ដោយៈ មុន្នីរ័ត្ន/ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា ក្នុងបរិបទដែលពិភពលោក និងប្រទេសជាតិកំពុងតែទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីការឆ្លងរាតត្បាតនៃជម្ងឺកូវីដ-១៩ដ៏កាចសាហាវ ដែលបានបង្កឱ្យមានវិបត្តិសុខភាពសាធារណៈក៏ដូចជាវិស័យផ្សេងៗទៀត ពិសេសការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចជាសកល គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែបន្តកើតមានឡើង និងបានបន្ថែមនូវបន្ទុកដល់សង្គមជាតិ។

ការបញ្ជាក់នេះ ធ្វើឡើង ក្នុងពិធីប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ ដែលពិធីនេះប្រារព្ធឡើងនៅសួនមុខវត្តបុទុមវតី ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ហេតុនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រកាសតាំងពីឆ្នាំ ២០២០រហូតដល់បច្ចុប្បន្ន “យកវិធានការរឹតបន្តឹង អនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកជាអាទិភាព” ក្នុងការទប់ស្កាត់ និងកាត់បន្ថយកំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងនោះ បានសម្រេចធ្វើវិសោធនកម្ម អនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ហើយបានបង្កើនប្រសិទ្ធភាព នៃការរឹតបន្តឹងអនុវត្តច្បាប់រហូតមកដល់ពេលនេះអាចកំណត់បានថា ការរឹតបន្តឹងអនុវត្តច្បាប់បានទទួលលទ្ធផលល្អប្រសើរក្នុងការកាត់បន្ថយហេតុការណ៍ គ្រោះថ្នាក់ ចំនួនអ្នកស្លាប់ និងចំនួនអ្នករបួសពីគ្រោះថ្នាក់ដ៏រ៉ាំរ៉ៃនេះ។

សម្ដេចក្រឡាហោម បន្ដថា តាមរយៈនៃការខិតខំបំពេញភារកិច្ចប្រកបដោយស្មារតីតស៊ូទទួលខុសត្រូវរបស់ យន្តការដឹកនាំសុវត្ថិភាពចរាចរណ៍ផ្លូវគោកគ្រប់ថ្នាក់ រួមទាំងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មន្ត្រីសាធារណការ និងដឹកជញ្ជូន មន្រ្តីកងរាជអាវុធហត្ថ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងរយៈពេល០២ឆ្នាំ (ឆ្នាំ២០២០ និងឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០១៩ បានកាត់បន្ថយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានចំនួន ១.៤៧៥លើក កាត់បន្ថយអ្នកស្លាប់ បានចំនួន ៤៩៧នាក់ និងកាត់បន្ថយអ្នករបួសបានចំនួន ២.៥៧៥នាក់។

សម្ដេចក្រឡាហោម បន្ថែមថា ជាមួយគ្នានេះ ស្មារតីនៃការគោរពច្បាប់របស់អ្នកប្រើប្រាស់ផ្លូវកាន់តែមានការប្រែប្រួលជាវិជ្ជមាន ដោយបានកាត់បន្ថយអំពើល្មើសដែលត្រូវពិន័យជាប្រាក់ពីចំនួនមធ្យម ២.០០០ករណី ក្នុងមួយថ្ងៃ នៅឆ្នាំ២០២០ មកនៅត្រឹមជាមធ្យមក្នុងមួយថ្ងៃចំនួន៣០០ករណី នៅឆ្នាំ២០២២ នេះ។

ក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះពលីកម្មសព្វបែបយ៉ាងរបស់មន្ត្រីមាន សមត្ថកិច្ចអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស ដែល បានបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ប្រកបដោយស្មារតីឈ្លាសវៃទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់ក្នុងការរឹតបណ្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ការរក្សា សណ្តាប់ធ្នាប់ចរាចរណ៏ផ្លូវគោក ការផ្សព្វផ្សាយអប់រំច្បាប់ ការកសាងជួសជុលកែលំអ ស្ថានភាពផ្លូវថ្នល់ ការសង្គ្រោះជនរងគ្រោះ និងកិច្ចការសំខាន់ៗ ជាច្រើនទៀត ទទួល បានលទ្ធផលល្អប្រសើរ ពិសេសបានសង្គ្រោះជីវិតប្រជាពលរដ្ឋ ឱ្យរួចផុតពីការបាត់បង់ជីវិត និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕/PC