ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖ ខ្លា​ពពក ស្ថិតក្នុង​ក្រុម​ជិត​ផុត​ពូជ និង​មាន​ចុះ​ក្នុង​បញ្ជី​ឧបសម្ព័ន្ធ​សាយ​តេស​។ ខ្លា​ពពក​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN ថា​ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់​នៅក្នុង​ពិភពលោក​។​

​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បានឱ្យដឹងថា​៖ តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​របស់​អ្នកជំនាញ និង រូបភាព​ទទួល​ពី​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​កន្លងមក​បាន​បង្ហាញថា​សត្វ​ខ្លា​ពពក​ត្រូវបាន​រកឃើញ​មាន​វត្ត​តាម​នៅក្នុង​តំបន់ការពារធម្មជាតិ​របស់​កម្ពុជា​។ មិនទាន់មាន​ស្ថិតិ​ថា​សត្វ​ខ្លា​ពពក​មាន​ចំនួន​ប៉ុន្មាន​នៅ​កម្ពុជា​ឡើយ​។

​ខ្លា​ពពក​ចូលចិត្ត​រស់នៅក្នុង​ព្រៃស្រោង ព្រៃ​ពាក់កណ្តាល​ស្រោង និង​ព្រៃចម្រុះ​។ ខ្លា​ពពក​ជា​សត្វ​រាត្រីចរ ច្រើន​រស់នៅ​ជា​គូ​លើ​ដើមឈើ​។ ជាធម្មតា វា​ចាប់​ចំណី​ដោយ​លោត​ពីលើ​ដើមឈើ​សង្គ្រប់​លើស​ត្វ​នៅ​ដី​ដូចជា​ខ្លារខិន​ដែរ​។ អាហារ​របស់​វា​មាន​បក្សី ពស់ ជ្រូកព្រៃ ឈ្លូស ប្រើស ស្វា​ជាដើម​។ ខ្លា​ពពក​ប្រើ​ក្រ​ញ៉ាំ​ជើង​មុខ​មុត​សម្រាប់​សង្កត់​ចាប់​ចំណី រួច​ទើប​ខាំ​ជា​ក្រោយ​។ ខ្លា​ពពក​អាចបង្កើត​កូន​ម្តង​បាន​ពី ២ ទៅ ៤ ក្បាល បន្ទាប់ពី​ពពោះ​អស់​រយៈពេល​ប្រហែល ៩០ ទៅ​៩៥ ថ្ងៃ​។​

​ចំពោះ​របាយ​រស់នៅ ខ្លា​ពពក​មាន​ភូមិភាគ​ឥសាន និរតី និង​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​។ វា​ត្រូវបាន​រកឃើញ​នៅ​ប្រទេស​ប៊ូ​តាន ចិន ឥណ្ឌា ឥណ្ឌូនេស៊ី (​កោះ​ស៊ូ​ម៉ា​ត្រា​) ឡាវ ម៉ាឡេស៊ី សា​រ៉ា​វ៉ា​ក់ ភូមា នេ​ប៉ាល់ ថៃ និង​ប្រទេស​វៀតណាម​។ ខ្លា​នេះ​បាន​ផុត​ពូជ​នៅ​ប្រទេស​បង់​ក្លា​ដេ​ស សិង្ហ​បុរី និង​តៃវ៉ាន់​។​

​ខ្លា​ពពក មាន​មាឌធំ​ជាង​ខ្លា​ភ្ញី​ថ្មកែវ មាន​សម្បុរ​ពណ៌​ក្រ​ម៉ៅ​ប្រផេះ​នៅលើ​ដងខ្លួន​មាន​ផ្ទាំងៗ​ដូច​ពពក​ធំៗ នៅ​ផ្នែក​ខាងក្រោយ​នៃ​ផ្ទាំង​នេះ​មាន​ពណ៌​ខ្មៅ​ខណ្ឌ​ជា​កំណាត់​ដុំ​ផ្ទាំង​នីមួយៗ​។ ដុំ​ផ្ទាំង​នេះ​រីក​ធំ​នៅ​ផ្នែក​ខាងក្រោយ​ស្មា ដែល​ចាប់ផ្តើម​ពីលើ​ខ្នង​រហូត​ស្ទើរ​ដល់​ក្រោម​ពោះ​។ ច្រមុះ​មាន​ពណ៌​ស និង​នៅលើ​ថ្ងាស​មាន​ស្នាម​អុច​តូចៗ​។ វា​មាន​កន្ទុយ​វែង អុចៗ​នៅ​ផ្នែក​ខាង​គល់ និង​បន្ទះៗ​នៅ​ផ្នែក​ខាងចុង​។ វា​មាន​ជើង​ខ្លី ប្រអប់ជើង​ធំ​ងាយស្រួល​ក្នុងការ​ប្រតោង​មែកឈើ​។ ខ្លា​ពពក​ងាយ​ក្នុងការ​ចំណាំ​ណាស់ គឺ​យើង​គ្រាន់តែ​ក្រឡេកមើល​នៅលើ​ដងខ្លួន​របស់​វា​មាន ផ្ទាំង​ដុំ​សណ្ឋាន​ដូច​ដុំ​ពពក​រាយ​ពាសពេញ​ដងខ្លួន​។

​អន្ទាក់​និង​ការ​បរបាញ់​គឺជា​កត្តា​គំរាមកំហែង​ដល់​សត្វព្រៃ​រួមទាំង​សត្វ​ខ្លា​ពពក​។ កាលពី​ចុងឆ្នាំ​២០២១ កូន​សត្វ​ខ្លា​ពពក​មួយ​ក្បាល​បាន​ជាប់អន្ទាក់​ព្រានព្រៃ​នៅក្នុង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ និង​បាន​ស្លាប់ ក្រោយ​របួស​ធ្ងន់ធ្ងរ​ដោយសារ​អន្ទាក់​។ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​និយម​ដាក់​អន្ទាក់​និង​ហូប​សាច់​សត្វព្រៃ សូម​បញ្ឈប់​និង​ចូលរួម​ការពារ​និង​អភិរក្ស​ឱ្យបាន​គង់វង្ស​សត្វព្រៃ​គ្រប់​ប្រភេទ​៕/R