ដោយ:បូកគោ/កំពតៈ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តកំពតបានបញ្ជូនមនុស្សប្រុសស្រី១០នាក់ ដែលមានអាយុចន្លោះពី១៥ឆ្នាំដល់១៨ឆ្នាំទៅសាលាដំបូងបន្ទាប់ពីកសាងសំណុំរឿងរួចរាល់ពាក់ព័ន្ធបទសង្ស័យឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវ។
មន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តកំពតបានបានរំលឹកថា កាលពីម៉ោង៩:២០នាទីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ មានករណីក្រុមយុវជន១០នាក់ (ស្រីម្នាក់) ជិះម៉ូតូបួនគ្រឿងមកពីភ្នំពេញបានឆក់ទូរសព្ទដៃម៉ាក Iphone 7 Plus ពីនារីម្នាក់នៅលើកំណាត់ផ្លូវជាតិលេខ៣ត្រង់ចំណុចមុខស្ថានីយប្រេងឥន្ធនៈតេលាក្នុងភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ។ ក្រោយធ្វើសកម្មភាព ពួកគេបានបន្តដំណើរមកក្រុងកំពត និងឡើងទៅភ្នំបូកគោ។ ជាមួយហេតុការណ៍នេះ កម្លាំងនៃអធិការដ្ឋានស្រុកទឹកឈូ ក្រុងកំពត និងក្រុងបូកគោបានសហការតាមដាន ព្រមទាំងកំណត់មុខសញ្ញាតាមរយៈការរៀបរាប់របស់ជនរងគ្រោះ។ លុះវេលាម៉ោងប្រហែលម៉ោង៣រសៀល ពេលចុះពីភ្នំបូកគោបម្រុងទៅខេត្តព្រះសីហនុ ម៉ូតូរបស់ពួកគេពីរគ្រឿងអស់សាំង ទើបពីរនាក់ក្នុងចំណោមនោះបានទៅឆក់យកសាំងពីរដបរបស់អ្នកលក់តាមផ្លូវនាសង្កាត់កោះតូច ក្រុងបូកគោ រួចបើករត់តែត្រូវកម្លាំងសមត្ថកិច្ចនៅសង្កាត់ព្រែកត្នោតឃាត់ខ្លួនបានបួននាក់ជាមួយម៉ូតូពីរគ្រឿង។ ចំណែក៦នាក់ទៀតបានជិះម៉ូតូត្រឡប់ចូលមកក្រុងកំពតវិញទើបកម្លាំងនគរបាលក្រុងកំពតស្ទាក់ចាប់បានក្នុងទឹកដីនៃសង្កាត់អណ្តូងខ្មែរ ក្រុងកំពតតែម្តង៕/R