់ទៅផ្ទះ​វិញ